កិច្ចព្រមព្រៀង​របស់ NAFTA ថ្មី​កំពុង​ជួប​បញ្ហា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​របស់ NAFTA ថ្មី​កំពុង​ជួប​បញ្ហា

1 ឆ្នាំ មុន

កា​ណា​ដា ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៧​កន្លង​មក​ថា ប្រមាណ ៦​ខែ​បន្ទាប់​ពី​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​បាន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ថ្មី​ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​មាន​តម្លៃ​រុ​ប​ប្រមាណ​ច្រើន​ជាង​១​ទ្រី​លាន​ដុល្លារ​ទៅ​ទៀត…

កា​ណា​ដា ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៧​កន្លង​មក​ថា ប្រមាណ ៦​ខែ​បន្ទាប់​ពី​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​បាន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ថ្មី​ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​មាន​តម្លៃ​រុ​ប​ប្រមាណ​ច្រើន​ជាង​១​ទ្រី​លាន​ដុល្លារ​ទៅ​ទៀត ប្រទេស​ទាំង​បី​ប្រហែលជា​មិន​អាច​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​មុន​ចុងឆ្នាំ​នេះ​ទេ​។

ប្រទេស​ទាំង​បី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ឬ​USMCA កាលពី​ថ្ងៃ​ទី ៣០​ខែកញ្ញា ដែល​បញ្ចប់​ការ​ចរចា​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​មានការ​ចរចា​លើ​កិច្ចព្រមព្រៀង NAFTA សា​ជា​ថ្មី​។

ប៉ុន្តែ​កិច្ចព្រមព្រៀង​ថ្មី​មិន​បាន​បញ្ចប់​ភាព​តានតឹង​ពាណិជ្ជកម្ម​ក្នុង​អា​មេ​រិ​ក​ខាងជើង​ទេ​។ ប្រសិនបើ​ការ​ផ្តល់​សច្ចាប័ន​ត្រូវ​បាន​ពន្យា​ពេល​បន្ត​ទៀត វា​អាច​ជួបនឹង​ឧបសគ្គ​នយោបាយ​ផ្សេង​ៗ​។ សហរដ្ឋអាមេរិក​មាន​ការ​បោះ​ឆ្នោត​ជ្រើស រើស​ប្រធានាធិបតី​បន្ទាប់​នៅ​ឆ្នាំ ២០២០ ខណៈ​ដែល​កា​ណា​ដា​មានការ​បោះ​ឆ្នោត​សហព័ន្ធ​នៅ​ខែតុលា​ខាង​មុខ​ផង​ដែរ​។ ការ​ពន្យា​ពេល​មាន​ន័យ​ថា​អាជីវកម្ម​នៅ​តែ​មិន​ទាន់​ច្បាស់​លាស់​ពី​ក្របខ័ណ្ឌ​ដែល​នឹង​គ្រប់គ្រង​ការ​វិនិយោគ​ក្នុង​តំបន់​នា​ពេល​អនាគត​។

លោក Andres Rozental ដែល​ជា​អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ថា “USMCA​កំពុង​តែ​ជួប​ឧបសគ្គ​។ បើ​ទោះជា​លោក​គិត​ថា​ប្រទេស​ទាំង​បី​នឹង​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ពិតមែន​ក្តី លោក​បាន​បន្ត​ថា ក្រុមប្រឆាំង​គណៈបក្ស​ប្រជាធិបតេយ្យ និង​សហជីព​ទាក់ទិន​នឹង​វិធានការ​ស្តី​ពី​ពលករ និង​ជម្លោះ​ទាក់ទិន​នឹង​ពន្ធ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​បី​ពិបាក​ក្នុង​ការ​សម្រេច​គោលដៅ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង មុខ​។

សភា​កា​ណា​ដា​ក៏​ត្រូវការ​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​នេះ​ដែរ ហើយ​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​កាល​បរិច្ឆេទ​គឺ​ពិតជា​ចង្អៀត ណាស់​៕