ករណីសម្លាប់បាត់ក្បាល…ចូលរួមអង្កេតជាមួយនគរបាលបច្ចេសទេសអូស្ត្រាលី
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ក្រុមឃាតករកំណាចដែលបានសម្លាប់ជីដូននិងចៅស្រីតូចទើបតែអាយុ៦ឆ្នាំ ដោយកាត់ក្បាលយកទៅបាត់ទាំង២នាក់នោះ មកដល់ពេលព្រឹកថ្ងៃទី៤ មេសា រកមិនទាន់ឃើញនៅឡើយទេ ។ នៅក្នុងការស្វះស្វែងរកក្បាលសពនេះ ក៏មានការចូលរួមពីសំណាក់នគរបាលអូស្ត្រាលីដែរ ទោះបីនៅក្រោមតំណក់ភ្លៀងកក់ខែក៏មិនរាថយឡើយ នៅក្នុងដីចម្ការស្វាយចន្ទីក្រោយផ្ទះប្រមាណ៣៥០ម៉ែត្រ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ។ ចំណែកប្រជាពលរដ្ឋ ប្រជាការពារ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
ក៏កំពុងបន្តតាមស្វែងរកដែរ ដោយម្នាក់ៗប្តេជ្ញាថានឹងប្រឹងប្រែងរកឲ្យទាល់តែឃើញ ។

លោក ស្តើង ទូច អាយុ២៩ឆ្នាំ ជាកូនរបស់សពបានប្រាប់ថា គាត់បានចាកចេញពីផ្ទះទៅរស់នៅឯស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយជីវភាពក៏ខ្វះខាតដែរ ហើយយូរៗទើបមកលេងម្តាយម្តង និងតែក្នុងរដូវបុណ្យទានប៉ុណ្ណោះ ។ លុះនៅរសៀលថ្ងៃទី៣ ខែមេសា ស្រាប់តែប្អូនស្រីផ្តល់ដំណឹងថា ម្តាយនិងក្មួយត្រូវបានគេសម្លាប់នៅក្រោយផ្ទះ ក៏មករៀបចំធ្វើបុណ្យសពម្តាយនិងក្មួយ ។ កូនប្រុសរូបនេះរៀបរាប់ទៀតថា ម្តាយគាត់ជាមនុស្សស្លូត សព្វថ្ងៃរស់នៅលើផ្ទះឈើជញ្ជាំងស្លឹក ប្រក់ស័ង្កសី ជាមួយនឹងចៅស្រីឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ និងប្អូនស្រីពៅ ។

ជុំវិញករណីឃាតកម្មដ៏សាហាវខាងលើនេះ គាត់សំណូមពរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមជួយស្រាវជ្រាវតាមចាប់ក្រុមឃាតករដ៏សាហាវនោះមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន និងសូមឲ្យបន្តតាមរកក្បាលម្តាយនិងក្មួយស្រី នៅក្នុងព្រៃចម្ការក្រោយផ្ទះបន្តទៀត ។ គាត់មានជំនឿថា តាមរយៈកិច្ចខិខំប្រឹងប្រែងនេះ មិនយូរទេនឹងអាចរកឃើញជាក់ជាមិនខានឡើយ ។ ចំណែកសពម្តាយនិងក្មួយស្រីគាត់ ទោះបីរកក្បាលដែលជនទុរយសកាត់យកទៅបាត់នោះក្តីមិនទាន់ឃើញក្តី ក៏ត្រូវបានដង្ហែតាមរថយន្តយកទៅបញ្ចុះនៅវត្តថ្មពូន នាព្រឹកថ្ងៃទី៤ ខែមេសា ។

រីឯនៅរសៀលថ្ងៃដដែល រូបគាត់និងសមត្ថកិច្ចជាច្រើននាក់ បាននាំគ្នាបន្តចុះទៅក្រោយផ្ទះតាមរកក្បាលសាកសពតាមព្រៃឫស្សី និងក្នុងចម្ការស្វាយចន្ទី ប៉ុន្តែរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល នៅតែមិនទាន់រកឃើញនៅឡើយទេ ។ លោកស្រី ផាត់ ពៅ អាយុ៦៤ឆ្នាំ ក្រុមប្រឹក្សាឃុំថ្មពូន ប្រាប់ថា
ស្ត្រីដែលត្រូវឃាតករសម្លាប់នោះ បានមករស់នៅក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ រយៈពេលប្រមាណ២៦ឆ្នាំហើយ ។ កាលនៅរស់ គាត់ជាមនុស្សស្លូតនិងចូលចិត្តធ្វើបុណ្យដាក់ទាន ឲ្យតែមានអ្នកភូមិមានរវល់បុណ្យផ្សេងៗ គាត់តែងតែទៅជួយលាងចាន រហូតដល់រួចបុណ្យទើបត្រឡប់មកផ្ទះវិញ ។ នៅក្នុងភូមិ អ្នកណាក៏ចូលចិត្តនិងរាប់អានដែរ មិនមានអ្នកណាស្អបគា់ត់ឡើយ ។

នារសៀលថ្ងៃទី៣ ខែមេសា ក្រោយពីបានប្រទះឃើញសព២នាក់ ពិតជាគួរឲ្យសង្វេគណាស់ ហើយដោយគ្រួសារនេះ មានជីវភាពក្រីក្រ គាត់ក៏បានមកជួយរៀបចំចាត់ចែងពិធីបុណ្យ រហូតដល់ពេលយកសពទៅបញ្ចុះនៅវត្តថ្មពូន ។ គាត់មានចម្ងល់ថា ចុះហេតុអី្វបានជាឃាតករមិនស្គាល់អត្តសញ្ញាណមកប្រល័យសង្ខារជីដូននិងចៅស្រីតូចយ៉ាងដូច្នេះទៅវិញ? ពិតជាគួរឲ្យអាណិតបំផុតនិងទប់ទឹកភ្នែកមិនបាន ។ គាត់សូមឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្រាវជាវតាមស្វែងរកឃាតករដៃដល់ ដែលជាក្រុមឧក្រិដ្ឋមកផ្តន្ទាទោសតាមច្បាប់ ។ ក្នុងករណីបើរកក្បាលសពជីដូន និងចៅស្រីឃើញនៅពេលណានោះ នឹងត្រូវគាស់ផ្នូរយកក្បាលទៅដាក់បន្តពីដងខ្លួនវិញ ។

អ្នកស្រុកនិយាយថា នៅថ្ងៃទី២ ខែមេសា ជីដូននៅចៅបានចេញពីផ្ទះទៅដាំស្វាយចន្ទីនៅក្រោយផ្ទះ ដោយដាំបាន២ដើមនៅលើដី ដែលមានថ្មដុះរដិបរដុបច្រើន ហើយដីនោះតាមឮថា បានចែកឲ្យទៅកូនហើយ តែដោយសារកូនជាប់រវល់រកស៊ីនៅឆ្ងាយ ទើបម្តាយមកដាំឲ្យ ។ នៅឃ្លាតពីដើមស្វាយចន្ទីប្រមាណ២០ទៅ៣០ម៉ែត្រ ជាដីចម្ការរបស់អ្នកផ្សេងដែលមិនទាន់បានដាំដុះនោះ គេឃើញមានស្នាមជើងមនុស្សដែលទំនង
ជារត់ដេញចៅស្រីអាយុ៦ឆ្នាំ ដែលរត់សំដៅមកផ្ទះ ។ ដោយឃើញមានមនុស្សធ្វើបាបជីដូនក៏ប្រឹងរត់គេចតែរត់មិនរួច ត្រូវក្រុមឃាតករតាមទាន់សម្លាប់ទាំង២នាក់បំបិទមាត់ រួចកាត់ក្បាលយកទៅបាត់ ប៉ុន្តែអ្នកខ្លះថា ជាដានជើងអ្នកដែលតាមរកសពទៅវិញ ។

នាព្រឹកថ្ងៃទី៤ ខែមេសា មនុស្សជាច្រើនបាននាំគ្នាបន្តតាមរកនៅកន្លែងប្រទះឃើញសព ដោយខ្លះថា បានយល់សប្តិថាក្បាលមនុស្សត្រូវឃាតករបោះចោលប្រមាណ២ ទៅ៣ម៉ែត្រពីកន្លែងប្រទះឃើញសព ដោយជីកកប់ដី ។ ម្នាក់ៗបាននាំគ្នាតាមរក ដោយមានកំណាត់ឈើដើរចាក់ដី ដែលសើមក្រោយពីភ្លៀងរួច ប៉ុន្តែនៅតែមិនឃើញដដែល សូម្បីតែក្លិន ក៏មិនបានភាយចេញពីកន្លែងណាមួយដែរ ។ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៤ ខែមេសា លោក គួច ចំរើន អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត និងសមត្ថកិច្ចមកពីភ្នំពេញ បានបន្តបើកប្រតិបត្តិការតាមរុករកក្រុមឃាតករដ៏សាហាវឃោរឃៅ ដែលបានសម្លាប់ជីដូន និងចៅស្រី រួចកាត់ក្បាលយកទៅបាត់ នៅចម្ការស្វាយចន្ទីក្រោយផ្ទះជនរងគ្រោះ ។

ជាពិសេស មានការចូលរួមពីនគរបាលបច្ចេទេសអូស្ត្រាលី និងសហការីជាច្រើននាក់ ក៏បានមកចូលរួមសកម្មភាពដែរ ដោយម្នាក់ៗបានប្តេជ្ញាបន្តរករហូតដល់ពេលល្ងាច ក្រែងប្រទះឃើញក្បាលជីដូននិងចៅស្រីតូចនៅក្នុងព្រៃ ។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅតែបន្តដុតដៃដុតជើងប្រើប្រាស់គ្រប់បច្ចេកទេសនិងជំនាញ រហូតដល់ហៅមនុស្ស៣នាក់មកសួរនាំ ក្រែងមានជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនេះ ៕



















ចែករំលែកព័តមាននេះ