ប្រទេសអាហ្វហ្គានីស្ថាន៖ អ្នកទទួលខុសត្រូវម្នាក់និយាយថា មនុស្ស៧នាក់បានត្រូវស្លាប់កាលពីថ្ងៃទី២០មេសា ក្នុងការវាយប្រហាររបស់កងកុំម៉ង់ដូប្រដាប់អាវុធមួយក្រុម ប្រឆាំងទីស្ដីការក្រសួងគមនាគមន៍អាហ្វហ្គានីស្ថានដែលស្ថិតនៅកណ្ដាលក្រុងកាប៊ុល។
ការវាយប្រហារនេះកើតមាន បន្ទាប់ពីមានភាពស្ងប់ស្ងាត់ច្រើនខែក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន។ វាចាប់ផ្ដើមតាមរយៈការបំផ្ទុះមួយមុនវេលាថ្ងៃត្រង់ ត្រង់ខ្លោងទ្ធារចូលអគារដែលជាទីតាំងនៃក្រសួងនោះ ស្ថិតក្នុងតំបន់ពាណិជ្ជ្កម្មមួយនៃរដ្ឋធានី។ ក្រោយការផ្ទុះមានការបាញ់តតាំងគ្នា។
អ្នកទទួលខុសត្រូវម្នាក់របស់រដ្ឋាភិបាលប្រកាសថា ជនស៊ីវិល៤នាក់និងប៉ូលិស៣នាក់បានត្រូវស្លាប់ដោយគ្រាប់កាំភ្លើងរបស់ពួកអ្នកវាយប្រហារ ហើយជនស៊ីវិល៨នាក់រងរបួស។ ការបាញ់តតាំងគ្នាមានរយៈពេលច្រើនម៉ោង រវាងជនប្រដាប់អាវុធយ៉ាងតិច៣នាក់ និងកងកម្លាំងសន្តិសុខមុនពេលបញ្ចប់នាវេលារសៀល។
និយោជិតដល់ទៅ២៨០០នាក់របស់ក្រសួងគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងក្រសួងព័ត៌មាននិងវប្បធម៌ ត្រូវបានជម្លៀសចេញ។ ប្រតិបត្តិការវាយប្រហារប្រភេទនោះតែងធ្វើដោយក្រុមរដ្ឋអ៊ិស្លាមនៅអាហ្វហ្គានីស្ថាន៕
ចែករំលែកព័តមាននេះ