ខណៈនេះ ជនរងគ្រោះត្រូវបានជួយចេញពីកន្លែងកើតហេតុ ក្រោយអគ្គិភ័យឆាបឆេះយ៉ាងសាហាវ (មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះហាងដូមីណូភីហ្សា ព្រមទាំងបង្គោលភ្លើង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី បានបណ្តាលឱ្យស្ត្រីជាម្តាយ និងកូនម្នាក់ដែលជាប់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ានោះរងរបួសធ្ងន់ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកំពុងធ្វើការអន្តរាគមន៍កាលពីវេលាម៉ោង១និង២៣នាទីរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារធីខេ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

តាមសេចក្តីរាយការណ៍បានបន្តឱ្យដឹងថា គិតមកត្រឹមវេលាម៉ោង១និង៥៧នាទីរសៀលថ្ងៃដដែលភ្លើងបានរលត់ទាំងស្រុង ហើយហេតុការណ៍ខាងលើនេះដែរបានបណ្តាលឱ្យរងការខូចខាតអគារហាងដូមីណូភីហ្សាអស់មួយចំហៀង និងអគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី បានរងការខូចខាតអស់មួយចំហៀងផ្នែកខាងកើត និងបណ្តាលឱ្យស្ត្រីជាម្តាយ និងកូនម្នាក់បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

តាមប្រភពពីលោកឧត្តមសេនីយ៍ទោ ហួត ចាន់សារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទាក់ទិននឹងអគ្គិភ័យកើតឡើងខាងលើនេះ មូលហេតុគឺអាចបណ្តាលមកពីឆេះក្នុងហាងដូមីណូភីហ្សាហើយរាលដាលទៅឆេះបង្គោលភ្លើង ។

បើតាមសន្តិសុខដែលយាមនៅមុខហាងដូមីណូភីហ្សាបានអះអាងថា មានករណីផ្ទុះឆេះបង្កជាអគ្គិភ័យចេញមកពីអគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ា ផេស៊ីហ្វិក ហ្វាយនែន ភីអិលស៊ី ហើយបានឆេះរាលដាលដល់ហាងដូមីណូភីហ្សាតែម្តង ៕
























ចែករំលែកព័តមាននេះ