ប្រទេសកូរ៉េខាងត្បូង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP បានរាយការណ៍នាថ្ងៃទី៥ មេសា ២០១៩ ឱ្យដឹងថា អគ្គិភ័យដ៏ធំមួយបានកើតមានកាលពីយប់ថ្ងៃទី៤ មេសា ក្នុងខេត្ត GANGWON ភាគខាងកើតប្រទេស ហើយឆេះរាលដាលរហូតដល់ទីក្រុងជាប់មាត់សមុទ្រ SOKCHO បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងបង្ខំឲ្យមនុស្សជាង៤២០០នាក់ រត់ភៀសចេញពីផ្ទះសម្បែង។
តាមYONHAPដែលដកស្រង់ប្រភពរដ្ឋាភិបាលថា ព្រៃឈើជាង៣៨៥ហិកតានិងផ្ទះជាង៣១០ខ្នង ព្រមទាំងអគារឯទៀតៗត្រូវក្លាយជាចំណីភ្លើង។ ប្រជាជនត្រូវបានជម្លៀសមកកាន់ទីតាំងហាត់កីឡា និងសាលារៀននានាដែលភាគច្រើនត្រូវបិទទ្វារនាថ្ងៃទី៥មេសានោះ។
ក្នុងសេចក្ដីប្រកាសមួយក្រសួងមហាផ្ទៃនិងសន្តិសុខថ្លែងថា ប្រធានាធិបតីលោកMOON JAE IN បានចេញបញ្ជាឲ្យប្រើប្រាស់គ្រប់ធនធានចាំបាច់ ដើម្បីទប់ទល់នឹងភ្លើងឆេះដ៏ធំនោះ។ ឧទ្ធម្ភាគចក្រប្រមាណជា៤៥គ្រឿង រថយន្តពន្លត់ភ្លើង៧៧គ្រឿងនិងមនុស្សប្រមាណជា១៣.០០០នាក់ត្រូវបានដាក់ពង្រាយ៕ ប្រភពវីដេអូ ៖ Fire Outbreak / KBS뉴스(News)
ចែករំលែកព័តមាននេះ