រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីទុស្សេខ្សែភ្លើងនេះកើតឡើងរយៈពេល២ទៅ៣ថ្ងៃមកហើយ ត្រូវបានមន្ត្រីអគ្គិសនីចុះមកកាត់ខ្សែភ្លើង និងខ្សែកាបទម្លាក់ពេញផ្លូវ ធ្វើឱ្យអ្នកដំណើរដែលបើកបរនៅតាមដងផ្លូវបើកទៅទាក់ខ្សែភ្លើងដែលព័ទ្ធជុំវិញបង្គោលភ្លើងថ្ម និងបង្គោលភ្លើងគោមបំភ្លឺផ្លូវ បណ្តាលឱ្យបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់ទ្រេតអស់មួយដើម និងបង្កឱ្យមានការស្ទះចរាចរណ៍នៅលើដងផ្លូវ ត្រង់ចំណុចខាងជើងរោងចក្រ QMI ក្នុងភូមិត្រពាំងពោ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន
ជ័យ។

បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃទី២ មេសា មានករណីទុស្សេខ្សែភ្លើងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ខណៈនោះត្រូវបានមន្ត្រីអគ្គិសនីបានចុះមកកន្លែងកើតហេតុដើម្បីកាត់ខ្សែភ្លើង ខ្សែកាប និងបណ្តាញខ្សែភ្លើងផ្សេងៗទៀតដែលព័ទ្ធជុំវិញបង្គោលភ្លើង និងបង្គោលភ្លើងគោមបំភ្លឺផ្លូវនោះ ធ្វើឱ្យខ្សែភ្លើងធ្លាក់រាយប៉ាយរញ៉េរញ៉ៃនៅតាមដងផ្លូវទុកចោលអស់រយៈពេល២ទៅ៣ថ្ងៃមកហើយ ជាហេតុធ្វើឱ្យអ្នកដំណើរបើកបរមកទាក់ ហើយកាលពីវេលាយប់មិញមានរថយន្តកុងតឺន័របើកមកទាក់ខ្សែភ្លើងបណ្តាលឱ្យទាញទាំងបង្គោលភ្លើងគោមបំភ្លឺផ្លវបាក់ទ្រេតអស់មួយដើម ។

តាមប្រភពដដែលបានបន្តថា ដោយឡែក នៅព្រឹកថ្ងៃទី៥ មេសា នេះ ពេលធ្វើដំណើរតាមផ្លូវត្រង់ចំណុចខាងលើគេសង្កេតឃើញមានការកកស្ទះចរាចរណ៍ដោយសារខ្សែភ្លើងធ្លាក់រាយប៉ាយរញ៉េរញ៉ៃនៅតាមផ្លូវ ។

បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងទៀតថា ពាក់ព័ន្ធនឹងករណីខ្សែភ្លើងធ្លាក់រាយប៉ាយរញ៉េរញ៉ៃនៅតាមដងផ្លូវខាងលើនោះ គឺពួកគាត់ពុំមានលទ្ធភាពរៀបចំខ្សែភ្លើងឱ្យមានសណ្តាប់ធ្នាប់នោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសារចរន្តអគ្គិសនី គឺមានតែសំណូមពរដល់មន្ត្រីអគ្គិសនីក៏ដូចជាមន្ត្រីពាក់ព័ន្ធចុះមករៀបចំខ្សែភ្លើង ដើម្បីឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ កុំទុកឱ្យនៅធ្លាក់រាយប៉ាយនៅតាមដងផ្លូវដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ