រាជធានីភ្នំពេញ ៖ បុរសម្នាក់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយឲ្យតែបានផឹកស្រាចូលពោះហើយ គាត់អត់ដែលនឹកនាហូបបាយទេ លុះចុងក្រោយនេះស្រាប់តែគាត់គាំងបេះដូងដេកស្លាប់នៅម៉ូតូរ៉ឺម៉កខូច១គ្រឿងដែលម្ចាស់ទុកចោល និងត្រូវអ្នកភូមិប្រទះឃើញរាយការណ៍ជូននគរបាលចុះទៅពិនិត្យកោសល្យវិច័យទាំងព្រឹក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅលើម៉ូតូរ៉ឺម៉កកង់បី១គ្រឿង តាមបណ្ដោយផ្លូវរថភ្លើង ក្រុមទី៣ ស្ថិតនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលស្លាប់ខាងលើឈ្មោះ ព្រាប ជា អាយុ៣៩ឆ្នាំ មុខរបរដើរសុំទាន ហើយគាត់គ្មានសាច់ញាតិ បងប្អូនទេ មិនដឹងថា មានផ្ទះសម្បែងនៅភូមិស្រុកណាឡើយ ។ ដោយសារតែបែបនេះ ទើបអ្នកភូមិចាត់ទុកគាត់ជាជនអនាថា ហើយមុនពេលស្លាប់គាត់តែងតែស្នាក់នៅក្បែរផ្លូវរថភ្លើង និងសំយ៉ាបផ្ទះអ្នកភូមិត្រង់ចំណុចខាងលើ។
តាមអ្នកភូមិនិយាយឲ្យដឹងថា បុរសរងគ្រោះតែងតែដើរសុំទានគេរាល់ថ្ងៃ ហើយដោយសារតែមានការអាណិតអាសូរដល់គាត់ ទើបអ្នកជិតខាងបានឲ្យបាយទឹកគាត់ហូប ប៉ុន្តែទោះបីជាបែបណា គាត់ហាក់មិនសូវហូបបាយឡើយ គាត់ហូបតែស្រា រហូតភ្លេចបាយភ្លេចទឹករាល់ថ្ងៃ។
ដោយឡែកកាលពីយប់ថ្ងៃទី២០ មេសា ក្រោយពេលផឹកស្រាស្រវឹងគាត់បានឡើងដេកលើម៉ូតូកង់បីដែលខូចចតទុកជាប់សំយ៉ាបផ្ទះមួយដូចរាល់ថ្ងៃដែរ ខណៈនោះគ្មាននរណាចាប់អារម្មណ៍ថា គាត់មានរឿងអ្វីឡើយ។ លុះដល់ព្រឹកថ្ងៃទី២១ ម៉ោង៩ព្រឹក មិនឃើញគាត់ភ្ញាក់ ម្ចាស់ម៉ូតូកង់បីប្រើឲ្យក្មេងៗទៅដាស់ឲ្យក្រោក ដើម្បីយកម៉ូតូកង់បីទៅជួសជុល ទើបដឹងថា គាត់ស្លាប់ក៏មានការភ្ញាក់ផ្អើល។
បន្ទាប់មកពួកគាត់បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល និងធ្វើកោសល្យវិច័យ ហើយលទ្ធផលបញ្ជាក់ថា បុរសនេះស្លាប់ដោយសារតែផឹកស្រាអត់ហូបបាយ និងគាំងបេះដូង ហើយអាជ្ញាធរមូលដ្ឋាន រួមជាមួយពួកគាត់បាននាំយកសពទៅតម្កល់ទុកធ្វើបុណ្យនៅវត្តពោធិ៍ចិនតុង តាមប្រពៃណី ៕
ចែករំលែកព័តមាននេះ