រដ្ឋធានីវ៉ាស៊ីនតោន ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះបានឲ្យដឹងថា លោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) បានបញ្ជាកាលពីថ្ងៃពុធឲ្យមានការចុះបង្ក្រាបការលក់ទំនិញក្លែងក្លាយលើប្រព័ន្ធអ៊ីនធើណែត និងស្នើសុំពត៌មានបន្ថែមទាក់ទិននឹងវិធីដែលសហរដ្ឋអាមេរិកគួរអនុវត្តដើម្បីអាចតាមដាននិងទប់ស្កាត់ការលក់ទំនិញទាំងនេះល្អជាងមុន។
យោងតាមរបាយការណ៍ដែលត្រូវបានចុះ ហត្ថលេខាដោយលោកប្រធានាធិបតីបានឲ្យដឹងថា តម្លៃនៃការធ្វើពាណិជ្ជកម្មទំនិញក្លែងក្លាយជុំវិញពិភពលោកអាចនឹងកើនដល់ពាក់កណ្តាលមួយទ្រីលានដុល្លារក្នុងមួយឆ្នាំ ហើយមាន ២០%នៃការធ្វើពាណិជ្ជកម្មនេះជាការរំលោភកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក។
លោក Peter Navarro ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ White House បាននិយាយប្រាប់អ្នកសារព័ត៌មានថា “លោកប្រធានាធិបតីបានសម្រេចចិត្តថាវាដល់ពេលក្នុងការសម្អាតការលួចលក់ទំនិញក្លែងក្លាយទាំងនេះហើយ”។

ក្រុមហ៊ុនមួយចំនួនដូចជា Amazon.com Inc, eBayy Inc និង Alibaba Group Holding Ltd របស់ប្រទេសចិន បានចេញគោលការណ៍ហាមឃាត់ការលក់ផលិតផលក្លែងក្លាយ និងបានបញ្ជាក់ថាពួកគេបានវិនិយោគជាច្រើនលើកម្មវិធីដែលទប់ស្កាត់មិនឲ្យមានការលក់ទំនិញទាំងនេះ។ របាយការណ៍ខាងលើមិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុនទេ។
អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន Amazon បាននិយាយកាលពីថ្ងៃពុធថា “Amazon វិនិយោគយ៉ាងច្រើនលើវិធានការយ៉ាងសកម្មដើម្បីទប់ស្កាត់មិនឲ្យទំនិញក្លែងក្លាយមកដល់ហាងរបស់ពួកយើង។ នៅឆ្នាំ ២០១៨ ពួកយើងបានចំណាយប្រមាណច្រើនជាង ៤០០លានដុល្លារទៅទៀតដើម្បីប្រឆាំងនឹងទំនិញក្លែងក្លាយ ការលក់ក្លែងបន្លំ និងបទល្មើសផ្សេងៗទៀត”។

Alibaba ក៏បាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយថាពួកគេស្វាគមន៍ការផ្តួចផ្តើមខាងលើ និងចំណាប់អារម្មណ៍ដែលមានដើម្បីប្រឆាំងនឹងការលក់ទំនិញក្លែងក្លាយផងដែរ។ ការសម្រេចចិត្តខាងលើកើតមានឡើងខណៈដែលលោកប្រធានាធិបតីត្រាំ និងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកកំពុងចរចាជាមួយនឹងប្រទេសចិនដើម្បីកាត់បន្ថយការលួចកម្មសិទិ្ធបញ្ញារបស់សហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ