ទីក្រុងកៀវ៖ រុស្ស៊ីកាលពីយប់មិញបានវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងក្លា បណ្ដាលឱ្យមនុស្សយ៉ាងតិច២៣នាក់ស្លាប់ និង១៣០នាក់ទៀតរងរបួស។ ការវាយប្រហារទៅលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែននោះកើតមានឡើងបន្ទាប់ពីរុស្ស៊ីព្រមានថាខ្លួននឹងវាយប្រហាររដ្ឋធានីកៀវម្ដងហើយម្ដងទៀតដើម្បីជាការសងសឹកករណីដែលអ៊ុយក្រែនវាយប្រហារកន្លែងស្នាក់នៅរបស់និស្សិតនៅតំបន់លូហាន (Luhansk) កាលពីខែឧសភា។ អ៊ុយក្រែនធ្លាប់បានបដិសេធរួចហើយថានោះមិនមែនជាស្នាដៃរបស់ខ្លួនទេ។

គិតទៅ មិនដល់រយៈពេលមួយខែទេដែលរុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងកៀវ។ ឆ្លៀតឱកាសនេះ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គីបានអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្តផ្ដល់មីស៊ីលការពារដែនអាកាសដើម្បីទប់ទល់នឹងការវាយលុករបស់រុស្ស៊ីដែលប្រើសុទ្ធតែមីស៊ីលទំនើបៗ។ អ៊ុយក្រែនកំពុងតែពិបាកមិនតិចនោះទេដោយសារតែសម្ព័ន្ធមិត្តនៅបស្ចិមប្រទេសហាក់ដូចជារយាលដៃបន្តិចពីខ្លួនព្រោះពួកគេកំពុងយកចិត្តទុកដាក់ទៅលើសង្គ្រាមអ៊ីរ៉ង់ខ្លាំងជាង។

លោកហ្សេឡិនស្គីថ្លែងថារុស្ស៊ីនឹងវាយប្រហារទ្រង់ទ្រាយធំជាថ្មីទៀតនៅក្នុងរាត្រីនេះ។ លោកថាបើយោងតាមព័ត៌មានសម្ងាត់ដែលយើងទទួលបាន ការវាយប្រហារខ្នាតធំនឹងកើតមាននៅយប់នេះទៀត។ ហេតុនេះ លោកសូមអំពាវនាវយ៉ាងទទូចឱ្យប្រជាជនអ៊ុយក្រែនបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រងត្រាប់ស្ដាប់សំឡេងស៊ីរ៉ែនប្រកាសអាសន្ន។ លោកបញ្ជាក់ជាថ្មីម្ដងទៀតថាអ៊ុយក្រែនឥឡូវនេះកំពុងតែខ្វះខាតអាវុធសម្រាប់យកទៅតទល់ជាមួយការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

លោកថ្លែងបន្តទៀតថាគួរឱ្យស្ដាយ បរិមាណផ្គត់ផ្គង់ផ្នែកប្រព័ន្ធការពារដែនអាកាសរបស់យើងមានលក្ខណៈអត្តខ័ត ដែលជាហេតុធ្វើឱ្យយើងមិនអាចបាញ់ទម្លាក់គ្រាប់មីស៊ីលឱ្យបានច្រើននោះទេ។ លោកថាកាលពីយប់មិញ រុស្ស៊ីវាយប្រហារដោយមីស៊ីល៧០គ្រាប់ និងដ្រូន៦៥០គ្រឿង។ នៅពេលថ្ងៃ រុស្ស៊ីឆ្លៀតបញ្ជូនដ្រូន១០០គ្រឿងថែមទៀតទៅវាយប្រហារ។ កាលពីមុននេះ លោកហ្សេឡិនស្គីបានជំរុញឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ជូនប្រព័ន្ធមីស៊ីលម៉ាកផេទ្រាត (Patriot) បន្ថែមទៀតទៅអ៊ុយក្រែន។ លោកថាប្រសិនបើអ៊ុយក្រែនមិនត្រូវបានការពារពីការវាយប្រហារដោយគ្រាប់មីស៊ីលបលលីសស្ទីក (ballistic) និងមីស៊ីលដទៃទៀតទេ ពេលនោះរុស្ស៊ីនៅតែបន្តវាយប្រហារជានិច្ច៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ