រាជធានីភ្នំពេញ ៖ ខណៈរដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ (Express Way) ដែលមានប្រវែងសរុប ១៩០,០៣៦ គីឡូម៉ែត្រនោះនាថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា ខ្លួននឹងទទួលបានផលចំណេញច្រើន នៅពេលផ្លូវល្បឿនលឿនត្រូវបានសាងសង់បញ្ចប់និងដាក់ឲ្យដំណើរការនោះ ។ ជាមួយគ្នានោះផងដែរ ប្រភេទយានយន្តមួយចំនួននឹងមិនអនុញ្ញាតិឲ្យរត់នៅលើផ្លូវល្បឿនលឿននេះឡើយ ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានអោយដឹងថា បច្ចុប្បន្ននេះបញ្ហាប្រឈមរបស់អ្នកដឹកជញ្ជូន គឺហេដ្ឋារចនាសម្ព័ន្ធ ដោយសារតែមិនមានផ្លូវល្បឿនលឿន និងធំៗ ដូច្នេះហើយការដឹកជញ្ជូនទំនិញនានាត្រូវប្រើពេលវេលាយូរ និងខាតថវិកាច្រើន ហើយពេលខ្លះទៀត បើមានករណីស្ទះចរាចរណ៍នោះនឹងធ្វើអោយការខាតបង់ក៏កាន់តែច្រើនផងដែរ ។ ប៉ុន្តែនៅពេលផ្លូវល្បឿនលឿនដែលជាគម្រោងរបស់ក្រុមហ៊ុនចិនសហការជាមួយរដ្ឋាភិបាល នោះការដឹកជញ្ជូនរបស់អ្នករកស៊ីក្នុងវិស័យនេះ នឹងត្រូវកាត់បន្ថយបានទាំងពេលវេលា និងថវិកា ។ ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បន្តថា នៅពេលផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានសង់រួចរាល់ ការចំណាយរបស់អ្នកដឹកជញ្ជូន ជាពិសេសពីខេត្តព្រះសីហនុ មកភ្នំពេញ និងពីភ្នំពេញ ទៅខេត្តព្រះសីហនុវិញ នឹងត្រូវកាត់បន្ថយពេលវេលាច្រើន និងថវិកាផងដែរ ។
លោក ស៊ិន ចន្ធី មានប្រសាសន៍បញ្ជាក់ថា « យើងនឹងកាត់បន្ថយថ្លៃប្រេងសម្រាប់យានយន្តក្នុងការដឹកជញ្ជូន ហើយពេលវេលានឹងកាត់បន្ថយបានកាន់តែខ្លាំង ពីព្រោះផ្លូវនេះកាន់តែជិត ត្រឹមតែជាង១៩០គីឡូម៉ែត្រ ប៉ុណ្ណោះ ដូច្នេះរថយន្តនឹងត្រូវបើកតែប៉ុន្មានម៉ោងនឹងដល់គោលដៅហើយ » ។ លោកបន្ថែមថាបច្ចុប្បន្ននេះ ការបញ្ជូនទំនិញចេញក្រៅប្រទេសគឺត្រូវពឹងលើផ្លូវទឹក ( កប៉ាល់ ) ជាង៩០ភាគរយទៅហើយ ប៉ុន្តែដើម្បីអោយទំនិញទៅដល់កំពង់ផែគឺត្រូវការឆ្លងកាត់ផ្លូវគោកក្នុងស្រុកជាមុនសិន ។ លោក បន្តថា « ការដឹកជញ្ជូនទំនិញចេញក្រៅប្រទេសនាពេលបច្ចុប្បន្នគឺត្រូវលើកំពង់ផែ ដោយសារតែការដឹកជញ្ជូនទំនិញតាមផ្លូវទឹកមានតម្លៃទាបជាងការដឹកទំនិញចេញតាមផ្លូវអាកាស » ។
លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួង សាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍តាមទូរសព្ទ អោយដឹងថា ដំណើរការសិក្សាគម្រោងសាងសង់ផ្លូវល្លឿនលឿនពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ បានបញ្ចប់រួចរាល់ហើយ ហើយវានឹងបើកការដ្ឋានសាងសង់នៅចុងខែនេះ ។ ប៉ុន្តែពាក់ព័ន្ធនឹងទំហំផលប៉ះពាល់នានាដែលអាចនឹងកើតមាន ឬសំណងនៃការខូចខាតនានា សម្រាប់គម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខាងក្រសួងមិនអាចបញ្ជាក់បានទេថាអស់ប៉ុន្មាននោះ ព្រោះគឺជាគោលការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍។ យ៉ាងណាមិញ លោកបន្តថា នៅពេលផ្លូវនេះសង់រួចរាល់និងដាក់ដំណើរការ ក្រុមហ៊ុនគេនឹងពិនិត្យមើលថារថយន្តប្រភេទណាអាចធ្វើដំណើរលើផ្លូវនេះបាន តែសម្រាប់កុងតឺន័រ ដឹកទំនិញនានាអាចធ្វើដំណើរបាន អោយតែមិនលើសទំងន់កំណត់របស់ក្រុមហ៊ុន ។
លោក វ៉ាស៊ឹម សូរិយា មានប្រសាសន៍បន្តថា « យានយន្តទាំងអស់មិនប្រាកដថាអនុញ្ញាតអោយ ធ្វើដំណើរលើផ្លូវនេះទេ ដូចជារថយន្តកែច្នៃ គោយន្ត រ៉ឺម៉កសណ្ដោង និងម៉ូតូដែលមានកម្លាំង១២៥CCចុះជាដើម គឺមិនអនុញ្ញាតិទេ » ។ លោកបន្ថែមថា ផ្លូវនេះ នឹងមានសង់ស្ពានអាកាសឆ្លងកាត់ ពីលើសម្រាប់អ្នកនៅតាមតំបន់ផ្លូវនេះឆ្លងកាត់ ហើយក៏មានជាផ្លូវក្រោមដីប្រភេទជាលូ ផងដែរ គឺសង់ទៅតាមស្ថានភាពផ្លូវនេះ ហើយក៏មិនអនុញ្ញាតអោយមានការសង់ស្ពានបន្ថែមពីលើ ក្រៅពីក្រុមហ៊ុនបានឡើយ ករណី មានក្រុមហ៊ុនឯកជនចង់សង់សម្រាប់អភិវឌ្ឍន៍គម្រោងណាមួយរបស់ខ្លួន ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងអភិវឌ្ឍន៍ដោយវិនិយោគិនចិន សហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ដែលត្រូវចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ១ ៩០០ លានដុល្លារអាមេរិក ។ នេះបើយោងតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន ។ គម្រោងផ្លូវល្បឿនលឿននេះដែរនឹងត្រូវ ឆ្លងកាត់ រាជធានី ខេត្តចំនួន៤ គឺមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង ១១០ភូមិ។ ផ្លូវនេះ ក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប ២៤,៥ម៉ែត្រ ក្នុងនោះមានគន្លងផ្លូវរថយន្ត (២x៣,៧៥ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម ២(២x០,៧៥) សម្រាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ ព្រមទាំងមានស្ពាន ៨៩កន្លែង។ នៅលើផ្លូវល្បឿនលឿននេះ មានកន្លែងឈប់សម្រាកចំនួន៤កន្លែង និង ស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ហើយក៏មានរបងអមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់ផងដែរ ៕
ចែករំលែកព័តមាននេះ