ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ត្រីមាស​ទី​១​ មាន​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ខែ​ដំបូង ឬ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩​នេះ ការ​ស្នើ​សុំ​អនុញ្ញាត​សាងសង់​អគារ នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយា​ដី រាជធានី​ភ្នំពេញ មាន​ជាង​៣០០​គម្រោង…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ខែ​ដំបូង ឬ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩​នេះ ការ​ស្នើ​សុំ​អនុញ្ញាត​សាងសង់​អគារ នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយា​ដី រាជធានី​ភ្នំពេញ មាន​ជាង​៣០០​គម្រោង គិត​ជា​ទុន​វិនិយោគ​មាន​ប្រមាណ​ជាង ៤០​ម៉ឺន​ដុល្លារ ។ នេះ​បើ​តាម​ប្រសាសន៍​របស់ លោក ស បំណង អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​រាជធានី ។

លោក ស បំណង មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៥​មេ​សា​ម្សិលមិញ​ថា កាលពី​ឆ្នាំ​២០១៨ មន្ទីរ​អនុញ្ញាត​គម្រោង​សាងសង់​មាន​ចំនួន​ជាង​១.០០០​ម្រោ​ង ។ ដោយឡែក​នៅ​ក្នុង​រយៈពេល​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ មន្ទីរ​ទទួល​បាន​គម្រោង​ស្នើ​សុំ​៣៣៩​គម្រោង (​រាប់​ប​ញ្ជូ​ល​តាំងពី​ថ្នាក់​ខណ្ឌ​, ថ្នាក់​ក្រុង​និង​ថ្នាក់ ក្រសួង​) ហើយ​គិត​ជា​ទុន​វិនិយោគ​ប៉ាន់ស្មាន​មាន​ប្រមាណ​៤១៩.២២៥ ដុល្លារ​អា​មេ​រិ​ក​។

លោក ស បំណង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​គម្រោង​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ក្នុង​រយៈពេល​ត្រី​មាស​ទី​១​ឆ្នាំ​នេះ បើ​ប្រៀបធៀប​និង​ឆ្នាំ​២០១៨ កន្លង​ទៅ​មាន​លក្ខណៈ​ប្រហាក់ ប្រហែល​គ្នា​ក្នុង​មាន​ទាំង​គម្រោង​អគារ​ខ្ពស់​ៗ​ផង​ដែរ​» ។ លោក​បន្ថែម​ថា «​អគារ​ខ្ពស់​ៗ​នៅ​ក្រុងភ្នំពេញ​វា​បាន​ចូលរួម​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា ខុស​ប្លែក​កាលពី​ពេល​មុន​ដែល​ក្រុងភ្នំពេញ​មិន​មាន​អគារ​ខ្ពស់​ៗ ។​ម្យ៉ាងទៀត​វា​ចូលរួម​បង្ហាញ​ពី​ទំនុកចិត្ត​ទៅ​ដល់​វិនិយោគិន​ក្នុងស្រុក​និង​បរទេស​ឱ្យ​មាន​ទំនុកចិត្ត​មក​លើ​ប្រទេស​កម្ពុជា»​។

ទាក់ទង​និង​គម្រោង​អគារ​ខ្ពស់​នៅ​ក្រុង ភ្នំពេញ​គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុប​គ្រោង​ដាក់​ឱ្យ​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ខ្នាត​អន្តរជាតិ ដែល​កម្ពស់​១៤​ជាន់ នៅ​ឆ្នាំ​ក្រោយ ដែល​មាន​ទីតាំង​ក្បែរ​សារមន្ទីរ​ជាតិ​។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ដែល​ចេញផ្សាយ​ថ្មី​ៗ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា គិត​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៨​នេះ គម្រោង​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​នៅ​រាជធានី​ភ្នំពេញ​មាន​រហូត​ដល់​១.២១៧​អគារ​។

លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​ថា «​កំណើន​អគារ​ខ្ពស់​ៗ​នេះ វា​បាន​ផ្តល់​ការងារ​ធ្វើ​ដល់​កម្មករ​យើង​បាន​យ៉ាងច្រើន​, ផ្តល់​ចំណេះដឹង​ផ្នែក​ជំនាញ​ក្នុង​វិស័យ​សំណង់​, បាន​ផ្តល់​នូវ​ប្រាក់​ចំណូល​ដល់ អ្នកបច្ចេកទេស​និង​កម្មករ​ជំនាញ​,​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ពាក់ព័ន្ធ​អគារ​ខ្ពស់​នៅ​កម្ពុជា​យើង​»​។

លោក​សង្កត់ធ្ងន់​ថា « ការ​កំ​ហុ​ក​សង់​អគារ​ខ្ពស់​ៗ​នៅ​ប្រទេស​កម្ពុជា​យើង​គឺ​ដោយសារ​តែ​អ្នក​វិនិយោគ​មាន​ទំនុកចិត្ត​ខ្ពស់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​កម្ពុជា​សុខ​សន្តិភាព​, មាន​ស្ថិរភាព​នយោបាយ​ល្អ​, ប្រទេស​មានការ​អភិវឌ្ឍ​ទៅ​មុខ​, មាន​ម៉ាក្រូសេដ្ឋកិច្ច​រក្សា​បាន​ល្អ​, មានច្បាប់​នៃ​ការ​វិនិយោគ​និង​ច្បាប់​សាង​សង់ បូក​រួម​នឹង​គតិ​យុ​ត្ត​មួយ​ចំនួន​របស់​កម្ពុជា​មាន​ភាព​អនុគ្រោះ​ដល់​ការ​សាងសង់​អគារ​ខ្ពស់​។​ពិសេស​ច្បាប់​ស្តី​ពី​ការ​ផ្តល់​សិទ្ធកម្ម​សិទ្ធ​លើ​ចំណែក​ឯកជន​នៃ​អគារ សហកម្មសិទ្ធិ​របស់​ជនបរទេស​ទាំងអស់​ហ្មឹ​ង ធ្វើ​ឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​រីក​ដុះដាល​ឡើង​»​។

លោក ឡៅ ទិព្វ​សីហា បន្ត​ថា « ការ​រីក​ដុះដាល​នៃ​អគារ​ខ្ពស់​ៗ​បង្ហាញ​ឱ្យ​ឃើញ ពី​ភាព​រីក​ចម្រើន​ពី​ការ​កែប្រែ​មុខមាត់​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ជា​ប្រទេស​មានកា​រវិ​វត្ត​ដូច​ប្រទេស​នានា​។​លើស​ពី​នេះ​ជួយ​កែ​លម្អ​សម្រស់​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់​ខ្លាំង​ឡើង បើសិន​យើង​ពីលើ​អគារ​ខ្ពស់​ណាមួយ​នៅ​ក្រុងភ្នំពេញ បង្ហាញ​ថា​មាន​ភាព​រីក​ដុះដាល​យើង​ខ្លាំង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ