ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កន្លងមកថា សហភាពអ៊ឺរ៉ុបនឹងប្រាប់អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុយមកពីសេដ្ឋកិច្ចធំៗទាំង២០នៅសប្តាហ៍នេះថា ពួកគេត្រូវតែដោះស្រាយបញ្ហាដែលបង្កឲ្យមានភាពតានតឹងពាណិជ្ជកម្មជុំវិញពិភលោកព្រោះវាកំពុងតែប៉ះពាល់ដល់ការលូតលាស់ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងប្រធានធនាគារជាតិមកពី Group of 20 ដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំៗ នឹងជួបគ្នានៅរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃទី១១ ដល់១២ ខែមេសា ដើម្បីពិភាក្សាពីបញ្ហាធំៗដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ EU បាននិយាយកាលពីថ្ងៃសៅរ៍ មកថា «ភាពតានតឹងពាណិជ្ជកម្មបច្ចុប្បន្នបានបង្កហានិភ័យដល់ការលូតលាស់ និងជាប្រភពនៃកង្វល់ទាំងឡាយ»។
សហរដ្ឋអាមេរិក និងប្រទេសចិនកំពុងតែជាប់ក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលបង្កភាពចលាចល់ដល់ទីផ្សារពិភពលោក ។
មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយក្នុងរបាយការណ៍ប្រចាំខែមេសា របស់ពួកគេកាលពីសប្តាហ៍មុនដែរថា ការធ្ងន់ធ្ងរឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនអាចកាត់បន្ថយការលូតលាស់សេដ្ឋកិច្ចអាមេរិកប្រមាណដល់ទៅ ០.៦% និងប្រទេសចិនប្រមាណ១.៥%ផងដែរ ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ EU បានឲ្យដឹងទៀតថា «សហគមន៍អន្តរជាតិត្រូវតែដោះស្រាយមូលហេតុបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែកើតមានឡើងដោយធានាថាមានបរិស្ថានយុត្តិធម៌សម្រាប់ការធ្វើពាណិជ្ជកម្មផលិតផលនិងសេវាកម្ម ការវិនិយោគ និងសិទ្ធិកម្មសិទិ្ធបញ្ញាដែលបើកទូលាយ និងសេរី»។
សហរដ្ឋអាមេរិកក៏កំពុងតែចរចាជាមួយនឹងសហភាពអ៊ឺរ៉ុបទាក់ទិននឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយបន្ទាប់ពីបានដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមអ៊ឺរ៉ុបកាលពីឆ្នាំមុន និងគម្រាមថានឹងដាក់ពន្ធលើរថយន្តអ៊ឺរ៉ុបផងដែរ ។
EU បាននិយាយថា «ពួកយើងបន្តការប្តេជ្ញាសាជាថ្មីម្តងទៀតក្នុងការរក្សាសេដ្ឋកិច្ចពិភពលោកបើកទូលាយ និងយោងតាមច្បាប់ ដើម្បីគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីទូលំទូលាយជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក និងរក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិដូចតាមអ្វីដែលគ្រោងផងដែរ»៕
ចែករំលែកព័តមាននេះ