ពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ជាជនពិការខេត្តបាត់ដំបង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ មានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីប្រគល់ជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ស្រុកថ្មគោល ជាជនពិការចំនួន ១៥៨នាក់ និងស្រុកបវេលចំនួន៣១៨នាក់ ។

ក្នុងពិធីនោះដែរមានការចូលរួមពីលោក ឆាយ សារេត សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធាន គណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាប្រធាន ស.អ.ក ខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជន ជាជនពិការ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស២០១៩ ដែលនឹងជិតចូលមកដល់ខាងមុខនេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកថ្មគោល ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

និងមានការអញ្ជើញចូលរួមពីអស់លោក លោកជំទាវ គណៈប្រតិភូគណៈកម្មាធិការ គណបក្សខេត្ត, លោក ឧត្តមសេនីយ៍ត្រី តាល់ សំអឿន នាយសេនាធិការរង យោធភូមិភាគទី៥, លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង នៃស្នងដ្ឋាននគរបាលខេត្ត សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត, លោកវរសេនីយ៍ឯក អុឹម ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត, លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក, ក្រុមការងារ ស.អ.ក ខេត្ត-ស្រុក, លោកប្រធាន អនុប្រធានសាខាឃុំ អាជ្ញាធរដែនដី សរុបចំនួន៤៤នាក់ ។

ក្នុងពិធីនេះដែរ ថវិការបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឧបត្ថម្ភជូនអតីតយុទ្ធជន ស្រុកថ្មគោល ជាជនពិការចំនួន១៥៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល។

ក្រោយពីលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នូច ប្រធាន ស.អ.ក ខេត្ត ធ្វើរបាយការណ៍ស្វាគមន៍ បង្ហាញពីស្ថានភាពទូទៅរបស់ សមាគម អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងរួចមក លោក ឆាយ សារេត សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធាន គណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា សន្តិភាពដែលបានមកនេះ មិនមែនកើតឡើងដោយឯកឯងនោះទេ គឺជាការយកអាយុជីវិតធ្វើជាដើមទុន ក្នុងការរំដោះប្រទេសជាតិឲ្យចាកផុតពីសង្គ្រាម បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃនេះ ។

លោកបានបញ្ជាក់ថា ដើម្បីការពារ និងថែរក្សានូវសន្តិភាពនេះ ឲ្យបានជារៀងរហូត យើងត្រូវស្មោះត្រង់ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនជានិច្ច ទោះបីបងប្អូនធ្លាក់ខ្លួនជាជនពិការក៏ដោយ ព្រោះបងប្អូនជាអ្នកមានគុណបំណាច់បានប្តូរសាច់ស្រស់ឈាមស្រស់ដើម្បីការពារប្រទេសជាតិរបស់យើង និងបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ៕












ចែករំលែកព័តមាននេះ