សៀមរាបសម្រុករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តយ៉ាងញាប់ដៃញាប់ជើង
- សៀមរាប
ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០១៩ និងបុណ្យចូលឆ្នាំប្រពៃណីជាតិនឹងប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ នៅទីតាំងសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប សហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ក្រោមការដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្ត កំពុងជំរុញឱ្យមន្ត្រីទាំងអស់នាំគ្នាសម្រុកញាប់ដៃញាប់ជើង ដើម្បីរៀបចំឱ្យបានរួចរាល់មុនថ្ងៃមកដល់ខាងមុខនេះ។

តាមប្រភពពីមន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) បានប្រាប់ថា ទីតាំងដែលកំពុងរៀបចំ នៅសួនច្បារមុខព្រះបរមរាជរាំង ព្រះអង្គចេក ព្រះអង្គចម នេះ គឺមានពាងទឹកចំនួន៤០ពាង សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកពីទីជិតឆ្ងាយ និងភ្ញៀវបរទេសដងទឹកស្រង់ព្រះ ឬទុកសម្រាប់ពេលបងប្អូនដើរលេងហត់ ក៏អាចមកយកផឹក ឬលុបមុខ ក៏បានដែរ ។ ព្រោះទឹកនោះ គឺជាការសហការឧបត្ថម្ភពីខាងរដ្ឋាករទឹកស្វ័យតសៀមរាបផងដែរ។

តាមប្រភពដដែលបានបញ្ជាក់ថា ទីតាំងដែលក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) បានសហការរៀបចំនៅមុនបុណ្យអង្គរសង្ក្រាន្ត និងបុណ្យចូលឆ្នាំប្រពៃខ្មែរនោះ គឺជាល្បែងប្រជាប្រិយដូចជា ដាក់ពាងទឹក, ទាញព្រ័ត្រ, រាំលេងកំសាន្ត សាងសង់ផ្ទះបុរាណ, ល្បែងលាក់កន្សែង និងលក់វត្ថុអនុស្សាវ
រីយ៍ផ្សេងៗ ដែលជារបស់ខ្មែរសុទ្ធៗ។ល។

តាមប្រសាសន៍របស់ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តបានប្រាប់នៅវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះថា ការរៀបចំដាក់ពាងទឹកនោះ គឺទុកសម្រាប់ស្រង់ព្រះ ឬ ស្រោចទឹកជូនចាស់ៗ ដែលពួកគាត់មកដើរលេងនៅថ្ងៃបុណ្យអង្គរសង្ក្រានន្ត និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីលើករាសី សិរីសួស្តី មិនមែនដាក់ពាងទឹកនោះសម្រាប់ឱ្យបងប្អូនយកកាំភ្លើងជ័រមកដាក់ទឹកបាញ់គ្នាលេងនោះទេ ៕













ចែករំលែកព័តមាននេះ