ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាវឃាត់ខ្លួនអ្នកសង្ស័យជាង ១ម៉ឺននាក់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសតាមអនឡាញ

1 ថ្ងៃ មុន

​ប្រទេសឡាវ៖​ អាជ្ញាធរឡាវបានឃាត់ខ្លួនអ្នកសង្ស័យចំនួន ​១០,៦៥១នាក់ ពី ៣១សញ្ជាតិ​ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ ក្នុងយុទ្ធនាការទូទាំងប្រទេសប្រឆាំងបទល្មើសតាមអនឡាញ និងការលេងល្បែងខុសច្បាប់។ ក្នុងអំឡុងពេលនេះ ប៉ូលិសក៏បានដោះស្រាយករណីពាក់ព័ន្ធចំនួន ១៥៣ករណីផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

អាជ្ញាធរបានបញ្ជាក់ថា បទល្មើសតាមអនឡាញកាន់តែស្មុគស្មាញ ដោយជនល្មើសប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតអត្តសញ្ញាណក្លែងក្លាយ និងក្លែងសំឡេង ឬមុខមនុស្សសម្រាប់ឆបោក។ ពួកគេក៏ប្រើកម្មវិធីកម្ចីខុសច្បាប់ ដើម្បីប្រមូលទិន្នន័យផ្ទាល់ខ្លួន និងប្រើគណនីក្លែងក្លាយសម្រាប់លាក់ប្រភពប្រាក់។

ក្នុងចំណោមប្រតិបត្តិការសំខាន់ៗ កាលពីខែកក្កដា ប៉ូលិសបានឆ្មក់ចូលអគារ ST Vegas នៅវៀងចន្ទន៍ និងឃាត់ខ្លួនមនុស្ស ៥៨៩នាក់ ព្រមទាំងរឹបអូសកុំព្យូទ័រ និងទូរស័ព្ទជាង ១០,០០០គ្រឿង។ នៅខែសីហា អាជ្ញាធរក៏បានឃាត់ខ្លួនជនជាតិចិន និងវៀតណាម ២៦១នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស Thatluang Lake។

ការបង្ក្រាបនេះក៏មានការសហការជាមួយប្រទេសជិតខាងផងដែរ។ កាលពីថ្ងៃទី១ ខែតុលា អាជ្ញាធរឡាវបានប្រគល់ជនជាតិចិន និងថៃ ១៩៦នាក់ទៅប្រទេសកំណើត ខណៈថ្ងៃទី៣ ខែតុលា បានប្រគល់ជនជាតិវៀតណាម ៣០នាក់ទៅអាជ្ញាធរវៀតណាម។ ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា មេក្លោងមួយចំនួននៅតែបញ្ជាប្រតិបត្តិការពីក្រៅប្រទេសតាមបណ្តាញអនឡាញ និងបន្តប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បីគេចពីការបង្ក្រាប៕