ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២២ មេសា មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បានវាយប្រហារយ៉ាងខ្លាំងក្លាផង ធ្វើឱ្យប៉ះទង្គិចទៅលើសង្កាត់ចំនួន៤ នៅក្នុងក្រុងបាត់ដំបង ដែលបណ្ដាលឲ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងតិចចំនួន១៧ខ្នង។
សមត្ថកិច្ចបានរាយការណ៏ថា គិតត្រិមម៉ោង៧យប់ថ្ងៃដដែលនេះ គេនៅមិនទាន់ទទូលបានដំណឹងជាក់លាក់ស្ដីពីមហន្តរាយដោយគ្រោះធម្មជាតិដ៏សាហាវនេះនៅឡើយទេ ប៉ុន្តែគេគ្រាន់តែទទូលបាននូវរបាយការណ៍បឋមដំបូងថា មានលំនៅឋានចំនួន១៧ខ្នងបានរងការខូចខាត ក្នុងនោះមានចំនួន៣ខ្នង ត្រូវខ្យល់កន្ត្រាក់វាយកំទេចទាំងស្រុង។
សេចក្ដីរាយការណ៏ដដែលបានបញ្ជាក់ថា សង្កាត់ចំនួន៤ នៅក្នុងក្រុងបាត់ដំបង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះ គឺមានសង្កាត់អូរចារ, សង្កាត់វត្តគរ, សង្កាត់អូរម៉ាល់ និង សង្កាត់ព្រែកព្រះស្ដេច តែមិនមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។
ជាមួយគ្នានេះដែរ បើតាមប្រភពព័ត៌ពីមន្ត្រីនានាថា ខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២២ មេសា នេះមិនមែនប៉ះទង្គិចតែទៅលើក្រុងបាត់ដំបង មួយប៉ុណ្ណោះទេ គឺបានប៉ះទៅលើតាមបណ្ដាស្រុកជាច្រើនទៀតនៅក្នុងខេត្តបាត់ដំបង។ ប៉ុន្តែភ្លាមៗនេះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានមិនទាន់មានរបាយការណ៏ស្ដីអំពីផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ ព្រោះទាំងសមត្ថកិច្ច ទាំងអាជ្ញាធរដែនដីកំពុងចុះស្រាវជ្រាវនៅ
ឡើយ។
បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅឯស្រុកសង្កែ ខ្យល់កន្ត្រាក់បានបោកបក់បណ្តាលឱ្យរំលំរោងដែកដួលសង្កត់រថយន្តស៊េរីទំនើបៗអស់ប៉ុន្មានគ្រឿងទៀតផង។ ប៉ុន្តែយ៉ាងណា ពេលនេះអាជ្ញាធរបាននឹងកំពុងចុះធ្វើការស្រាវជ្រាវអំពីគ្រោះមហន្តរាយនេះនៅតាមមូលដ្ឋានរបស់ខ្លួនហើយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕