សហរដ្ឋអាមេរិក៖ យោងតាមភ្នាក់ងារសារព័ត៌មាន Bloomberg បានឲ្យដឹងកាលពីថ្ងៃពុធកន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងតែចរចាលើនឹងអនុញ្ញាតឲ្យប្រទេសចិនមានពេលដល់ឆ្នាំ ២០២៥ដើម្បីសម្រេចការប្តេជ្ញាក្នុងការទិញផលិតផលពីសហរដ្ឋអាមេរិកបន្ថែម និងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកមានកម្មសិទិ្ធលើក្រុមហ៊ុនក្នុងបរទេសចិនផងដែរ។
យោងតាមប្រភពមួយចំនួនបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិនប្តេជ្ញាថានឹងទិញផលិតផលអាមេរិកបន្ថែមដែលរួមមានសណ្តែកសៀង និងថាមពល ព្រមទាំងអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសអាចធ្វើជាកម្មសិទ្ធិក្រុមហ៊ុនណាមួយក្នុងប្រទេសចិនទាំងស្រុងផងដែរ។
លោក Larry Kidlow ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ White House បាននិយាយកាលពីថ្ងៃពុធកន្លងមកថា ការចរចាពាណិជ្ជរវាងភាគីទាំងពីរដំណើរការយ៉ាងរលូនកាលពីសប្តាហ៍មុនក្នុងប្រទេសចិន និងមានគោលដៅដោះស្រាយរាល់ការខ្វែងគំនិតគ្នា។
ការចរចាកំពុងតែត្រូវបានបន្តកើតមានឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនបន្ទាប់ពីកិច្ចប្រជុំនៅសប្តាហ៍មុនក្នុងទីក្រុងបេកាំងដែលត្រូវបានដឹកនាំដោយលោក Robert Lighthizer ដែលជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក និងលោក Steven Mnuchin ដែលជារដ្ឋមន្ត្រីរតនាគារអាមេរិកផងដែរ។
លោក Kudlow បាននិយាយថា លោកឧប្បនាយករដ្ឋមន្ត្រី Liu He និងក្រុមការងារបស់លោកនឹងបន្តស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេល៣ថ្ងៃឬច្រើនជាងនេះ។
មន្ត្រីរដ្ឋាភិបាលមកពីសហរដ្ឋអាមេរិក និងប្រទេសចិននៅកំពុងតែពិភាក្សាពីកាលបរិច្ឆេទសាកសមសម្រាប់អ្នកដឹកនាំរបស់ប្រទេសទាំងពីរដើម្បីអង្គុយចុះនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅឡើយទេ។
សារព័ត៌មាន Bloomberg បានឲ្យដឹងទៀតថា កាលបរិច្ឆេតច្បាស់លាស់រវាងលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) និងលោកប្រធានាធិបតីស៊ីជិនពីង (Xi Jinping) អាចនឹងត្រូវបានប្រកាសនៅថ្ងៃព្រហស្បត្តិ៍។
ចែករំលែកព័តមាននេះ