ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​រួច ​ម្ចាស់ផ្ទះ​ជួល​ទារ​ឡើងថ្លៃ​…​កម្មករ​-​កម្មការិនី​ជាង​៣០០​នាក់​ផ្ទុះ​ការ​តវ៉ា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មករ-កម្មការិនី​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​វេ​ង​ស្រេង ខណៈ​ពេល​ដែល​វិល​ត្រឡប់​មក​ពី ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ស្រុក​កំណើត​វិញ ស្រាប់តែ​ឮដំណឹង​ថា ម្ចាស់ផ្ទះ​ជួល​ទាមទារ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​ក្នុង​មួយ​ខែ​ចំនួន​១០​ដុល្លារ ។ ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១​បាន​កោះហៅ​ម្ចាស់ផ្ទះជួល…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មករ-កម្មការិនី​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​វេ​ង​ស្រេង ខណៈ​ពេល​ដែល​វិល​ត្រឡប់​មក​ពី ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ស្រុក​កំណើត​វិញ ស្រាប់តែ​ឮដំណឹង​ថា ម្ចាស់ផ្ទះ​ជួល​ទាមទារ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​ក្នុង​មួយ​ខែ​ចំនួន​១០​ដុល្លារ ។

ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១​បាន​កោះហៅ​ម្ចាស់ផ្ទះជួល «ផ្ទះឡ» ដែល​មាន​គម្រោង​ទាមទារ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ជួល​នោះ​ទៅ​សំរបសំរួល​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមេសា រួច​ហើយ​លោក​ចៅសង្កាត់​បាន​ពាំនាំ​យក​ដំណឹង​នេះ​ទៅ​ប្រាប់​កម្មករ កម្មការិនី​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ម្តងទៀត តែ​កម្មករ-​កម្មការិនី​មិន​ឯកភាព​នោះ​ទេ ដោយ​សុំ​អោយ​ម្ចាស់ផ្ទះ​យក​តំលៃ​ដដែល​វិញ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅផ្ទះ​ជួល «​ផ្ទះ​ឡ​» ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង២ ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​សំដី​លោក កង វង ចៅសង្កាត់​ចោម​ចៅ​ទី​១ បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​ពី​កោះហៅ​ម្ចាស់ផ្ទះ​ជួល​ទៅ​ធ្វើការ​សំរបសំរួល​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ម្ចាស់ផ្ទះ​បាន​លើក​ហេតុផល​មក​បញ្ជាក់​ប្រាប់​លោក​អភិបាល​ខណ្ឌ និង​លោក​ចៅសង្កាត់​ថា ផ្ទះ​ជួល​ដែល​មាន​គម្រោង​ទារ​ឡើងថ្លៃ​នោះ​ជា​ផ្ទះថ្ម មាន​បន្ទប់ទឹក​នៅ​ក្នុង ហើយ​ក្រាល​ការ៉ូ និង​មាន​ឡៅតឿ បន្ទប់​ធំ​ទូលាយ ទើប​ម្ចាស់ផ្ទះ​ជួល​នឹង​ដំឡើង​ថ្លៃ​ចាប់ពី​៣០​ដុល្លារ​រហូត​ដល់​៥០​ដុល្លារ តែ​ក៏​មិន​ទាន់​ឡើងថ្លៃ​ភ្លាម​ៗ​ដែរ គឺ​នឹង​ឡើង​ក្នុង​រយៈពេល​៣​ខែ​ទៀត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​នោះ​លោក​អភិបាល​ខណ្ឌ និង​លោក​ចៅសង្កាត់​សុំ​អោយ​មានការ​បញ្ចុះតំលៃ​ខ្លះ ដោយ​បញ្ចុះតម្លៃ​៥​ដុល្លារ ចំពោះ​ផ្ទះ​ជួល​មាន​ដែល​តំលៃ​ពី​៣០​ដុល្លារ​ឡើង​៣៥​ដុល្លារ ហើយពី​៣៥​ដុល្លារ​ឡើង​៤០​ដុល្លារ​រហូត​ដល់​៥០​ដុល្លារ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ផ្ទះ​ឈើ​នៅ​ក្រោម ដែល​ប្រើ​បន្ទប់ទឹក​រួម​គ្នា តំលៃ​ចាប់ពី​២០​ដុល្លារ​ឡើង ម្ចាស់ផ្ទះ​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ឡើយ គឺ​រក្សា​ដដែល ។

លោក​ចៅសង្កាត់​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ផ្ទះ​ជួល​ដែល​ឡើងថ្លៃ​ចាប់ពី​៣០​ដុល្លារ​ឡើង​ទៅ គឺ​ម្ចាស់ផ្ទះ​ទុក​ឱកាស​រយៈពេល​៣​ខែ​គឺ​តំលៃ​នៅ​ដដែល ហើយ​៣​ខែ​ក្រោយ​នឹង​ឡើងថ្លៃ​ត្រឹមតែ​៥​ដុល្លារ​តែ​ប៉ុណ្ណោះ តែបើ​តម្លៃ​ឈ្នួល​ផ្ទះ​ជួល​ថ្លៃ​ពេក មិន​មាន​លទ្ធភាព​ជួល គឺ​កម្មករ​កម្មការិនី​មាន​សិទ្ធិ​រើ​ចេញ​ក្នុង​រយៈពេល​ក្រោយ​៣​ខែ ដើម្បី​ទុក​សំរាប់​អោយ​មាន​អ្នកមាន​លទ្ធភាព​ជួល ព្រោះ​ម្ចាស់ផ្ទះ​មាន​សិទ្ធិ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ទៀត​ថា ខណៈ​ពេល​លោក​ចៅសង្កាត់​លើក​ហេតុផល​ខាងលើ ដោយ​កម្មករ កម្មការិនី​ដែល​មក​តវ៉ា​មាន​ចំនួន​ប្រមាណ​ជាង​៣​រយ​នាក់​មិន​យល់​ស្រប​ទេ ហើយ​ពួក​គាត់​បាន​លើក​ហេតុផល​មក​បញ្ជាក់​មុខ​ចៅសង្កាត់​ថា តំលៃ​ឈ្នួល​ផ្ទះ​ជួល​ប៉ុណ្ណឹង​គឺ​វា​ថ្លៃ​ទៅ​ហើយ ព្រោះ​ផ្ទះ​ខាងលើ​ពុំ​មានទឹក​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​ឡើយ ដោយនៅ​ថ្ងៃ​ខ្លះ​ដាច់​ទឹក​ពុំ​មាន​ផង​ដែរ ហើយ​ម្ចាស់ផ្ទះ​មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​ពួក​គាត់​ឡើយ ចំណែក​ការ​ឡើងថ្លៃ​ផ្ទះ​ជួល គឺ​ឡើង​តែ​ផ្ទះ​ជួល «​ផ្ទះ​ឡ​» ខាងលើ​នេះ​ទេ រីឯ​ផ្ទះ​ជួល​ផ្សេង​ទៀត​មិន​មាន​ឡើងថ្លៃ​ឡើយ ហើយ​អាង​អី និយាយ​ភាសា​ដដែល​ៗ​ថា បើ​រស់នៅ​មិនកើត នាំ​គ្នា​ចេញ​ទៅ នៅ​ធ្វើ​អ្វី​។

ក្រោយ​ពេល​កើតហេតុ ដោយ​និយាយ​ដដែល​ៗ​អស់​រយៈពេល​ប្រមាណ​ជិត​២​ម៉ោង ហើយ​លោក​ចៅសង្កាត់ ដោះស្រាយ​មិន​ចេញ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ