ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​អណ​ត្តិ​ទី ៦ នេះ​តើ​ក្រសួងទេសចរណ៍​នឹង​អាច​លុប​បំបាត់​ការ លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ជូន​អ្នកទេសចរ​បាន​ទាំងស្រុង​ទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​លោក ថោ​ង ខុន ថ្មី​ៗ​នេះ​បាន​ធ្វើការ​ព្រមាន​ចាត់ការ​តាម​ច្បាប់ ចំពោះ​អាជីវកម្ម​ណា​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ ជូន​ភ្ញៀវ​ទេសចរ ព្រម​ជាមួយ​គ្នា​នោះ​ក៏​បាន​បញ្ជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​លោក ថោ​ង ខុន ថ្មី​ៗ​នេះ​បាន​ធ្វើការ​ព្រមាន​ចាត់ការ​តាម​ច្បាប់ ចំពោះ​អាជីវកម្ម​ណា​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ ជូន​ភ្ញៀវ​ទេសចរ ព្រម​ជាមួយ​គ្នា​នោះ​ក៏​បាន​បញ្ជា និង​ជំរុញ​ណែនាំ ដល់​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត អគ្គាធិការដ្ឋាន​នៃ​ក្រសួងទេសចរណ៍ (​ផ្នែក​អធិការកិច្ច​) សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ទប់ស្កាត់ ការ​លក់​វត្ថុ​អនុស្សាវរីយ៍ ឬ​ផលិតផល​ក្លែងក្លាយ ពីព្រោះ​បញ្ហា​នេះ ធ្វើ​ឱ្យ​ខូច​នូវ​ភាព​ជឿជាក់​ពី​សំណាក់​ភ្ញៀវ​ទេសចរ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​ជាតិ​។

ការ​ប្រមា​ន​និង​ការ​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សន្និបាត​ផ្ទៃក្នុង​ក្រសួង ដើម្បី​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​នៅ​ត្រីមាស​ទី​២ និង​ទី​៣ ឆ្នាំ​២០១៩ ដែល​ពិធី​នេះ ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០២-០៣ ខែមេសា ឆ្នាំ​២០១៩​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា «​ធ្លាប់​មាន​ករណី​ភ្ញៀវ​ទេសចរ​បាន​ទិញ​ទំនិញ​ពី​កម្ពុជា ក្រោយមក​ក៏​ដឹង​ថា ជា​គ្រឿងអលង្ការ​ក្លែងក្លាយ ហើយ​ពួក​គេ​ក៏​បាន​ប្ដឹង​មក​ក្រសួងការបរទេស​យើង តាម​រយៈ​ស្ថានទូត​គេ​នៅ​កម្ពុជា ហើយ​ករណី​ថ្មី​ៗ​នេះ មានការ​ប្តឹង​ផ្ទាល់ មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ហើយ ACU បាន​ដាក់​លិខិត​មក​ក្រសួងទេសចរណ៍​»​។ លោក​ថោ​ង ខុន ចាត់​ទុក​បញ្ហា​នេះ​ជា​រឿង​សំខាន់​មួយ ដែល​រូប​លោក​ផ្តា​ល់​តែងតែ​ដាស់តឿន​ជំរុញ​ជា​រឿយ​ៗ ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​លោក​បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​សារ​ជា​ថ្មី​ឡើង​វិញ ដល់​អគ្គាធិការដ្ឋាន​នៃ​ក្រសួងទេសចរណ៍ ត្រូវ​រួម​គ្នា​ជាមួយ​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ធ្វើ​អធិការកិច្ច​លើ​មូលដ្ឋាន​អាជីវកម្ម​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ពិសេស​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ត្រួតពិនិត្យ​មូល​ដ្ថា​ន​អា​ជី​កម្ម​លក់​គ្រឿង អលង្កា ដើម្បី​ទប់ស្កាត់ និង​លុប​បំបាត់​បញ្ហា​ដ៏​អាក្រក់​នេះ​។

បន្ថែម​ពីលើ​នេះ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ផង​ដែរ សូម​ចូលរួម​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ពិសេស​ឯក ឧត្តម​បាន​ស្នើ​ថា បើ​រក​ឃើញ​មូលដ្ឋាន​អាជីវកម្ម​ណា​លក់​របស់របរ​ក្លែងក្លាយ​ជូន​ភ្ញៀវ​ទេសចរ សូម​មេត្តា​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ភ្លាម​ៗ​។ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើ​យ៉ាងណា​ធានា​ថា គ្រប់​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា មានការ​ទទួល​បដិសណ្ឋារកិច្ច​ល្អ​ប្រសើរ​ជូន​ភ្ញៀវ​ទេសចរ គ្មាន​ការ​លក់ទំនិញ​ក្លែងក្លាយ​ដូច​ករណី​ខ្លះ​ៗ​ដែល​បាន​កើតឡើង​មកនេះ ដើម្បី​ស្រប​តាម​ការ​ប្រសិទ្ធ​នាម​របស់​រាជរដ្ឋាភិបាល​ថា «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាព​កក់ក្ដៅ​» ។

ក្នុង​នោះ​ផង​ដែរ ក្រសួងទេសចរណ៍ បាន​សម្រេច​កំណត់​គោលដៅ​ជា​យុទ្ធសាស្ត្រ​ជាក់ លាក់​ក្នុង​អាណត្តិ​ទី​៦​នេះ គឺជា​អាណត្តិ​នៃ​ការ​ពង្រឹងគុណភាព​ទេសចរណ៍ និង​បង្កើន​ប្រសិទ្ធភាព​ការងារ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​គ្រប់​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​មានគុណ​ភាព ធ្វើ​ឲ្យ​គ្រប់​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​មានការ​ប្រែប្រួល អភិវឌ្ឍន៍​កាន់តែ​ល្អ លុប​បំបាត់​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ជូន​ទេសចរ កាត់​បន្ថយ​ការ​ធ្លុះធ្លាយ (​ដោយ​ខិតខំ​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ប្រកបដោយ​គុណភាព ជំនួស​ឲ្យ​ការ​នាំ​ចូល​) ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ក្លាយជា​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ដ៏​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ផ្តល់​ផលប្រយោជន៍​ជា​អតិបរមា​ដល់​ប្រជា​ពលរ​ដ្ន និង​សហគមន៍​មូលដ្ឋាន​។

ដើម្បី​សម្រេច​គោលដៅ​នេះ អង្គប្រជុំ​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ទិស​ដៅ​អនុវត្ត​ការងារ​សំខាន់​ៗ​សម្រាប់​ត្រីមាស​ទី​២ និង​ឆមាស​ទី​២ ឆ្នាំ​២០១៩ ដូច​ជា ៖ ១) – បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ការ​ច្នៃប្រឌិត និង​នវានុវត្តន៍ (Creative & Innovative) នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍​អាទិភាព​ទាំង​បួន តាម​រយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​ការ​អនុវត្ត​យន្តការ 4Ps​។ ២) – ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​តាម​ទស្សនទាន «​សេវា​មួយ ស្តង់ដា​មួយ​» និង​អភិវឌ្ឍ​ធនធានមនុស្ស​តាម​ទស្សនទាន «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​»​។ ៣) – ពង្រឹង​ការ​ឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍ កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ៤) – ពង្រឹង​ការ​គ្រប់គ្រង​ទេសចរណ៍​តាម​ប្រព័ន្ធ Online (Smart Tourism)៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ