ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លឺ ឡាយ​ស្រេង ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​បើកភ្លើង​ខៀវ​ពី​សម្តេច​តេ​ជោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩​នេះ ។…

រាជធានី​ភ្នំពេញ ៖ លោក លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩​នេះ ។ ការ​វិល​ចូល​ប្រទេស​កំណើត​វិញ​របស់​លោក​លឺ ឡាយ​ស្រេង បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ហៅ​ឲ្យ​លោក​ចូល​ប្រទេស​វិញ​គ្មាន​ការ​ចាប់ខ្លួន​។

នៅ​ពេល​មក​ដល់​ទឹកដី​កំណើត​វិញ​លោក លឺ ឡាយ​ស្រេង បាន​មក​ដល់​ទឹកដី​កំណើត​ជា​លើក​ដំបូង បន្ទាប់​ពី​និរទ្ទេស​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ ក្រោយ​មាន​បណ្តឹង​ពី​មេធាវី​សម្តេច​តេ​ជោ និង​មេធាវី​តំណាង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ក្នុង​ករណី​ប្រមាថ​ព្រះមហាក្សត្រ និង​មាក់ងាយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ​។

ក្រោយ​ពេល​មក​ដល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា​នេះ លោក​លឺ ឡាយ​ស្រេង​បាន​ថ្លែងប្រាប់​ដោយ​ការ​ត្រេកអ​រថា មិន​នឹក​ស្មានថា​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទេ គឺ​ពិត​ជា​សប្បាយ​ជា​ខ្លាំង ដោយ​បាន​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​ជាមួយ​ជនរួមជាតិ​នៅ​ទូ​ទាំង​ប្រទេស​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ចូល​មក​ស្រុក​ខ្មែរ​វិញ ដោយ​បាន​មក​ទាន់​ចូល​ឆ្នាំ ។ ចូល​ឆ្នាំ​ថ្មី​នេះ ជូន​ព្រះ​ពរ​ដល់​ហ្លូ​ង​ម៉ែ ព្រះករុណា ព្រមទាំង​សាច់សាលោហិត​ញាតិវង្ស​ទាំងអស់​ឲ្យ​ជួប​តែ​សេច​ក្តីសុខ សេចក្តីចម្រើន ។ សូម​ជូនពរ​សម្តេច​ដែល​បាន​ឲ្យ​ចូល​មក​វិញ​។ ជូនពរ​សម្តេច និង​ក្រុម​គ្រួសារ​ឲ្យ​បាន​ជួប​សេចក្តីសុខ និង​សេចក្តី​សប្បាយ​»​។

សូម​បញ្ជាក់​ថា លោក លឺ ឡាយ​ស្រេង បាន​ទៅ​រស់នៅ​បរទេស​ក្រោយ​ពី​ជាប់​ពាក់ព័ន្ធ​ប្រមាថ​ព្រះ​មហា​ក្សត្រ​​កម្ពុជា ។ ហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៧ លោក លឺ ឡាយ​ស្រេង និង​លោកស្រី គី លំអង អតីត​មន្ត្រី​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​បើក​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ដោយ​លើក​ឡើង​ថា ប្រសិនបើ​ព្រះមហាក្សត្រ​ទ្រង់​មិន​អាច​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​បាន​ទេ ទ្រង់​គួរ​ដាក់រាជ្យ​វិញ​ទៅ ។ ក្នុង​នោះ​លោក លឺ ឡាយ​​ស្រេង ថ្លែង​ថា «​អត់​ទេ បើ​មិន​ហ៊ាន​ទេ​ឲ្យ​ដាក់រាជ្យ ទៅ​ឲ្យ​យក​គេ​ទៅ​ធ្វើ​ម្តង​វិញ មាន់គ្រាវ​អុីចឹង​នោះ» ។

ការ​សន្ទនា​ជាង​៤​នាទី​នោះ លោក លឺ ឡាយ​ស្រេង ក៏​បាន​រិះគន់​សម្ដេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថា ជា​អ្នកនយោបាយ​ដែល​អង្គុយ​ចាំ​ទទួលយក​តែ​ផល ដោយ​មិន​ចេះ​អៀនខ្មាស់ និង​ធ្វើ​ឲ្យ​បាត់​ព្រះ​កិត្តិនាម ព្រះរាជ​វង្សានុវង្ស ។

ប៉ុន្តែ​ក្រោយ​ពី​បែកធ្លាយ​សារ​សន្ទនា​នេះ​ក៏​មានការ​ដាក់​ពាក្យបណ្តឹង​ពី​ខាង​ក្រុម​មេធាវី​សម្តេច​តេ​ជោ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។ ក្រោយមក​ទាំង​លោក​ព្រឹទ្ធាចារ្យ និង​លោក​ស្រី គី លំអង ក៏​បាន​សុំ​ទោស​ជា​សាធារណៈ បើ​ទោះជា​មានការ​សុំ​ទោស​បែប​នេះ​ក្តី ម្ចាស់​បណ្ដឹង គឺ​គណ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ក៏​នៅ​តែ​មិន​អើពើ ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​នា​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន​សែន​បាន​ថ្លែង​ថា លោក លឺ ឡាយ​ស្រេង ចូល​ស្រុក​វិញ​បាន ដោយ​មិន​ចាំ​ចាប់​ធ្វើ​ជា​លិខិតស្នើ​សុំ​អ្វី​នោះ​ទេ ។ សម្តេច​ក៏​បាន​បក់ដៃ​ឲ្យ​លោក​ចូល​ស្រុក​ឆាប់​ផង​ដែរ​។ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ តាម​រយៈ​ការ​ឡាយ​វី​ដេ​អូ​ប្រហែលជា​៦​នាទី លោក លឺ ឡាយ​ស្រេង បាន​ស្នើ​សុំ​សម្តេច​តេ​ជោ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ។

តាម​រយៈ​វី​ដេ​អូ​ដដែល​នោះ លោក​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​នៅ​ស្រុក​គេ​ដែល​រស់នៅ​ដោយ​គ្មាន​សាច់​ញាតិ រស់នៅ​ផ្ទះ​ជួល​ក្នុង​១​ខែ​២០០​ដុល្លារ ។ ជា​ពិសេស​លោក​បាន​និយាយ​ថា ចុងបញ្ចប់​នៃ​ជីវិត​របស់​លោក គឺ​ចង់​ស្លាប់​នៅ​លើ​ទឹកដី​កំណើត​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ