រដ្ឋធានីវ៉ាស៊ីនតោន ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃទី២០ មេសា កន្លងមកថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយថា ការត្រួតពិនិត្យរួមរដ្ឋាភិបាលនៃយន្តហោះ Boeing 737 MAX នឹងចាប់ផ្តើមនៅថ្ងៃទី២៩ មេសា ហើយនឹងមានការចូលរួមពីអាជ្ញាធរអាកាសចរណ៍ចំនួន៩ថែមទៀតដែលមកពីជុំវិញពិភពលោក ។
FAA បាននិយាយកាលពីដើមខែនេះផងដែរថាពួកគេកំពុងតែបង្កើតក្រុមអន្តរជាតិមួយដើម្បីត្រួតពិនិត្យសុវត្ថិភាពរបស់យន្តហោះនេះដែលត្រូវបានផ្អាកមិនឲ្យហោះហើរជុំវិញពិភពលោកបន្ទាប់ពីមានការធ្លាក់យន្តហោះជាប់ៗគ្នាពីរករណីក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា និងអ៊ីតូភីកាលពីខែមុនកន្លងមក។
Boeing បានប្រកាសពីគម្រោងធ្វើការ Update កម្មវិធី Software មួយសម្រាប់យន្តហោះ 737 MAX ប៉ុន្តែពួកគេមិនទាន់បានផ្ញើការ Update នេះទៅកាន់ FAA ដើម្បីទទួលបានការអនុញ្ញាតផ្លូវការទេ។

ជាមួយគ្នានេះផងដែរ FAA បានឲ្យដឹងដែរថា ប្រទេសចិន ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អ៊ឺរ៉ុប កាណាដា ប្រេស៊ីល អូស្ត្រាលី ជប៉ុន ឥណ្ឌូនេស៊ី សិង្ហបុរីនិងអេមីរ៉ាតអារ៉ាប់រួមនឹងចូលរួមជាអាជា្ញធរត្រួតពិនិត្យបច្ចេកទេសរួម (JATR) ដែលត្រូវបានគិតថានឹងកើតមានឡើងប្រមាណ៩០ថ្ងៃ។
JATR ត្រូវបានដឹកនាំដោយលោក Chris Hart ដែលជាអតីតប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ។ ក្រុមនេះនឹងធ្វើការត្រួតពិនិត្យការផ្តល់ប័ណ្ណអនុញ្ញាតឲ្យមានការប្រើប្រាស់ប្រពន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិរបស់យន្តហោះនេះ។
លោក Chris បានប្រាប់ដល់សារព័ត៌មានកាលពីដើមខែនេះថា ការត្រួតពិនិត្យគឺជាការឆ្លើយតបនឹងកំណើនតម្រូវការនៃការធ្វើសកលភាវូបនីយកម្ម ព្រោះយន្តហោះទាំងនេះមានគ្រប់ទីកន្លែង និងតម្រូវការការឆ្លើយតបរួមមួយផងដែរ។
លោក Dennis Muilenburg ដែលជានាយកប្រតិបត្តិរបស់ Boeing បាននិយាយកាលពីថ្ងៃពុធកន្លងមកថា ក្រុមហ៊ុនកំពុងតែដើរទៅមុខយ៉ាងរលូនក្នុងការទទួលបានការអនុញ្ញាតសម្រាប់ការ Update កម្មវិធី Software របស់យន្តហោះ Boeing 737 MAX និងបានធ្វើការសាកល្បងហោះហើរចុងក្រោយផងដែរ។
ចែករំលែកព័តមាននេះ