ប្រទេសអាល់ហ្សេរី ៖ ប្រធានាធិបតីអាល់ហ្សេរីដែលសុខចិត្តលាលែង លោកABDELAZIZ BOUTEFLIKA កាលពីថ្ងៃទី៣មេសាបានសុំទោសពលរដ្ឋអាល់ហ្សេរី ក្នុងសារលិខិតសុំលា ក្រោយលោកចាកចេញពីអំណាច ក្រោមការគាបសង្កត់នៃបាតុកម្មតវ៉ា។
ទន្ទឹមនឹងនេះរដ្ឋាភិបាលថ្មីបានបញ្ចេញកាយវិការបើកចំហ ទៅរកសារព័ត៌មានប្រឆាំង បណ្ដាសមាគមនិងសហជីព ជាវិធានការសំដៅផ្ដល់ភាពកក់ក្ដៅ ដល់ពួកប្រឆាំងនិងសង្គមស៊ីវិល ខណៈបើកដំណាក់កាលបណ្ដោះអាសន្នរយៈពេល៣ខែ ដែលក្នុងដំណាក់កាលនោះ ត្រូវធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។
មុននេះបន្តិចក្រុមចម្រុះមួយដែលមានសមាគមប្រមាណ២០ចូលរួមធ្វើការតវ៉ា បានអំពាវនាវឲ្យមានទិវានៃការប្រមូលផ្ដុំមនុស្សតវ៉ាទៀតនាថ្ងៃទី៥មេសា ដើម្បីរក្សាការគាបសង្កត់ ហើយឲ្យទទួលបានការឆ្លងកាត់ដោយឯករាជ្យមួយ។
លោកBOUTEFLIKA អាយុ៨២ឆ្នាំបានសុំលាលែងកាលពីយប់ថ្ងៃទី២មេសា ក្រោយបាតុកម្មធំៗរយៈពេលជាងមួយខែ ទាមទារឲ្យលោកចាកចេញ។ នោះជាចលនាតវ៉ាដ៏ធំពុំធ្លាប់មាន ចាប់តាំងពីលោកឡើងកាន់អំណាចពីឆ្នាំ១៩៩៩មក។
ក្នុងលិខិតសុំលាផ្ញើទៅកាន់ពលរដ្ឋលោកអះអាងថាលោកចាកចេញពីឆាកនយោបាយដោយពុំព្រូយឬភ័យខ្លាច ចំពោះអនាគតនៃប្រទេសយើងឡើយ ហើយខ្ញុំស្នើដល់ប្រជាជនអាល់ហ្សេរីឲ្យនៅតែរួបរួមគ្នា។ ខ្ញុំស្នើសុំទោសដែលខ្ញុំ ទោះជាមិនចង់ពុំបានបំពេញកាត្វកិច្ចឲ្យបានពេញលេញ ក៏សូមបីជាខ្ញុំផ្ដោតខ្លាំងក្នុងការបម្រើពលរដ្ឋអាល់ហ្សេរីទាំងប្រុសស្រីក៏ដោយ។ លោកពោលថា ចាប់ពីពេលនេះតទៅលោកជាពលរដ្ឋសាមញ្ញមួយរូប៕
ចែករំលែកព័តមាននេះ