ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ជាង​៣០០​ផ្ទាំង​នឹង​ចង​តាម​ផ្លូវ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​គ្រោង​ចង​ផ្ទាំង​ផ្សព្វផ្សាយ​អប់រំ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ជាង​៣០០​ផ្ទាំង​នៅ​តាម​ដងផ្លូវ​ទាំង​២៥​រាជធានី​-​ខេត្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដើម្បី​ជា​សារ​ក្រើនរំឭក​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស និង​មិន​យកចិត្តទុកដាក់​ក្នុង​ការ​បើកបរ​។ លោក គឹ​ម បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រុម​បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​គ្រោង​ចង​ផ្ទាំង​ផ្សព្វផ្សាយ​អប់រំ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ជាង​៣០០​ផ្ទាំង​នៅ​តាម​ដងផ្លូវ​ទាំង​២៥​រាជធានី​-​ខេត្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដើម្បី​ជា​សារ​ក្រើនរំឭក​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស និង​មិន​យកចិត្តទុកដាក់​ក្នុង​ការ​បើកបរ​។

លោក គឹ​ម បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែមេសា នេះ​ថា ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិខ្មែរ​នេះ ក្រុមការងារ​របស់​លោក បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​ចំណតរថយន្ត ផ្លូវជាតិ​សំខាន់​ៗ​ដូច​ជា ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៦​ជាដើម ខណៈ​ផ្ទាំង​ផ្សព្វផ្សាយ​ជាង​៣០០​ផ្ទាំង​ស្តី​ពី​ការ​អប់រំ​ច្បាប់ ចរាចរណ៍​ផ្លូវគោក​មាន​ដូច​ជា បម្រាម​បើកបរ​ក្នុង​ល្បឿន​ហួសកំណត់​, ការ​បើកបរ​ពេល​ស្រវឹង​, ការ​មិន​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​, ការ​មិន​គោរព​សិទ្ធិ​អាទិភាព​, ការ​បត់​ជែង​ដោយ​ប្រថុយប្រថាន​ជាដើម​នេះ នឹង​ត្រូវ​ចង​នៅ​តាម​ដងផ្លូវ​ទាំង​២៥​រាជធានី​-​ខេត្ត​។

ទោះជា​យ៉ាងនេះ​ក្តី លោក​នៅ​តែ​ស្នើ​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​រឹត​បន្តឹង​ច្បាប់ និង​ការ​ពិន័យ​ចំពោះ​អ្នក​ល្មើស​ជា​ជាង​ពឹង​ទៅ​លើ​សារ​អប់រំ និង​ការ​អំពាវនាវ ដែល​តែងតែ​ធ្វើ​ឡើងជា​រឿយ​ៗ​។ យោង​តាម​របាយ​ការ​ណ៏​បាន​បង្ហាញ​ថា អ្នក​ស្លាប់​ក្នុង​ឱកាស​ពិធីបុណ្យ​សំខាន់​ៗ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តែង​មាន​និន្នាការ​កើនឡើង​ខុស​ពី​ថ្ងៃ​ធម្មតា​។ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ជាតិ​នានា ច្រើន​បង្ក​ឡើង​ដោយ​ការ​បើកបរ​ហួស​ល្បឿន​កំណត់​, ការ​បើកបរ​ក្នុង​ពេល​ស្រវឹង​, ការ​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​នៅ​លើ​ដងផ្លូវ​, ការ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​, បើកបរ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​, ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ​ជាដើម​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ក្រើនរំឭក​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​នឹង​កើនឡើង​ខ្ពស់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។ សម្ដេច​បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​តែងតែ​កើត​មាន​ក្នុង​អត្រា​ខ្ពស់​នៅ​ក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិ​ធំ​ៗ​ដូច​ជា​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​នេះ ជាដើម​។ សម្ដេច​ក្រឡាហោម អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប និង​ទប់ស្កាត់​ការ​បាត់បង់​អាយុជីវិត​របស់​ប្រជា​ព​រដ្ឋ​ដែល​បង្ក​ឡើង​ដោយ​កត្តា​ហានិភ័យ​នេះ​។

សម្ដេច​បន្ត​ថា មុន​នឹង​បើកបរ​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជា​និច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ ជាដើម​។ ជាមួយ​គ្នា​នេះ ក៏​កុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​, ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជា​និច្ច​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​, ត្រូវ​គោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជា​និច្ច ។

សម្តេច​បាន​បន្ត​ទៀត​ថា មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត​, មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត​, មិន​ត្រូវ​បត់ ឬ វ៉ា​ជែង ក្នុង​ភាព​ប្រថុយប្រថាន ឬ​ធ្វេសប្រហែស​, មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក​ជា​ដាច់ខាត និង​ត្រូវ​មាន​អ្នកបើកបរ​បម្រុង​សម្រាប់​ប្តូរ​វេន​។ ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។ ហាម​ការ​បាច់ទឹក​លើ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ