ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទសាលារៀនជាច្រើនកន្លែង ​ដោយសារភ្លៀង​ជោកជាំ នៅវៀតណាម ​

1 ថ្ងៃ មុន

​ប្រទេសវៀតណាម៖​ អាជ្ញាធរទីក្រុងដាណាំងបានអនុញ្ញាតឱ្យវិស័យអប់រំ និងអាជ្ញាធរមូលដ្ឋាន សម្រេចដោយខ្លួនឯងថា តើគួរផ្អាកការសិក្សាឬអត់ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅតំបន់នីមួយៗ ខណៈភ្លៀងខ្លាំងកំពុងបង្កើនហានិភ័យទឹកជំនន់ ទឹកជំនន់ភ្លាមៗ និងការបាក់ដី។ ​នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។​

អាជ្ញាធរបានជំរុញឱ្យមូលដ្ឋាននានាត្រៀមផែនការជម្លៀសប្រជាពលរដ្ឋនៅតំបន់ទំនាប និងតំបន់ជាប់ទន្លេ ព្រមទាំងហាមឃាត់ការចូលទៅកាន់តំបន់គ្រោះថ្នាក់ ដូចជាផ្លូវលិចទឹក អូរដែលមានទឹកហូរខ្លាំង និងតំបន់ជម្រាលភ្នំដែលងាយបាក់ដី។

ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ថ្ងៃទី៧ ខែតុលា តំបន់មួយចំនួនក្នុងដាណាំងបានទទួលភ្លៀងខ្លាំង ដោយតំបន់ Tam Ky មានបរិមាណទឹកភ្លៀងលើស ៦០មិល្លីម៉ែត្រ។ អាជ្ញាធរបានព្រមានថា ដីនៅតំបន់មួយចំនួនមានសភាពជ្រាបទឹកខ្លាំង ដែលអាចបង្កទឹកជំនន់ភ្លាមៗ និងការបាក់ដី ជាពិសេសនៅតំបន់ភ្នំ។

ដើម្បីការពារសុវត្ថិភាពសិស្ស និងគ្រូបង្រៀន អាជ្ញាធរដាណាំងបានត្រៀមកងកម្លាំងសង្គ្រោះ ឧបករណ៍ចាំបាច់ និងផែនការជម្លៀសប្រជាពលរដ្ឋ ប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងអាងទឹក និងទំនប់ត្រូវតាមដានភ្លៀង និងកម្ពស់ទឹកជាប្រចាំ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋនៅតំបន់ខាងក្រោមទាន់ពេលវេលា៕