ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់អាយុ៣ឆ្នាំរត់ឆ្លងថ្នល់ ស្របពេលរថយន្តមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ក៏បុក បណ្តាលឱ្យខ្ទាតប្រមាណជា១០ម៉ែត្ររងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៨ មេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលភ្លើង៣១-៣២ ចំណុចភូមិអូរស្អំ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ហុក ស្រីកែវ ភេទស្រី អាយុ៣ឆ្នាំ នៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ចំណែករថយន្តមួយគ្រឿងខាងលើ គ្មានស្លាកលេខ បើកបរដោយឈ្មោះលី លឿន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។
លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងខាងលើបានធ្វើដំណើរពីទិសខាងជើងទៅខាងត្បូង លើផ្លូវជាតិលេខ៥៩ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែកុមារីរងគ្រោះបានរត់ឆ្លងថ្នល់ ពេលនោះរថយន្តចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹង បណ្តាលឱ្យក្មេងស្រីរងគ្រោះខ្ទាតប្រមាណជា១០ម៉ែត្ររងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំទាំងអ្នកបើកបរ និងរថយន្តយកមកកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ចំណែកសពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យឪពុក ម្តាយ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ