ប្រើសត្វស្វាអង្គុយសំពះសុំទានកំពុងទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា (មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ធ្លាប់តែឃើញគេប្រើឧបករណ៍ភ្លេងបុរាណដើម្បីសុំទាននៅតាមទីសាធារណៈនានា ចំណែកបុរសម្នាក់នេះបានប្រើសត្វស្វាមួយក្បាលអង្គុយសំពះសុំទាន ដោយមានធុងមួយដាក់ពីមុខ និងចង្កៀងប្រេងកាតចំនួន២ដុតបំភ្លឺអមសងខាងសត្វស្វាមួយក្បាលនោះ ហើយបុរសជាម្ចាស់អង្គុយនៅពីក្រោយសត្វស្វានោះ ធ្វើឱ្យមានការចាប់អារម្មណ៍ និងទាក់ទាញដល់មនុស្សជាច្រើននាំគ្នាមកចោមរោមមើល និងដាក់លុយឱ្យគ្រប់ៗគ្នា ក្នុងខណៈពេលប្រជាពលរដ្ឋជាច្រើនដែលបានទៅចូលរួមកម្មវិធីសង្ក្រាន្តខណ្ឌពោធិសែនជ័យនៅក្នុងសាលាវិទ្យាល័យជម្ពូវ័ន្ត កាលពីយប់ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៩ ។

បុរសជាម្ចាស់សត្វស្វាមួយក្បាលខាងលើនេះមិនបានប្រាប់អំពីអត្តសញ្ញាណ ឬទីលំនៅរបស់គាត់ច្បាស់លាស់ឡើយ។

បើតាមបុរសជាម្ចាស់សត្វស្វាមួយក្បាលខាងលើនេះបានបញ្ជាក់ប្រាប់ឱ្យដឹងថា សត្វស្វាមួយក្បាលរបស់គាត់នេះជាស្វាញី និងមានអាយុ ប្រមាណជាជិត៣ឆ្នាំ ដោយគាត់បានចិញ្ចឹម និងបង្ហាត់បង្រៀនវាអោយចេះអង្គុយសំពះបែបនេះតាំងពីវានៅតូចមកម្ល៉េះ។

បុរសជាម្ចាស់សត្វស្វាបានបន្តថា សត្វស្វាញីមួយក្បាលរបស់គាត់នេះវាចេះ និងស្តាប់បង្គាប់គាត់ណាស់ ដោយគាត់បង្គាប់អោយវាអង្គុយសំពះនៅទីណា វានៅអង្គុយនៅទីនោះមួយកន្លែងមិនហ៊ានរើ ឬក៏ដើរចេញឡើយ ហើយគាត់ប្រើវាអង្គុយសំពះសុំទានបែបនេះជាច្រើនឆ្នាំមកហើយ និងទៅគ្រប់ទីកន្លែងផងដែរ។

ក្នុងយប់នោះដែរ គេឃើញមនុស្សប្រុសស្រីចាស់ក្មេងជាច្រើនមានការចាប់អារម្មណ៍ទៅនឹងសត្វស្វាដ៏ចេះមួយក្បាលនេះ ដែលម្ចាស់ប្រើអោយអង្គុយសំពះសុំទាន ដោយមានដាក់ធុងមួយនៅខាងមុខ មិនតែប៉ុណ្ណោះក៏មានចង្កៀងប្រេងកាតចំនួន២ដុតបំភ្លឺនៅខាងមុខផងដែរនោះ ធ្វើឱ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាំគ្នាមកឈរចោមរោមមើល និងដាក់លុយអោយគ្រប់ៗគ្នា ម្យ៉ាងទៀតសត្វស្វានោះវាចេះធ្វើមុខ ធ្វើមាត់កំប្លែង និងពេលខ្លះវាធ្វើជាបន្លំចាប់ដៃគេនៅពេលដែលអោយលុយវាទៀតផង៕











ចែករំលែកព័តមាននេះ