ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​កើត​នៅ​តំបន់​ណា​ហើយ មេរោគ​នោះ​នឹង​សំងំ​យ៉ាងតិច​៥០​ឆ្នាំ បច្ចុប្បន្ន​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ (មានវីដេអូ)

7 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អតីតមន្ត្រី​ពេទ្យសត្វ​ដែល​ចូល​និវត្ត​ន៍ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​មេ​សា នៅ​ក្នុង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​អះអាង​ថា​រហូត​មក​ដល់​ពេល​នេះ នៅ​ទូ​ទាំង​ខេត្តព្រៃវែង នៅ​មិន​ទាន់​មាន​វត្តមាន​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​កើតឡើង​នៅ​លើ​សត្វ​ជ្រូក​របស់​បងប្អូន​ប្រជា​កសិករ​នៅឡើយ​ទេ​។

លោក ចិន វិសាល បានអោយ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​រតនគីរីរកឃើញ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច បាន​កើត​មាននៅ​ក្នុងភូមិ​ចំនួន​៣ និង​បាន​បណ្តាល​អោយ​ជ្រូក​របស់​បងប្អូន​ប្រជា​កសិករ​ងាប់​អស់​ជាង​៤០០​ក្បាល​។ ដោយឡែក​ខេត្តព្រៃវែង ដោយ​រូប​លោក​បាន​ចាត់វិធានការ​យ៉ាង​ម៉ត់ចត់ និង​មានការ​ទប់ស្កាត់​យ៉ាង​តឹង​រឹង​នៅ​តាម​បន្ទាត់​ព្រំដែន ដោយ​មិន​អនុញ្ញាតឲ្យ​មានការ​នាំ​ចូល​សត្វ​ជ្រូក​ពី​វៀតណាម ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ចំពោះ​ការ​ធ្វើ​ចរាចរ​ណ៍​សត្វ​ជ្រូក​នៅ​ក្នុងស្រុក ក៏​ដូច​ជា​សាច់​ជ្រូក​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ផង​នោះ ទើប​ធ្វើ​អោយ​ជំងឺ​នេះ​មិន​អាច​ផ្ទុះ​កើត​នៅ​ក្នុង​ទឹកដី​នៃ​ខេត្តព្រៃវែង​បាន​។

លោក ចិន វិសាល បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ឈ្មួញ​បាន​ប្តូរ​រូបភាព ពី​ការ​ដឹក​សត្វ​ជ្រូក​រស់ មក​ជា​ការ​ដឹក​សាច់​ជ្រូក​វិញ ប៉ុន្តែ​ក៏​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ឡើយ ព្រោះ​បើសិន​សត្វ​ជ្រូក ឬ​សាច់​ជ្រូក​ណាមួយ​មាន​កើត​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ចនេះ វា​នឹង​បង្ហាញ​អោយ​ឃើញ​នូវ​រោគ​សញ្ញា​យ៉ាង​ច្បាស់​ដូច​ជា ចេញ​អុត​ៗ​ពេញ​ខ្លួន​ជ្រូក​, ហូរ​សំបោរ​តាម​ច្រមុះ ឈាម​តាម​ច្រមុះ ស្បែក​ក្តាំង គ្រឿងក្នុង​លំពែង​វា​លូត​ហើម និង​ថ្លើម​ហើម​។

មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ព្រៃវែង​បានអោយ​ដឹង​ថា ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ចនេះ វា​កើត​តែ​លើ​សត្វ​ជ្រូក​ប៉ុណ្ណោះ វា​មិន​រីក​រាលដាល ឬ​ឆ្លង​ពី​សត្វ​ទៅ​សត្វ ឬ​ពី​សត្វ​មក​មនុស្ស​នោះ​ទេ ក៍ប៉ុន្តែ​បើ​សត្វ​ជ្រូក​កើត​ជំងឺ​នេះ​ហើយ គឺ​៩៩%​សត្វ​ជ្រូក​នោះ​នឹង​ងាប់​តែ​ម្តង​។ បើ​ជំងឺប៉េស្ត​ជ្រូក​នេះ​កើត​ក្នុង​តំបន់​ណា​ហើយ គឺ​មេរោគ​ជំងឺ​នេះ វា​និង​សំងំ​នៅ​ក្នុង​តំបន់​នោះ​យ៉ាងតិច​៥០​ឆ្នាំ ហើយ​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។

ដូច្នេះ បើសិន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សត្វ​ជ្រូក ឬ​សាច់​ជ្រូក​ដែល​មាន​រោគ​សញ្ញា​គួរ​អោយ​សង្ស័យ សូម​រាយ​ការ​ណ៍​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ភូមិ​អោយ​បាន​លឿន ដើម្បី​អោយ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បាន​ទាន់​ពេលវេលា​៕