ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ថា ​ខ្លួន​មិន​នឹក​ស្មានថា​នៅ​ជាប់​ទោស​ទេ ព្រោះ​សំអាង​ថា​… ដើម្បី​បញ្ចប់រឿង​រួច​ហើយ បែរជា​…

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិរុទ្ធជន​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​កាលពី​១៧​ឆ្នាំ​មុន ហើយ​ទើប​បង្ហាញខ្លួន​នា​ពេល​នេះ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​អនុវត្តន៍​ដីកា​នៃ​ស្នងការ​ខេត្ត​ចាប់​ខ្លូ​ន នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ មេ​សា​នេះ នៅផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​ឆាយ​បល្ល័ង្ក…

ខេត្តបាត់ដំបង ៖ ពិរុទ្ធជន​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​កាលពី​១៧​ឆ្នាំ​មុន ហើយ​ទើប​បង្ហាញខ្លួន​នា​ពេល​នេះ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​អនុវត្តន៍​ដីកា​នៃ​ស្នងការ​ខេត្ត​ចាប់​ខ្លូ​ន នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ មេ​សា​នេះ នៅផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​ឆាយ​បល្ល័ង្ក ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។

មន្ត្រី​ផ្នែក​អនុវត្តន៍​ដីកា​បាន​ឲ្យ​ដឹង​ថា ពិរុទ្ធជន​រូប​នេះ​ឈ្មោះ ខាន់ ច​ន្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​បល្ល័ង្ក ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ​។ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​តាម «ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» លេខ​១៧៩ ដ​ច​ខ ចុះ​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០០៣ របស់​ចៅក្រម​ស៊ើបសួរ លោក សួ​ស សំអាត សាលាដំបូង​ខេត្តបាត់ដំបង​។

បើ​យោង​ដីកា​នេះ ឈ្មោះ​ខាន់ ច​ន្ថា នេះ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ «​ប្លន់​​ទ្រព្យសម្បត្តិ​ប្រជារាស្ត្រ​» ដែល​បាន​ប្រព្រឹត្ត នៅ​ចំណុច​ក្រុមហ៊ុន​ណា​វ៉ា​រ៉ាត់ ស្ថិត​ក្នុងភូមិ​កន្ទួត ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០០២ កន្លង​ទៅ ប៉ុន្តែ​ក្រោយ​ប្រព្រឹត្ត​បទល្មើស ជន​នេះ​បាន​រត់គេច​ទៅ​សម្ងំសុខ​នៅ​ប្រទេស​ថៃ​រហូត លុះ​ត្រឡប់​ចូល​ស្រុក​វិញ​ដើម្បី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​នេះ ក៏​ត្រូវ​កម្លាំង​ជំនាញ​ចាប់ខ្លួន​តាម​ដីកា​តែ​ម្ដង​។

ជាមួយនឹង​ការ​ចាប់ខ្លួន ពិរុទ្ធជន​ឈ្មោះ ខាន់ ច​ន្ថា បាន​ផ្ដល់​ចម្លើយ​ខ្លះ​ៗ​ដោយ​សង្ខេប​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ប្លន់​មែន ហើយ​ក្រោយ​ពេល​ប្រព្រឹត្ត​បទល្មើស​ខ្លួន​បាន​រត់គេច​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ប្រទេស​ថៃ​ជា​រៀង​រហូត បើ​គិត​ត្រឹម​ថ្ងៃ​ចាប់ខ្លួន​គឺ​មាន​រយៈពេល​១៧​ឆ្នាំ​ហើយ​។ ប៉ុន្តែ​ក្នុង​រយៈពេល​នៃ​ការ​រត់គេច​ខ្លួន​នេះ ខ្លួន​ធ្លាប់​ចរចា​ជាមួយ​មន្ត្រី​នគរបាល​នៅ​ស្រុក​គាស់​ក្រឡ (​សុំ​លាក់​ឈ្មោះ​) ដើម្បី​បញ្ចប់​សំណុំរឿង​ជា​ថ្នូរ​នឹង​ការ​សូក​លុយរាប់​លាន​រៀល​។

ជន​រូប​នេះ​និយាយ​ថា ខ្លួន​បាន​សូក​លុយ​ជូន​មន្ត្រី​នគរបាល​ម្នាក់​នៅ​ស្រុក​គាស់​ក្រឡ និង​បងប្អូន​ខ្លួន​ម្នាក់​ជា​សមត្ថកិច្ច​ដែរ ដើម្បី​ឲ្យ​ជួយ​រត់ការ​បញ្ចប់​សំណុំរឿង​បទ​ឧ​ក្រិ​ដ្ធ​នេះ ហើយ​មន្ត្រី​ទាំងនោះ​ក៏​បាន​អះអាង​ធានា​បញ្ចប់​សំណុំរឿង​នេះ​ជាមួយ​តុលាការ​រួចរាល់​ហើយ​ដែរ ប៉ុន្តែ​នៅ​ពេល​ខ្លួន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុក​កំណើត ដើម្បី​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នា​ឆ្នាំ​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​។

ជន​នេះ​ក៏​បាន​និយាយ​ដែរ​ថា តាម​ពិត​ខ្លួន​មិន​នឹក​ស្មានថា នៅ​ជាប់​ទោសទណ្ឌ​បែប​នេះ​ទេ ព្រោះ​សំអាង​ថា បាន​បង់លុយ​ឲ្យ​មន្ត្រី​នគរបាល ដើម្បី​បញ្ចប់រឿង​រួច​ហើយ ទើប​ខ្លួន​ហ៊ាន​ចូល​ស្រុក តែ​បែរជា​នៅ​តែ​ជាប់​ទោស​ដដែល​។ យ៉ាងណា​ក៏​ដោយ បើ​តាម​មន្ត្រី​ផ្នែក​អនុវត្ត​ដីកា ក្រោយ​អនុវត្ត​ដីកា កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនល្មើស​រូប​នេះ​ទៅ​ប្រគល់​ជូន​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ