ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​នេសាទ និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង នឹង​ក្លាយជា​សហគមន៍​ទេសចរណ៍​ដ៏​ទាក់ទាញ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀប​ចំ​ផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប បាន​អះអាង​ថា សហគមន៍​នេសាទ និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង…

ខេត្តសៀមរាប​ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀប​ចំ​ផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប បាន​អះអាង​ថា សហគមន៍​នេសាទ និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប នឹង​ក្លាយជា​សហគមន៍​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត ដើម្បី​បំពេញ​តម្រូវការ​បន្ថែម​ជូន​ភ្ញៀវ​ទេសចរ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​នូវ​ការ​អះអាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មាធិការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ ទេសចរណ៍​នៅ​ខេត្តសៀមរាប​នា​ពេល​កន្លង​ទៅ​។

សូម​ជម្រាប​ថា នៅ​សហគមន៍​នេសាទ និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង​នេះ មាន​សក្តា​នុ​ពល​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ស្រលាញ់​ចូល​ចិត្ត​ធម្មជាតិ មើល​សត្វ​ស្លាប គយគន់​ថ្ងៃ​លិច ជិះទូក​កម្សាន្ត​នៅ​ជុំវិញ​បឹង​ជាដើម​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រសួងទេសចរណ៍​មិន​ទាមទារ​នូវ​ការ​ចុះបញ្ជី ឬ​ការ​គ្រប់គ្រង​ទៅ​លើ សហគមន៍​នេសាទ ឬ​សហគមន៍​តំបន់ការពារធម្មជាតិ​ទេ ប៉ុន្តែ​ក្រសួង អាច​ទទួលស្គាល់ សហគមន៍​ណាមួយ ជា​សហគមន៍​ទេសចរណ៍​បាន លុះត្រាតែ​សហគមន៍​ទេសចរណ៍​នោះ អាច​បង្ហាញ​គោលការណ៍២​សំខាន់​គឺ ទី​១-សហគមន៍​ទាំងនោះ​មាន​សក្តានុពល​ទេសចរណ៍ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន និង​ទី​២-សហគមន៍​ទាំងនោះ បាន​រៀបចំ​ត្រឹមត្រូវ​តាម​ស្តង់ដារ សហគមន៍​ទេសចរ​ជាតិ និង​អាស៊ាន​។

ប៉ុន្តែ​លោក​មើលឃើញ​ថា​នៅ​តំបន់​បឹង​ពារាំង​នេះ​ប្រជាពលរដ្ឋ​សហគមន៍​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​អភិរក្ស នូវ​ធនធាន​ជលផល ជា​ពិសេស​ត្រី​ធម្មជាតិ ដែល​ជា​ប្រភព​ទាក់ទាញ​សត្វ​ស្លាប រាប់​សែន​ក្បាល ឲ្យ​មក​ស្នាក់​អាស្រ័យ ធ្វើ​សំបុក​ពង​កូន ដែល​ទាំងនេះ​បង្កើត​បានជា​សក្តានុពល​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ស្រលាញ់​ចូល​ចិត្ត​ធម្មជាតិ មើល​សត្វ គយគន់​ថ្ងៃ​លិច ជិះទូក​កម្សាន្ត​នៅ​ជុំវិញ​បឹង​ជាដើម​។

លោក ថោ​ង ខុន ក៏​បាន​បញ្ជាក់​បន្ថែម​ថា គំរូ​នៃ​ការ​ប្រែក្លាយ​សហគមន៍​នេសាទ និង​សហគមន៍ តំបន់ការពារធម្មជាតិ ទៅ​ជា​សហគមន៍ ទេសចរណ៍ ក៏​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ នៅ​សហគមន៍​មួយ​ចំនួន ដូច​ជា​សហគមន៍ អេកូ​ទេសចរណ៍​ជី​ផាត សហគមន៍​ទេសចរណ៍ ធម្មជាតិ​ចំបក់ និង​សហគមន៍​អេកូ​ទេសចរណ៍ អា​រ៉ែ​ង​ជាដើម​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ គឺជា​យន្តការ​មួយ​ដ៏​សម​ស្រប​សម្រាប់​ការ​អភិវឌ្ឍ និង​អភិរក្ស​ក្នុង​តំបន់ការពារធម្មជាតិ​ប្រកប ដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ និង​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​ចូលរួម យ៉ាង​សកម្ម ក្នុង​ការ​សម្រេចចិត្ត ឬ​អាច​និយាយ​បាន​ថា ជា​ការ​ផ្តល់​នូវ​សិទ្ធិ​អំណាច​ដល់ ប្រជាពលរដ្ឋ​មូលដ្ឋាន (Local Empowerment) ដោយ​ប្រជាពលរដ្ឋ​អាច​ទទួលផល​ប្រយោជន៍ ដោយ​ផ្ទាល់​ពី​ទេសចរណ៍ ប្រកបដោយ​សមធម៌ បង្កើន​ការ​ការ​អភិរក្ស​នូវ​ធនធានធម្មជាតិ ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង បង្កើន​នូវ​កម្រិតជីវភាព និង​ចូលរួម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចំណាកស្រុក​ប្រកបដោយ​ប្រសិទ្ធភាព​។

គួរ​កត់​សម្គាល់ថា ក្នុង​ក្រប​ខណ្ឌ​នៃ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កម្ពុជា​គឺជា​ប្រទេស​នាំមុខ ក្នុង​ការ​រៀបចំ​ស្តង់ដារ សហគមន៍​ទេសចរណ៍​អាស៊ាន និង​ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន ហើយ អំឡុង​នៃ​វេទិការ​ទេសចរណ៍​អាស៊ាន​កាលពី​ខែមករា ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម កម្ពុជា មាន​សហគមន៍​ទេសចរណ៍​ចំនួន​៣ និង​ផ្ទះ​ស្នាក់​ចំនួន​៥ ដែល​បាន​ទទួល​រង្វាន់​ពី​អាស៊ាន​ក្នុង​នោះ រួម​មាន​៖

ទី​១-សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង​ ទី​២-សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ក្នុង​ខេត្តសៀមរាប​ ទី​៣-សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ក្នុង​ខេត្តបន្ទាយមានជ័យ​ ។

ចំណែក​ផ្ទះ​ស្នាក់​ចំនួន​៥ ដែល​បាន​ទទួល​ជ័យ​លា​ភី​អាស៊ាន​ឆ្នាំ​២០១៩ ផង​ដែរ​នោះ រួម​មាន​៖ ទី​១-ផ្ទះ​ស្នាក់​ឥ​សាន្ត​បុរី ក្នុង​សហគមន៍​សំបូរ​ព្រៃ​គុក ខេត្តកំពង់ធំ​ ទី​២-ផ្ទះ​ស្នាក់​ទុនសា​រិ​ន ក្នុង​សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង ខេត្តសៀមរាប​ ទី​៣-ផ្ទះ​ស្នាក់​តាំង​ងិ​ន ក្នុង​សហគមន៍​ទេសចរណ៍​ជី​ផាត ខេត្តកោះកុង​ ទី​៤-ផ្ទះ​ស្នាក់​បា​ណា​ណា ក្នុង​សហគមន៍​រ៉ុ​នតា​ឯក ខេត្តសៀមរាប​ ទី​៥-ផ្ទះ​ស្នាក់​កឿ​ន​ស្រី​មុំ ក្នុង​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ