ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​មិន​ត្រឹមតែ​ដកខ្លួន​ចេញ​ថែម​ទាំង​លុបឈ្មោះ​សហភាព​អ៊ឺ​រ៉ុ​ប​ពី​លិខិតឆ្លងដែន​ថ្មី​ទៀត

7 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​អង់គ្លេស​បាន​ចាប់ផ្តើម​ចេញ​លិខិតឆ្លងដែន​ថ្មី​ដែល​លុបឈ្មោះ​សហភាព​អ៊ឺ​រ៉ុ​ប​ចេញពី​គម្រប​មុខ​បើ​ទោះជា​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​នេះ​ត្រូវ​បាន​ពន្យា​ពេល​ពិតមែន​ក្តី ។

ការិយាល័យ​កិច្ចការ​ផ្ទៃក្នុង​បាន​បញ្ជាក់​ថា លិខិតឆ្លងដែន​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចេញ​ចាប់ពី​ថ្ងៃ​ទី​៣០ មីនា ទៅ​នឹង​មិន​មានឈ្មោះ EU ទៀត​ឡើយ ។ ប៉ុន្តែ​ពួក​គេ​បាន​បន្ថែម​ថា ឯកសារ​ធ្វើ​ដំណើរ​ដែល​ទើបតែ​ចេញ​ថ្មី​ៗ​អាច​នឹង​នៅ​មានឈ្មោះ​ក្រុម​ប្រទេស​នេះ​ដើម្បី​សន្សំ​ថវិកា​សាធារណៈ​។

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ថា ដើម្បី​ប្រើ​ឯកសារ​ដែល​មាន​ស្រាប់ និង​ចៀសវាង​ការ​ខ្ជះខ្ជាយ​ថវិកា​ប្រជាជន លិខិត​ឆ្លង​ដែក​ដែល​មានឈ្មោះ​សហភាព​អ៊ឺ​រ៉ុ​ប​នឹង​ត្រូវ​បាន​បន្ត​ចេញ​មួយ​រយៈ​សិន ។ អ្នកស្រី​បាន​បន្ថែម​ថា លិខិតឆ្លងដែន​ទាំង​ពីរ​មិន​មាន​ភាព​ខុស​គ្នា​ទេ ហើយ​ប្រជាជន​អាច​ប្រើ​លិខិតឆ្លងដែន​ទាំង​ពីរ​ប្រភេទ​ដើម្បី​ធ្វើ​ដំណើរ​បាន​។

អ្នកស្រី​នាយក​រដ្ឋមន្ត្រី Theresa May ត្រូវ​បាន​បង្ខំ​ឲ្យ​ស្នើ​សុំ​ការ​ពន្យា​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣០ មិថុនា ដើម្បី​ចៀសវាង​បង្ក​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ពេល​ដែល​ចាកចេញ​ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់ ។ ប៉ុន្តែ​វា​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា សមាជិក EU ទាំង ២៧​ប្រទេស​ទៀត​នឹង​អនុញ្ញាត​ឲ្យ​មានការ​ពន្យា​ពេល​នេះ ឬ​ទាមទារ​ឲ្យ​មានការ​ពន្យា​ពេល​កាន់តែ​យូរ​ទៀត​ឬទេ ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​អង់គ្លេស​ត្រូវ​ចាក​ចេញពី EU នៅ​ថ្ងៃ​ទី​២៩ មីនា កន្លង​មកនេះ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ពន្យា​ពេល​ព្រោះតែ​មានការ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​សម្រាប់​ការ​ចាកចេញ ៕