ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ហើយ​ខាង​ខេត្ត​ប៉ៃលិន ស្វាគមន៍​ភ្ញៀវ​គ្រប់​ទិស​ទី​នា​ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​អញ្ជើញ​ពិនិត្យ​មើល ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព នៅ​មាត់​ស្ទឹង​ប៉ៃលិន ចាប់ពី​ចំណុច​ស្ពាន​ស្ទឹង​តា​រៀប រហូត​ដល់​ស្ពាន​សន្តិភាព សម្រាប់​ធ្វើ​សង្ក្រាន្ត​ប៉ៃលិន​ឆ្នាំ​២០១៩ ដែល​បច្ចុប្បន្ន យុវជន ស​.​ស​.​យ​.​ក ខេត្ត កំពុងធ្វើការ​រៀបចំ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​ធ្វើ​សង្ក្រាន្ត​ប៉ៃលិន​ឆ្នាំ​ថ្មី​នេះ គឺ​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ ជាតិ និង​អន្តរជាតិ បាន​ស្វែង​យល់​បន្ថែម​នូវ​ភាព​សម្បូរ​បែប​នៃ​វប្បធម៌ អរិយ្យធម៌ ទំនៀមទំលាប់ ប្រពៃណី និង​សាសនា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ព្រមទាំង​បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ដោយ​បំផុស​នូវ​គំនិត​រួបរួម​កម្លាំង​សាមគ្គីភាព ជា​គ្រួសារ​ខ្មែរ​តែ​មួយ ក្នុង​មោទនភាព​ជាតិខ្មែរ​ជា​ធ្លុង​មួយ និង​ស្មារតី​អភិរក្ស​អភិវឌ្ឍ​វប្បធម៌ បាវចនា​ជាតិ អត្តសញ្ញាណ​ជាតិខ្មែរ ដើម្បី​ជា​គុណប្រយោជន៍​នៃ​កំណើន​សេដ្ឋកិច្ចជាតិ និង​ក្នុង​បរិបទ​នៃ​សមាហរណកម្ម​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ «​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» ក្នុង​សម័យកាល​សាកល​ភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ ។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​បន្ត​ថា សង្ក្រាន្ត​ប៉ៃលិន ឆ្នាំ​២០១៩​នេះ នឹង​ធ្វើ​ឡើង​ចំនួន​២​ទីតាំង ទី​១-​នៅ​តាម​បណ្តោយ​ដងស្ទឹង​ប៉ៃលិន ចាប់ពី​ចំនុច​ស្ពាន​ស្ទឹង​តា​រៀប រហូត​ដល់​ស្ពាន​សន្តិភាព និង​ទី​២-​ស្ថិត​បរិវេណ​សួន​កុមារ មុខ​សាលាខេត្ត នៅ​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០១៩ ដោយ​គ្រោង​រៀបចំ​នូវ​ការ​លេងល្បែង​ប្រជាប្រិយ ការ​តាំងពិព័រណ៍ ការ​ប្រគុំ​តន្ត្រី​រាំ​លេង​កំសាន្ត តំបន់​ត្រជាក់ចិត្ត ការ​បង្ហាញ​សិល្បៈ​បុរាណ និង​សម័យ​ផ្សេង​ៗ​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​អោយមក​លេង​កំសាន្ត​សប្បាយ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន គឺ​បាន​កំពុង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ និង​កែ​លម្អ​សោភ័ណ​ភាព​នៅ​ក្នុង​ខេត្ត​ដូច​ជា ការ​កសាង​ផ្លូវ​គមនាគមន៍ កែ​លម្អ​សួនច្បារ​សាធារណៈ ការ​ដាក់​ភ្លើង​បំភ្លឺ និង​ភ្លើង​លំអ​នា​ពេល​រាត្រី ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​ការ​ថែរក្សា​អនាម័យ​សាធារណៈ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ ក្រៅពី​ការ​ធ្វើ​សង្ក្រាន្ត​ប៉ៃលិន​ឆ្នាំ​ថ្មី អាជ្ញាធរ​ខេត្ត​ក៍​នៅ​មាន​តំបន់​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ទៀត គឺ​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​៣​កន្លែង រមណីយដ្ឋាន​កែ​ច្នៃ​ចំនួន​២ កីឡា ទេសចរ​ចំនួន​១៦ សណ្ឋាគារ​ចំនួន​១១ ផ្ទះសំណាក់​ចំនួន​១៩ និង​អាហារ​ដ្ឋា​ន ចំនួន​៥៩ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​សប្បាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ