ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីជនជាតិចិនចំនួន៣នាក់ ក្នុងចំណោម៥នាក់ ជាប់ជាចំណាប់ខ្មាំង ដែលជនជាតិចិនដូចគ្នាចាប់យកទៅជំរិតទារប្រាក់ ត្រូវបានឧក្រិដ្ឋជនដោះលែងឲ្យត្រឡប់មកវិញហើយ កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមេសា ២០១៩ នៅលើទឹកដីខេត្តកំពត ។
នារីរងគ្រោះ៣នាក់ខាងលើដែលត្រូវឧក្រិដ្ឋជនដោះលែងនោះ រួមមាន១-ឈ្មោៈ Xiang kai pi អាយុ២៣ឆ្នាំ ២-ឈ្មោះ. Chen Si hong អាយុ២៥ឆ្នាំ និង៣-ឈ្មោះ Huang Shuang Giong អាយុ២៧ឆ្នាំ ។ ចំណែកនារីចំនួន២នាក់ទៀតដែលមិនទាន់ដោះលែង ក្នុងនោះម្នាក់ឈ្មោះ Peng Lin hui អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Hua Na អាយុ២៣ឆ្នាំ ។ នារីទាំង៥នាក់នេះសុទ្ធតែជាអ្នកបំរើការងារក្នុងហាងខារ៉ាអូខេ តុងហ្វាំងម៉េងជូ ដូចគ្នា ។
សេចក្តីរាយការណ៍បានបន្តថា កាលពីយប់ថ្ងៃទី២០ ខែមេសា មានបុរសជាជនជាតិចិន១ក្រុមមានគ្នាចំនួន៥នាក់ បានចាប់នារីជនជាតិចិនចំនួន៥នាក់ចេញពីហាងបាយ ថាងទីង ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលនោះក្រុមជនសង្ស័យបានប្រាប់ពួកនាងថា នាំទៅច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ ។
សេចក្តីរាយការណ៍បានបន្តទៀតថា បន្ទាប់ពីនារីទាំង៥នាក់ឡើងជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានផ្លាកលេខរួចហើយ ជនសង្ស័យបានដឹកពួកនាងចេញពីភ្នំពេញឡើងទៅភ្នំមួយដែលពួកនាងមិនស្គាល់ រួចបានធ្វើសកម្មភាពគំរាមកំហែងដកយកប្រាក់ពួកនាងអស់ពីខ្លួនដែលមានចំនួនសរុបជាង៤.០០០ដុល្លារអាមេរិក ។ ជាងនេះទៅទៀត ក្រុមជនសង្ស័យបានបង្ខំលើរូបរាងកាយ ដោយរំលោភសេពសន្ថវៈពួកនាងនៅក្នុងរថយន្ត ដែលនៅក្បែរស្រះទឹកមួយ ចំណែកឈ្មោះ Huang Shuang Giong មិនត្រូវរំលោភទេ ។
នៅពេលក្រុមជនសង្ស័យបានដឹកពួកនាងទៅដល់ក្រុងកំពតកាលពីវេលាម៉ោងប្រមាណជា៥ភ្លឺ ស្រាប់តែក្រុមជនសង្ស័យបានទាញនារីរងគ្រោះចំនួន៣នាក់ទម្លាក់ចុះ ចំណែកនារី២នាក់ទៀតកំពុងស្ថិតក្នុងកណ្តាប់ដៃឧក្រិដ្ឋជននៅឡើយទេ គិតមកដល់រសៀសថ្ងៃទី២១ ខែមេសា នេះ ៕
ចែករំលែកព័តមាននេះ