រាជធានីភ្នំពេញ ៖ កាលពីថ្មីៗកន្លងទៅនេះ នៅសាលតាំងពិព័រណ៍កោះពេជ្រ សមាគមស្រាទំពាំងបាយជូរព្រៃបានចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិធីផលិតផល បន្លែ និងផ្លែឈើ ។ លោក នូ វិរៈ ប្រធានសមាគមស្រាទំពាំងបាយជូរព្រៃដែលមានទីតាំងនៅភូមិត្បែងជ្រុំ ឃុំត្នោតជ្រុំ ស្រុកក្រគរ ឱ្យដឹងថា សមាគមរបស់លោកផលិតស្រាទំពាំងបាយជូរព្រៃ គោរពទៅតាមបទដ្ឋានស្ដង់ដា ទាំងអនាម័យនិងគុណភាព ។
ចំពោះការដាក់តាំងពិព័រណ៍ពាណិជ្ជកម្មនាពេលនេះបានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍សំខាន់របស់ស្រាទំពាំងបាយជូរព្រៃគឺភាពរីករាយ និងអារម្មណ៍ស្រស់ថ្លា និងមានឱកាសស្វែងរកដៃគូសហការពង្រីកទីផ្សារទាំងក្នុងនិងក្រៅប្រទេស ។ លោកបានបញ្ជាក់ទៀតថា ក្នុងការផលិតស្រាទំពាំងបាយជូរព្រៃលោកបានចំណាយអស់រយៈ៨ឆ្នាំចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២ ។ ការដាក់លក់ស្រាទំពាំងបាយជូរព្រៃលើកទីផ្សារដំបូងទៅឱ្យផ្សារអង្គការសេដាក់ , Happy Form ,កសិដ្ឋានធម្មជាតិ ,សួនធម្មជាតិ តាមបណ្ដាខេត្តនិងអាជីវកម្មខ្នាតតូច ឯកជនខ្លះៗ តែនៅមិនទាន់មានលក្ខណៈទីផ្សារទូលំទូលាយប៉ុន្មានទេ ។
តាមរយៈនាយកដ្ឋានជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្មនិងមន្ទីរពាណិជ្ជកម្មខេត្តតែងតែគាំទ្ររហូតដល់បានជួយឧបត្ថម្ភសមាគមរបស់លោកបានទៅតាំងពិព័រណ៍ដល់ប្រទេសចិនកាលពីខែកញ្ញា ឆ្នាំ២០១៣ នេះ ។ ទន្ទឹមនឹងនេះ មានភ្នាក់ងារចិនជាង១០កំពុងតែទំនាក់ទំនងស្រាទំពាំងបាយជូរព្រៃទៅលក់នៅប្រទេសចិន ហើយឥឡូវនេះសមាគមកំពុងរិះរកមធ្យោបាយដើម្បីនាំទៅឱ្យពួកគាត់ ។ លោកបានបន្តទៀតថា ទំហំនៃការលក់ស្រាទំពាំងបាយជូរវិញក្នុងឆ្នាំ២០១១ បានចំនួន៦.០០០ដប និង២ឆ្នាំចុងក្រោយនេះក្នុងមួយឆ្នាំលក់បានចំនួន៩.០០០ដប ។
រីឯស្រាទំពាំងបាជូរគឺមាន២ប្រភេទគឺ ស្រាដែលមានរយៈពេល១ឆ្នាំលក់តម្លៃ៦ដុល្លារក្នុង១ដបនិងរយៈពេល៣ឆ្នាំ លក់តម្លៃ៩ដុល្លារក្នុង១ដប ។ លោកបានបន្ថែមទៀតថា ការផលិតស្រាទំពាំងបាយជូរព្រៃក្នុងឆ្នាំ២០១២ មានចំនួន២០.០០០ដបនិងក្នុងឆ្នាំ២០១៣នេះមានចំនួនជាង២០.០០០ដប ។ ចំពោះការប្រមូលផលពីផ្លែទំពាំងបាយជូរព្រៃមកធ្វើជាស្រាវិញក្នុង១ឆ្នាំបានតែមួយដងគត់គឺចាប់ពីខែសីហាដល់ខែធ្នូ ។
លោក សុខ ពន្លក ជាអ្នកធ្វើការក្នុងក្រុមហ៊ុនមួយបាននិយាយថា គាត់មានមោទនភាពណាស់ដែលខ្មែរយើងមានគំនិតច្នៃប្រឌិតយកផ្លែឈើព្រៃដែលយើងមិនចាប់អារម្មណ៍ពីមុនមក យកមកធ្វើជាស្រាទំពាំងបាយជូរព្រៃ ហើយវាជារបស់ធម្មជាតិដែលគ្មានលាយជាតិគីមីទៀត ៕
ចែករំលែកព័តមាននេះ