រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញអំពើភេរវកម្មនៅស្រីលង្កាថ្មីនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានស្នើដល់គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ក្រុមភេរករដែលមានគំនិតធ្វើភេរវកម្មនៅក្នុងប្រទេសកម្ពុជា ។ សម្តេចមានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឍមណ្ឌលកោះពជ្រ យ៉ាងដូច្នេះថា «ត្រង់នឹងហើយដែលខ្ញុំ ព្រះករុណាខ្ញុំតែងតែរំលឹក និងតាស់តឿនចំពោះមន្ត្រី នគរបាល និងមន្ត្រីអាវុធហត្ថជារួមកម្លាំងសមត្ថកិច្ចដែលមានភារកិច្ចទទួលខុសត្រូវលើបញ្ហាសន្តិសុខជាតិ» ។

សម្តេចតេជោក៏បានបន្ថែមថា សម្តេចតែងដាស់តឿនគ្រប់កម្លាំងសមត្ថកិច្ចទាំងអស់នូវពាក្យស្លោកថា «ឃើញទឹកស្ងប់មិនត្រូវគិតថា នៅក្នុងទឹកគ្មានត្រី ឬគ្មានសត្វដែលគ្មានពិសនោះទេ » ។ សម្តេចសង្កត់ធ្ងន់ថា គ្រប់កម្លាំងទាំងអស់ត្រូវប្រុងប្រយ័ត្នកុំឲ្យកម្ពុជាក្លាយជាជម្រក ឬជាគោលដៅនៃការវាយប្រហារភេរវកម្មឲ្យសោះ ។ សម្តេចថា ការដឹកនាំប្រទេសមិនមែនត្រឹមចេះតែដឹកនាំ ឬចេញត្រឹមស្រែកនោះទេ គឺត្រូវចេះមានបទបញ្ជាមានបច្ចេកទេសគ្រប់គ្រងសភាពការណ៍សម្រាប់ប្រទេសមានសេចក្តីសុខដោយមិនត្រូវផ្តល់ឱកាសឲ្យក្រុមភេរវកម្មណាមួយវាយប្រហារបំផ្លាញជីវិតប្រជាជននោះទេ ។
សម្តេចក៏ចំអកទៅកាន់ក្រុមប្រឆាំងថា បានតែនិយាយពីបញ្ហានេះបញ្ហានោះ ប៉ុន្តែអ្នកមិនទាន់គ្រប់គ្រង់ប្រទេសឬនៅ ? បញ្ហាមិនមែនចេះតែថាអ្នកណាចេះតែធ្វើបានទាំងអស់នោះទេ ។ ជាមួយគ្នានោះដែរសម្តេចក៏ថ្លែងបញ្ឆិតបញ្ឆៀងទៅកាន់លោកសម រង្ស៊ី យ៉ាងដូច្នេះថា៖« ស្អីឡើង សុទ្ធតែចង់មកចាប់ហ៊ុន សែន «…»ឥឡូវមកចាប់ខ្លួនឯងតែម្តងមកសាកលមើល » ។ សម្តេចបានអះអាងថា នៅកម្ពុជាត្រូវបានកំណត់ដោយសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋទាំងប្រទេស មិនត្រូវមានភេរវកម្មណាមួយកើតឡើងជាដាច់ខាត ៕
ចែករំលែកព័តមាននេះ