ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ករត្នោត​កំពង់ស្ពឺ ត្រូវ​បាន​សហភាព​អឺរ៉ុប​ចុះបញ្ជី​ការពារ​និង ទទួលស្គាល់​ជា​ផ្លូវការ ទោះបី​មាន​ប្រទេស​មួយ​ចំនួន​ជំទាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មានការ​ប្រឆាំង​ជា​បន្តបន្ទាប់​ពី​សំណាក់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏​ដោយ ក៏ «​ស្ករត្នោត​កំពង់ស្ពឺ​» ត្រូវ​បាន​សហភាព​អឺរ៉ុប​ចុះបញ្ជី​ការពារ​និង​ទទួលស្គាល់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២ ខែមេសា ឆ្នាំ ២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មានការ​ប្រឆាំង​ជា​បន្តបន្ទាប់​ពី​សំណាក់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ក៏​ដោយ ក៏ «​ស្ករត្នោត​កំពង់ស្ពឺ​» ត្រូវ​បាន​សហភាព​អឺរ៉ុប​ចុះបញ្ជី​ការពារ​និង​ទទួលស្គាល់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២ ខែមេសា ឆ្នាំ ២០១៩ នេះ​ដែល​ធ្វើ​ឲ្យ​ស្ករត្នោត​កំពង់ស្ពឺ នៃ​ប្រទេស​កម្ពុជា ក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​ខ្មែរ​ទី​ពីរ​ហើយ បន្ទាប់​ពី​ម្រេច​កំពត​របស់​កម្ពុជា​ត្រូវ​បាន​ចុះបញ្ជី​ការពារ​ដោយ​សហភាព​អឺរ៉ុប​កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៦​។

ជាមួយនឹង​ដំណឹង​ដ៏​ល្អ​មួយ​នេះ ផលិតករ​ស្ករត្នោត​កំពង់ស្ពឺ បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ស្ករត្នោត​កំពង់ស្ពឺ នឹង​ទទួល​បាន​តម្លៃ​ខ្ពស់​មុន នឹង​មាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ស្រប​ពេល​ផលិតផល​នេះ ទទួលស្គាល់​ពី​សហគមន៍​អឺរ៉ុប​នោះ ព្រោះ​តម្លៃ​ស្ករត្នោត​បច្ចុប្បន្ន​ដែល​ត្រូវ​លក់​ចេញ គឺ​មាន​កម្រិត​ក្នុង​តម្លៃ​ប្រមាណ​តែ ៥,៣ លាន​រៀល ក្នុង​មួយ​តោន ដូច្នេះ​សមាគម​ផលិត​ស្ករត្នោត រំពឹង​ថា​នឹង​លក់​បាន​ប្រមាណ​៦​លាន​រៀល​ក្នុង​មួយ​តោន ក្រោយ​ពី​ត្រូវ​បាន​សហភាព​អឺរ៉ុប​ចុះបញ្ជី​ការពារ​និង​ទទួលស្គាល់​ជា​ផ្លូវការ ។

បើ​តាម លោក សំ សា​រឿ​ន ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី ០៤ មេ​សា ២០១៩​នេះ​ថា សហគមន៍​អឺរ៉ុប​បាន​ទទួលស្គាល់ និង​ចុះបញ្ជី​ការពារ​ម៉ាក​នៅ​សហគមន៍​អឺរ៉ុប​ជា​ផ្លូវការ​ហើយ ថា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ដែល​ដំណឹង​ល្អ​នេះ​ពិតជា​ធ្វើ​ឲ្យ​កសិករ​ផលិត​ស្ករត្នោត មាន​កម្លាំងចិត្ត​ឥត​ឧបមា ។

លោក សំ សា​រឿ​ន មាន​ប្រសាសន៍​បញ្ជាក់​ថា «​ដំណឹង​នេះ ជា​ដំណឹង​មួយ​ដ៏​ល្អ​សម្រាប់​អាជីវកម្ម​ផលិត​ស្ករត្នោត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​របស់​កសិករ ក្នុង​មូលដ្ឋាន ហើយ​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​កាន់តែ​ច្រើន ដល់​កសិករ​ដែល​ផលិត​ស្ករត្នោត » ។ លោក​បន្ត​ថា ក្រោយ​ពេល​ទទួល​បានការ​ការពារ និង​ទទួលស្គាល់​ពី​សហគមន៍ នូវ​ផលិតផល​នេះ​កសិករ ដែល​ជា​អ្នក​ផលិត​ស្ករត្នោត នឹង​ជំរុញ​ការ​ផលិត​អោយ​បាន​កាន់តែ​ច្រើន ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​តម្លៃ​ថ្មី​មួយ​ខ្ពស់​ជាង​មុន ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​កសិករ និង​ជា​ពិសេស​លើកកម្ពស់​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែល​ជាទី​ផ្សារ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​របស់​ផលិតផល​ខ្មែរ ។ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ បន្ថែម​ទៀត​ថា « បច្ចុប្បន្ន​នេះ​តម្លៃ​ស្ករត្នោត​ដែល​កសិករ​ផលិត​បាន ត្រូវ​លក់​ចេញ​ក្នុង​តម្លៃ​ប្រមាណ​៥,៣ លាន​រៀល ក្នុង​មួយ​តោន ហើយ​យើង​រំពឹង​ថា​នឹង​លក់​បាន​ប្រមាណ​៦​លាន​រៀល​ក្នុង​មួយ​តោន ក្រោយ​ពេល​ផលិតផល​នេះ​ត្រូវ​បាន​ចុះបញ្ជី​ម៉ាក​នៅ​សហគមន៍​អឺរ៉ុប »​។

លោក សំ សា​រឿ​ន បន្ថែម​ថា ពី​ពេល​នេះ កសិករ នឹង​លែង​បារម្ភ​ពី​ទីផ្សារ​លក់​ស្ករត្នោត​ទៀត​ហើយ ពីព្រោះ​មាន​ទីផ្សារ​ដ៏​សំខាន់​មួយ​ព្រម​បើកផ្លូវ​អោយ​នាំ​ចូល​ទៅ​កាន់​ទីនោះ ដូច្នេះ នៅ​ជំហាន​បន្ទាប់​គឺ​ការ​ជំរុញ​ការ​ផលិត​អោយ​កាន់តែ​ច្រើន​តាមតែ​អាច​ធ្វើ​បាន ។ សម្រាប់​ឆ្នាំ​នេះ បើ​តាម​ការ​ព្យាករណ៍​របស់​រាជរដ្ឋាភិបាល ដែល​និយាយ​ថា រដូវប្រាំង​អូស​បន្លាយ​យូរ និង​ក្ដៅ​ជា​ឆ្នាំ​មុន​ៗ​នេះ វា​ជា​បញ្ហា​មួយ​របស់​អាជីវកម្ម​ស្ករត្នោត​។ នៅ​ពេល​ក្ដៅ​ខ្លាំង ទឹកត្នោត​ដែល​នឹង​យក​ទៅ​រំងាស់​ស្ករ​នោះ ឆាប់​ឡើង​មេ​ហើយ​មាន​រសជាតិ​ជូរ ដូច្នេះ​យក​ទៅ រំងាស់​ជា​ស្ករ​ប្រាកដជា​មាន​រសជាតិ​មិនល្អ​ដូច​ទឹកត្នោត​ដែល​ផ្អែម​នោះ​ទេ ពេល​ខ្លះ​ក៏​មិន​អាច​យក​ទឹកត្នោតជូរ​នោះ មក​រំងាស់​ជា​ស្ករ​បាន​ដែរ​ម៉េ្ល​ោះ​ហើយ​ការ​ផលិត​ឆ្នាំ​នេះ អាច​នឹង​ទាប​ជាង​ឆ្នាំ​មុន ។

លោក​បញ្ជាក់​ថា ក្នុង​ពេល​ទទួល​បានការ​ចុះបញ្ជី​ម៉ាក​ពី​សហគមន៍​អឺរ៉ុប​ហើយ​នោះ ពួក​យើង​ក៏​ត្រូវ​តែ​ពង្រឹង​ពី​គុណភាព​ផលិតផល​អោយ​កាន់តែ​ខ្លាំង​ដែរ ក្នុង​នោះ​ក្រុមបច្ចេកទេស​នឹង​ចុះ​ពិនិត្យ​ការ​ផលិត​រៀង​រាល់​ស​ប្ដា​ហ៍ ដើម្បី​អោយ​ប្រាកដ​ថា​ស្ករត្នោត​ដែល​ទទួល​បាន​នោះ គឺជា​ស្ករត្នោត​កំពង់ស្ពឺ​១០០​ភាគរយ ។ លោក ហ៊ឹ​ម ពិសិដ្ឋ អគ្គនាយករង​នៃ​ក្រុមហ៊ុន Confirel ដែល​ជា​ក្រុមហ៊ុន​មួយ​ទទួល​ទិញ​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ បានអោយ​ដឹងផង​ដែរ​ថា ការ​ចុះបញ្ជី​ម៉ាក​របស់​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប គឺ​ការ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​មួយ​នេះ នៅ​ទីផ្សារ​ដ៏​ធំ​នៅ​អឺរ៉ុប​ដូច្នេះ ផលិតផល​ស្ករត្នោត​នឹង​កាន់តែ​ល្បី និង​មានការ​ទទួលស្គាល់​ពី​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន ។

លោក​បន្ត​ថា ឆ្នាំ​នេះ លោក​បាន​ចុះ​កិច្ចសន្យា​ទិញ​ស្ករត្នោត​ដើម្បី​នាំ​ចេញ​ប្រមាណ​ជាង​១០០​តោន​រួច​ហើយ ហើយ​នៅ​ឆ្នាំ​ក្រោយ​ៗ​ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​ស្ករត្នោត​ពី​កសិករ​កាន់តែ​ច្រើន​ជាង​នេះ​ទៀត ពីព្រោះ​ស្ករត្នោត​កាន់តែ​មាន​ទីផ្សារ​កាន់តែ​មាន​តម្រូវការ​ខ្ពស់ ។ លោក​និយាយ​ថា​៖« ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ផលិតផល​ស្ករត្នោត​ដែល​ក្រុមហ៊ុន​បាន​ទិញ​និង​នាំ​ចេញ មាន​កំណើន​ជា​ប្រចាំ ជា​ពិសេស​នៅ​សហគមន៍​អឺរ៉ុប ហើយ​នៅ​ពេល​ដែល​ផលិតផល​នេះ បាន​ចុះបញ្ជី​ម៉ាក​ថែម​ទៀត​នោះ យើង​ជឿជាក់​ថា​កំណើន​នឹង​កាន់តែ​ខ្ពស់​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​ៗ » ។ លោក​បន្ថែម​ថា សម្រាប់​តម្លៃ​វិញ​ក៏​នឹង​ត្រូវ​កើន​ឡើងជា​បន្តបន្ទាប់​ដែរ បន្ទាប់​ពី​ស្ករត្នោត​ត្រូវ​បាន​ចុះបញ្ជី​នៅ​អឺរ៉ុប ដូច្នេះ​កសិករ​នឹង​ទទួល​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ពីរ​បរ​ផលិត​ស្ករត្នោត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។

សូម​បញ្ជាក់​ថា​ក្រោយ​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ បើ​ទោះបីជា​មានការ​ជំទាស់​ជា​ច្រើន​ពី​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស ស្វី​ស ក៏​ដូច​ជា​ប្រទេស​ប៊ែ​ល​ហ្សិ​ក តែ​ចុង​ក្រោយ «​ស្ករត្នោត​កំពង់ស្ពឺ​» ត្រូវ​បាន​សហភាព​អឺរ៉ុប​ចុះបញ្ជី​ការពារ​និង​ទទួលស្គាល់​ជា​ផ្លូវការ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ