ខេត្តព្រះសីហនុ ៖ ពលរដ្ឋចំនួន៨នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់អំពើហិង្សាលើសមត្ថកិច្ចបណ្ដាលឲ្យរងរបួស និងធ្វើសកម្មភាពបិទផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី១៩ ខែមេសាកន្លងទៅ បានត្រូវនគរបាលខេត្តបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយគ្មានការលើកលែងទេ ។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងថា ពលរដ្ឋទាំង៨នាក់ដែលត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់រយៈពេល២ថ្ងៃនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងនារសៀលថ្ងៃទី២០ ខែមេសា និងកំពុងស្ថិតក្រោមការសាកសួរពីសំណាក់ព្រះរាជអាជ្ញាតាមនីតិវិធី មុនពេលបញ្ជូនទៅចៅក្រមសុើបសួរ ។
សូមរំឭកថា បាតុភាពហិង្សាថ្មីទៀតបានផ្ទុះឡើង ខណៈដំបៅចាស់នៅមិនទាន់ជាសះស្បើយនៅឡើយ ពីរឿងអនុវត្តសាលដីកាតុលាការកំពូល ដោយការរុះរើផ្ទះសម្បែង និងបណ្តេញពលរដ្ឋដែលនាំគ្នាទៅរស់នៅលើដីទំនាស់ដែលអាជ្ញាធរនៅតែប្រកាន់ជំហរបណ្តេញពលរដ្ឋឲ្យចាកចេញ ដោយសំអាងថាជាដីកម្មសិទ្ធិស្របច្បាប់របស់គេ ។

ការផ្ទុះហិង្សានេះ តាមអាជ្ញាធរថា មន្ត្រីនគរបាលចំនួន៤រូប និងប្រជាការពារ២រូប បានរងរបួសដែលខ្លះបែកក្បាល និងរថយន្តចំនួន៣គ្រឿងបានខូចខាត ដោយសារប្រជាពលរដ្ឋដែលអាជ្ញាធរចាត់ទុកថាជាក្រុមអនាធិបតេយ្យបានគប់ដុំថ្ម និងប្រើអំពើហិង្សា ពេលនាំគ្នាបិទផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ។
លោកស្នងការ ជួន ណារិន្ទ ឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែមេសា កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្ស៦នាក់ ដែលបានដឹកនាំនិងចូលរួមប្រើហិង្សាទៅលើមន្ដ្រីនគរបាល និងប្រជាការពារ នៅពេលដែលកងកម្លាំងសមត្ថកិច្ចទៅអន្ដរាគមន៍ឲ្យបើកផ្លូវឡើងវិញ ក្រោយពីពួកគេយកដុំថ្មនិងដើមឈើទៅដាក់បិទផ្លូវជាតិលេខ៤បណ្តាលឲ្យកកស្ទះចរាចរណ៍ប្រហែលកន្លះម៉ោង នៅព្រឹកថ្ងៃនោះក្រោយពីពិធីបុណ្យចូលឆ្នាំថ្មី។ ការឃាត់ខ្លួនមនុស្ស៦នាក់បន្ថែមទៀតនេះគឺក្រោយពីបានឃាត់ខ្លួនមនុស្ស២នាក់កាលពីថ្ងៃទី១៨ ខែមេសា ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា «ពេលដែលកម្លាំងសមត្ថកិច្ចនិងប្រជាការពារចុះទៅសម្របសម្រួល និងរើសដុំថ្មចេញពីផ្លូវស្រាប់តែប្រជាពលរដ្ឋទាំងនោះបានគប់ដុំថ្មទៅលើសមត្ថកិច្ច បណ្ដាលឲ្យមន្ដ្រីនគរបាល៤រូប និងប្រជាការពារ២រូប រងរបួសបែកក្បាល ហើយរថយន្ដ៣គ្រឿងបានខូចខាត ។
លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ឲ្យដឹងថា មន្ត្រីនគរបាលស្រុក៤រូបនិងប្រជាការពារ២រូប ដែលរងរបួសដោយអំពើហិង្សានោះ បានទទួលថវិកាឧបត្ថម្ភពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រាប់មន្ត្រីនគរបាលក្នុងម្នាក់ៗ១លានរៀល និងប្រជាការពារក្នុងម្នាក់ៗ៥សែនរៀល ។ ជាមួយគ្នានេះ លោក យន្ត មីនអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន៣លានរៀលទៀត ដល់កងកម្លាំងដែលរងរបួសក្នុងអំពើហិង្សានេះផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៨ ខែមេសាមក អាជ្ញាធរបានព្យាយាមចុះរុះរើសំណង់ផ្ទះខ្ទមជាង៦០០ខ្នង ដែលអាជ្ញាធរអះអាងថាជាសំណង់អនាធិបតេយ្យខុសច្បាប់នៅម្តុំចំណោតអូរត្រាវ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនដែលបានសាងសង់សំណង់ខ្ទមនៅលើដីនោះ បានផ្ទុះការតវ៉ាជំទាស់ និងឈានទៅដល់ការបិទផ្លូវជាតិលេខ៤ ហើយខាងអាជ្ញាធរក៏អន្តរាគមន៍សម្របសម្រួលសុំកុំឲ្យពលរដ្ឋបិទផ្លូវជាតិ ព្រោះប៉ះពាល់ដល់ការធ្វើចរាចរណ៍សាធារណៈ ។
ក្នុងវិធានការរុះរើខ្ទមអនាធិបតេយ្យទាំងនោះ គឺសមត្ថកិច្ចធ្វើការរុះរើបានមួយចំនួនធំហើយហើយកម្លាំងសមត្ថកិច្ចក៏បានតម្រូវឲ្យឈរជើងនៅទីនោះសិន ឯក្រុមពលរដ្ឋដែលលើកគ្នាមកចាប់ដីនោះ ក៏មិនបានចាកចេញទៅណាឆ្ងាយដែរ ៕
ចែករំលែកព័តមាននេះ