ជាធម្មតាកូនក្នុងផ្ទៃដែលមានទម្រងត្រឹមត្រូវ ជាពិសេសពេលជិតសម្រាល គឺក្បាលរបស់គេនឹងវិលមកខាងក្រោមដោយខ្លួនឯង ។ ប៉ុន្តែនៅពេលក្បាលទារកមិនវិល ឬគេនៅតែរក្សាទម្រង់ជើងនៅខាងក្រោមដដែល មានន័យថា វាជាទម្រង់បញ្ច្រាសហើយ ឬហៅថា Breech Birth ដែលវាជារឿងចំបាច់មួយក្នុងការពិភាក្សាជាមួយគ្រូពេទ្យ និងឆ្មបដើម្បីគិតគូរពីសុវត្ថិភាព និងជម្រើសនៃការសម្រាល ។
ទារកភាគច្រើននឹងបង្វិលក្បាលចុះមកក្រោមដោយខ្លួនឯងក្នុងខែចុងក្រោយនៃការមានផ្ទៃពោះ ។ ប្រហែលមានទារកម្នាក់ក្នុងចំណោមទារក២៥នាក់អាចនឹងតែមិនបង្វិលក្បាលចុះមកក្រោម ឬស្ថិតក្នុងទម្រងបញ្ច្រាសដដែលទោះបីជាស្ថិតក្នុងអាយុគភ៌ ៣៦សប្តាហ៍ក៏ដោយ។
បើសិនជាកូននៅតែស្ថិតក្នុងទម្រងបញ្ជ្រាសក្នុងសប្តាហ៍ទី ៣៦ទៀត គ្រូពេទ្យ ឬឆ្មបអាចនឹងណែនាំឲ្យអ្នកធ្វើការបង្វិលកូនពីខាងក្រៅ ឬហៅថា External Cephalic Version (ECV) ក្រោយពីពពោះបាន៣៧សប្តាហ៍រួច។ ការធ្វើបែបនេះនឹងបង្កើនឱកាសទម្រង់កូនវិលមកធម្មតា ឬក្បាលចុះមកក្រោមវិញបាន ។
បើសិនជាអ្នកមិនធ្វើ ECV ឬធ្វើហើយនៅតែមិនមានប្រសិទ្ធភាពទេនោះ អ្នកនៅតែអាចជ្រើសរើសការសម្រាលកូនដោយធម្មជាតិបានដដែល ប៉ុន្តែដើម្បីសុវត្ថិភាពគួរតែសម្រាលដោយការវះកាត់ដោយដាក់កម្មវិធី ។
ជាធម្មតាស្ត្រីមានផ្ទៃពោះដែលមានទម្រង់កូនបញ្ច្រាសបែបនេះ តែងតែត្រូវបានគ្រូពេទ្យលើកទឹកចិត្តឲ្យសម្រាលដោយវះកាត់ ព្រោះវាជាជម្រើសដ៏មានសុវត្ថិភាពសម្រាប់កូន ។ ប៉ុន្តែការសម្រាលដោយធម្មជាតិនៅតែជាជម្រើសដ៏ត្រឹមត្រូវដដែលដរាបណា៖
១-មិនមានបញ្ហាណាមួយដែលប្រាប់ថាមិនមានសុវត្ថិភាពដោយការសម្រាលតាមធម្មជាតិដូចជា សុកបាំងមាត់ស្បូនជាដើម ។
២-បន្ទប់សម្រាលកូនដែលមានអ្នកជំនាញអាចគ្រប់គ្រង ឬអាចអនុវត្តការសម្រាលកូនដោយវះកាត់បន្ទាន់បានបើសិនជាករណីចាំបាច់ ។
៣-ឆ្មបមានជំនាញខាងសម្រាលកូនដោយធម្មជាតិ។
ដោយយោងតាមអនុសាសន៍របស់ក្រុមគ្រូពេទ្យរបស់ www.health.com.kh គ្រប់ស្ត្រីមានផ្ទៃពោះដែលកូនមានទម្រង់បញ្ច្រាសទាំងអស់ គប្បីជ្រើសរើសការសម្រាលដោយវះកាត់ ទើបជាជម្រើសមានសុវត្ថិភាព និងកាត់បន្ថយការប្រឈមមុខ ផ្សេងៗទៀតលើទារកបាន ។ ប៉ុន្តែការសម្រាលនោះក៏គួរតែធ្វើឡើងក្នុងបន្ទប់វះកាត់ដែលមានសម្ភារជួយសង្គ្រោះគ្រប់គ្រាន់ និងគ្រូពេទ្យមានជំនាញ និងបទពិសោធន៍ពិតប្រាកដ (ប្រភពពី៖ Health.com.kh)៕
ចែករំលែកព័តមាននេះ