ព្រឹទ្ធសភាប្រកាសទទួលស្គាល់សមាជិកថ្មីមួយរូប និងបោះឆ្នោតជ្រើសរើសគណៈកម្មការជំនាញមួយរូប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភាបានប្រកាសទទួលស្គាល់សមាជិកថ្មីមួយរូបជំនួសសមាជិកព្រឹទ្ធសភា ដែលទទួលមរណភាព និងបោះឆ្នោតជ្រើសបំពេញសមាជិកគណៈកម្មការជំនាញចំនួនមួយរូបដោយសំឡេងគាំទ្រ៥៤លើក៥៤សំឡេង ។ ការប្រកាស និងបោះឆ្នោតជ្រើសរើសបំពេញនេះបានធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៤ ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចវិបុលភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមសរុប៥៤រូប ។

លោកម៉ម ប៊ុន នាងអ្នកនាំពាក្យ និងជាសមាជិកព្រឹទ្ធសភាបានឲ្យដឹងក្រោយសម័យប្រជុំនាព្រឹកថ្ងៃទី២៤ ខែមេសានេះថា សម័យប្រជុំលើកទី៣នេះ បានដំណើរការដោយមានរបៀបវារៈដូចខាងក្រោម ១- ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ។ ២-ស្តាប់របាយ ការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យ ប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ។ ៣-បោះឆ្នោតជ្រើសរើសបំពេញ លោកស្រី កង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤ ។

លោកបន្តថារបៀបវារៈទី១ -ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៩ និងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ លោកអ៊ឹង លាងហ៊ួ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ នៅមណ្ឌលភូមិភាគទី៧ ជំនួសលោកជុំ វង ដែលបានទទួលមរណភាព ។ សមាជិកថ្មីរូបនេះត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ។ របៀបវារៈទី២- ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភានេះថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មការនានាក្រុមសមាជិកា ក្រុមភូមិភាគ ក្រុមនានា និងសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ ។ អ្នកនាំពាក្យព្រឹទ្ធសភាក៏បានឲ្យដឹងថា ក្នុងរយៈពេលបីខែនេះព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ៧ករណី គណៈកម្មការនានាបានប្រជុំផ្ទៃក្នុងចំនួន ៥៨លើក ចុះបេសកកម្មក្នុងប្រទេសចំនួន៩លើក ចូលរួមសិក្ខាសាលាវេទិកា និងកិច្ចប្រជុំនានាចំនួន១៨៧លើក ទំនាក់ទំនងជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិចំនួន ១៧លើក ចូលរួមពិធីផ្លូវការផ្សេងៗចំនួន ២២៦លើក និងសមាជិកគណៈកម្មការចុះមូលដ្ឋានដោយឡែកចំនួន២៨៩លើក ។

ជាងនេះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគបានរៀបចំវេទិកាសាធារណៈចំនួន៤លើក នៅខេត្តកំពង់ធំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តបាត់ដំបង ចុះស្រាវជ្រាវប្រមូលព័ត៌មានអំពី តម្រូវការចាំបាច់បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យការដ្ឋានជីក ស្តាស្រះទឹក និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ កោះកុង តាកែវ កំពត កែប និងខេត្តបាត់ដំបង ព្រមទាំងចូលរួម ក្នុងពិធីផ្សេងៗចំនួន៣១លើក ។ របៀបវារៈទី៣- បោះឆ្នោតជ្រើសរើសបំពេញ លោកជំទាវកង សៅរ៍ធន ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឹទ្ធសភានីតិកាលទី៤ ។

អ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា លោកស្រី កង សៅរ៍ធន សមាជិកាព្រឹទ្ធសភាត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈ កម្មការផែនការវិនិយោគកសិកម្មធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានដោយទទួលបានសំឡេងគាំទ្រចំនួន៥៤សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕

ចែករំលែកព័តមាននេះ