ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រល័យ​ជីវិត​ម្នាក់​ក្នុង​ចំណោម​បងប្អូន​៣​នាក់​ពេល​ដើរ​រើស​ខ្យង​តាម​ផ្លូវ​ទៅ​ផ្ទះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​ដើរ​រើស​ខ្យង​តាម​ស្រែ​ដែល​ភ្ជួរ​រួច​នៅ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង និង​ខ្យល់​ត្រូវ​រន្ទះបាញ់ បណ្តាល​ស្លាប់​ម្នាក់ ចំណែក​២​នាក់​ទៀត​ដួល​សន្លប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​បឹង​អា​គោ…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​ដើរ​រើស​ខ្យង​តាម​ស្រែ​ដែល​ភ្ជួរ​រួច​នៅ​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង និង​ខ្យល់​ត្រូវ​រន្ទះបាញ់ បណ្តាល​ស្លាប់​ម្នាក់ ចំណែក​២​នាក់​ទៀត​ដួល​សន្លប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​បឹង​អា​គោ ភូមិ​សាយ​សា​ម៉​ន ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​ទាំង​៣​នាក់​ខាងលើ​ដែល​រង​គ្រោះ​ដោយសារ​រន្ទះបាញ់ រួម​មាន​១-​ឈ្មោះ ភៀន សូ​រិ​យា ភេទ​ស្រី អាយុ​១០​ឆ្នាំ បាន​ស្លាប់ ២-​ឈ្មោះ ម៉ៅ សុ​ឃី​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បាន​រង​របួស​សន្លប់ និង​៣-​ឈ្មោះ ម៉ៅ វិចិត្រ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ បាន​រង​របួស​សន្លប់ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​សំដី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះទាំង​​៣​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ពេលទំនេរ​ពី​ការ​សិក្សា​ពួក​គេ​នាំ​គ្នា​ដើរ​រើស​ខ្យង​លក់​ជា​រៀងរាល់ថ្ងៃ ជាក់ស្តែង​នៅ​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​ហូប​បាយ​ព្រឹក​រួច​ហើយ ជន​រង​គ្រោះ​ទាំង​៣​នាក់​បងប្អូន​បាន​ដើរ​រើស​ខ្យង​តាម​វាលស្រែ​កន្លែង​ដែល​ភ្ជួរ​ដោយ​ត្រាក់ទ័រ ឬគោ​យន្ត​រួច​ហើយ​។

នៅ​ពេល​ដែល​កំពុង​ដើរ​រើស​ខ្យង​នា​រសៀល​ថ្ងៃ​កើតហេតុ ស្រាប់តែ​មាន​ខ្យល់​ខ្លាំង និង​ភ្លៀង​កំពុង​ធ្លាក់​តែ​ជន​រង​គ្រោះ​ទាំង​៣​នាក់​បងប្អូន​បាន​ដើរ​រើស​ខ្យង​បណ្តើរ ក្នុង​គោលបំណង​ដើរ​សំដៅ​ទៅ​ផ្ទះ ស្រាប់តែ​មាន​រន្ទះ​បាន​បាញ់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់​បងប្អូន​ដួល​ទៅ​ដី​កណ្តាល​វាលស្រែ ហើយ​អ្នក​ភូមិ​ដែល​ភ្ជួរស្រែ​នៅ​ក្បែរ​នោះ​រត់​មក​ជួយ​ឃើញ​ក្មេង​ប្រុស​ស្រី​ទាំង​បី​នាក់​ដួល​សន្លប់ ហើយ​ពួក​គាត់រ​ត់ទៅ​ប្រាប់​អ្នក​ជិតខាង​ឱ្យមក​ជួយ​ទៀត ដោយ​ដឹក​ជន​រង​គ្រោះ​ទាំង​៣​នាក់​តាម​គោ​យន្ត​កន្ត្រៃ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី តែ​ជា​អកុសល​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៣​នាក់​បងប្អូន​បង្កើត គឺ​បណ្តាល​ឱ្យ​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ចំណែក​ក្មេង​ប្រុស​ចំនួន​២​នាក់​ទៀត​សន្លប់​រង​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជន​រង​គ្រោះ​៣​នាក់​បងប្អូន​បង្កើត​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់​នៅ​ពេល​ដែល​កំពុង​ដើរ​រើស​ខ្យង​នៅ​កណ្តាល​វាលស្រែ ហើយ​ក្មេង​ប្រុស​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​នោះ អាជ្ញាធរ​បាន​រាយការណ៍​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​នាំ​យក​អំណោយ​មក​ប្រគល់​ជូន​គ្រួសារ​រង​គ្រោះ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩​ដែល​ដឹកនាំ​ដោយ​លោក លី សារី ប្រធាន​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​រួម​ជាមួយ​អនុ​សាខា​កាកបាទក្រហម​ស្រុក​មង្គល​បូ​រី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ