ផ្សែងហុយទ្រលោមចេញពីក្នុងបន្ទប់ជួល ផ្អើលសមត្ថកិច្ចជួយពន្លត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាអ្នកជួលបន្ទប់ម្នាក់បានផ្សារធ្វើដែកធ្នើរសំរាប់ព្យួរខោអាវ បណ្តាលឱ្យខ្ទាតផ្កាភ្លើងធ្លាក់ទៅលើខ្នើយ និង ភួយ បង្កជាអគ្គិភ័យឆាបឆេះបំផ្លាញអស់ខ្នើយ ភួយ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតក្នុងបន្ទប់ជួលដែលមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជាច្រើននាក់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុចបន្ទប់ជួលជាន់ផ្ទាល់ដីមួយកន្លែង ផ្ទះលេខ១៤ ផ្លូវលេខ ២៤៦ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា បុរសជាអ្នកជួលបន្ទប់ខាងលើមានឈ្មោះ ផៃ មីដា អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានប្រាប់បន្តថា មុនពេលកើតហេតុ បុរសម្នាក់ជាអ្នកជួលបន្ទប់ខាងលើបានយក ឧបករណ៍ផ្សារដែកមួយកំប្លេរ ដោយមានប៉ុសផ្សាចំនួន១ និងក្បាលមាន់សំរាប់ផ្សារចំនួន១ផងដែរ ដើម្បីយកទៅផ្សារដែកធ្វើជាធ្នើរសំរាប់ព្យួរខោអាវនៅក្នុងបន្ទប់ជួលរបស់គាត់ដោយខ្លួនឯង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ខណៈដែលបុរសជាអ្នកជួលបន្ទប់កំពុងតែផ្សាដែកធ្វើជាធ្នើរព្យួរខោអាវនៅក្នុងបន្ទប់ជួលរបស់ខ្លួននោះ ក៏ស្រាប់តែខ្ទាតផ្កាភ្លើងធ្លាក់ទៅលើខ្នើយ និងភួយ ដែលនៅក្បែរនោះ បណ្តាលអោយឆាបឆេះ និងមានផ្សែងហុយទ្រលោមខ្មៅងងឹតចេញមកខាងក្រៅយ៉ាងខ្លាំងផងដែរ ។

ភ្លាមៗនោះក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នករស់នៅជិតខាង និងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ រួមទាំងរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរ បាលបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង ចុះមកជួយធ្វើអន្តារគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលាភ្លាមៗផងដែរ។

ពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ជួលខាងលើនេះដែរ គឺកើតឡើងដោយសារតែបុរសជាអ្នកជួលបន្ទប់បានផ្សាដែកធ្វើធ្នឹមសំរាប់ព្យួរខោអាវដោយខុសបច្ចេកទេស ទើបធ្វើអោយខ្ទាតផ្កាភ្លើងធ្លាក់ទៅលើខ្នើយ និងពូក បង្កឱ្យមានអគ្គិភ័យឆាបឆេះក្នុងបន្ទប់ជួលដែលមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្របែបនេះ។

ក្នុងករណីអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ផ្ទះជួលខាងលើនេះដែរ គឺមិនបានឆេះបំផ្លាញអស់ទ្រព្យសម្បត្តិអ្វីឱ្យធំដុំនោះទេ ដោយបានឆេះបំផ្លាញអស់តែខ្នើយចំនួន១ ភួយ១ និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនប៉ុណ្ណោះ ហើយក៏មិនបង្កអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយមានរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍សរុបមានចំនួន៣គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់តែមួយរថយន្តប៉ុណ្ណោះ ៕














ចែករំលែកព័តមាននេះ