ការដើរ គឺជាវិធីដ៏ងាយស្រួលបំផុតមួយដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំចៀសឆ្ងាយពីជំងឺ ផ្សេងៗ ។ អ្នកមិនចាំបាច់ធ្វើលំហាត់ប្រាណប្រភេទខ្លាំងក្លាអ្វីឡើយ គ្រាន់តែដើរ១ម៉ឺនជំហានក្នុងមួយថ្ងៃក៏អាចជួយឲ្យអ្នកស្រកទម្ងន់ ព្រមទាំងទប់ស្កាត់ជំងឺផ្សេងៗ រួមបញ្ចូលទាំងជំងឺលើសឈាម, ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង សូម្បីតែជំងឺធ្លាក់ទឹកចិត្ត ក៏ដូចជាបញ្ហាបេះដូងបានយ៉ាងប្រសើរផងដែរ ។
អត្ថប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើលនៃការដើរជាប្រចាំចំពោះសុខភាព ៖
១. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ ៖ ការដើរមិនត្រឹមតែជាលំហាត់ប្រាណល្អបំផុតមួយសម្រាប់រាងកាយឡើយប៉ុន្តែក៏ចំពោះប្រព័ន្ធរំលាយអាហារផងដែរ ។ ការដើរបន្ទាប់ពីទទួលទានអាហារពេលល្ងាច គឺជួយកំណត់បរិមាណត្រឹមត្រូវនៃការបញ្ចេញទឹករំលាយអាហារ ឬទឹកក្រពះ និងអង់ស៊ីមបំបែកអាហារ។ ការទទួលទានអាហារសុខភាពល្អ គឺមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ ប្រសិនបើការរំលាយអាហារ។ ដូច្នេះដើម្បីរក្សាបាននូវស្ថានភាពល្អប្រសើរនៃដំណើរការរំលាយអាហារក្នុងរាងកាយ ចូរឆ្លៀតដើរមួយភ្លែត។
២. កាត់បន្ថយស្ត្រេស ៖ ការដើរជាប្រចាំអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងគួរឲ្យកត់សម្គាល់ ។ នោះក៏ព្រោះតែការដើរធ្វើឲ្យបេះដូងច្របាច់ឈាមទៀងទាត់ដែលមានន័យថា រាល់សរីរាង្គនឹងទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ហើយដំណើរការមុខងារបានត្រឹមត្រូវ រួមបញ្ចូលទាំងការបញ្ចេញអ័៊រម៉ូនអារម្មណ៍ល្អ។ ការចំណាយពេលដើរឲ្យបាន ១ម៉ឺនជំហានក្នុងមួយថ្ងៃជាប្រចាំ គឺត្រូវបានណែនាំជាពិសេសសម្រាប់អ្នកឧស្សាហ៍ប្រឈមមុខនឹងបញ្ហាស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ ។ អ្នកមិនចាំបាច់ទៅម៉ាស្សា ឬមើលកុនដើម្បីកាត់បន្ថយភាពតានតឹងទេ គ្រាន់តែដើរមួយភ្លែតក៏ជួយអោយអ្នកបាត់ស្ត្រេសបានឆាប់រហ័សដោយមិនអស់ប្រាក់ ។
៣. បង្កើនប្រព័ន្ធភាពស៊ាំរាងកាយ ៖ ការដើរជាប្រចាំអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែប្រសើរឡើង ។ ដូច្នេះដើម្បីមានប្រព័ន្ធភាពស៊ាំរឹងមាំមិនងាយឆ្លងជំងឺ ផ្សេងៗ ចូរធ្វើលំហាត់ប្រាណ ងាយៗ ដោយដើរឲ្យបានយ៉ាងហោចណាស់ ១ម៉ឺនជំហានក្នុងមួយថ្ងៃ ដើម្បីពង្រឹងដល់កោសិកាដែលប្រយុទ្ធប្រឆាំងនឹងបាក់តេរី អាក្រក់ៗនៅក្នុងរាងកាយ។
៤. បំបាត់ភាពរឹងក្នុងសន្លាក់ ៖ ផលវិជ្ជមានដ៏ល្អមួយទៀតនៃការដើរ ១ម៉ឺនជំហានក្នុងមួយថ្ងៃ គឺវាជួយការពារកុំឱ្យរឹងសន្លាក់ ។ ជាធម្មតាអាការនេះច្រើនកើតឡើងចំពោះអ្នកដែលអង្គុយពេញមួយថ្ងៃ ។ ការធ្វើចលនាជាប់ជានិច្ចនឹងធ្វើឲ្យសន្លាក់អាចរក្សាបាននូវជាតិរំអិលគ្រប់គ្រាន់ដែលជួយទប់ស្កាត់អាការឈឺចាប់ និងការឡើងរឹងនៃសន្លាក់ ។
៥. ពង្រឹងសុខភាពបេះដូង ៖ ការដើរ គឺជាលំហាត់ប្រាណដ៏ល្អបំផុតមួយដែលអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ដោយបង្កើនកូឡេស្តេរ៉ូលល្អក្នុងឈាមជំនួសវិញ ។ ដូចដែលភាគច្រើននៃពួកយើងធ្លាប់បានដឹងរួចមកហើយថា ការឡើងខ្ពស់នៃកម្រិតកូឡេស្តេរ៉ូលមិនល្អអាចបង្កបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភជាច្រើន រួមបញ្ចូលទាំងហានិភ័យនៃជំងឺសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល ។
៦. ស្រកទម្ងន់ ៖ អត្ថប្រយោជន៍ដ៏ច្បាស់លាស់មួយនៃការដើរជាប្រចាំ គឺវានឹងជួយធ្វើឲ្យអ្នកស្រកទម្ងន់ ។ នោះក៏ព្រោះតែកាឡូរីនឹងត្រូវបានបំលែងដើម្បីប្រើប្រាស់ ភ្លាមៗជាថាមពលសម្រាប់រាងកាយ៕ (ស្រង់ពីគេហទំព័រសុខភាព)
ចែករំលែកព័តមាននេះ