រាជធានីភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាកាលពីថ្ងៃទី២០ ខែមេសា បានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួនថាអាមេរិកកំពុងបង្កបញ្ហាម្តងទៀតជាមួយអ្វីដែលគេហៅថាបញ្ហាឱនភាពពាណិជ្ជកម្ម។
ស្ថានទូតចិនបានសរសេរបែបនេះជាការឆ្លើយតបទៅនឹងសាររបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាដែលសរសេរថាទំនាក់ទំនងពាណិជ្ជកម្មកម្ពុជានិងចិនផ្តល់ផលប្រយោជន៍ដល់ចិនច្រើន។
ស្ថានទូតអាមេរិកបានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៩ខែមេសាថា « ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅ ខាង ប្រទេសចិន»។
ស្ថានទូតអាមេរិកនិយាយទៀតថា ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមក ពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។
អាមេរិកចោទកម្ពុជាថានេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញ ពីយុទ្ធសាស្ត្រសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្ត្រសេដ្ឋកិច្ចដែល មានការពឹងផ្អែកច្រើនទៅលើប្រទេសចិន។
ចំណែកស្ថានទូតចិននៅកម្ពុជាវិញក៏បានវាយបកទៅអាមេរិកវិញនៅថ្ងៃទី២០ខែមេសាថា «មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយ នឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម» ៕
ចែករំលែកព័តមាននេះ