ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាល
- បាត់ដំបង
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលខេត្តបាត់ដំបងចំនួន១.០៧៤នាក់ ក្នុងនោះមានមន្ត្រីនគរបាលជាស្ត្រីចំនួន៣៧នាក់ ដែលពិធីនេះប្រារព្វធ្វើនៅក្នុងបរិវេណមជ្ឈមណ្ឌលសុភមង្គលនាក្រុងបាត់ដំបង។ អញ្ជើញចូលរួមជាកិត្តិយសមានលោក លោកស្រីស្នងការរង អនុប្រធានផែន នាយ នាយរងការិយាល័យជំនាញ មេបញ្ជាការមេបញ្ជារការរងវរសេនាតូចនគរការ ពារព្រំដែនគោក អធិការ អធិការរងនគរបាលក្រុង ស្រុកនិងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន១.១៩៦នាក់។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានថ្លែងថា ដោយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ទើបមន្ត្រីនគរបាលយើងទទួលនូវការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិនាពេលនេះ ដូច្នេះក្រោយពីទទួលបាននូវតួនាទីនិងឋានន្តរសក្តិថ្មីនេះកងកម្លាំងនគរបាលត្រូវមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដាច់ខាតមិនត្រូវជឿលើការឃោសនាបំភ្លៃការពិតនិងបោកបញ្ឆោតពីសំណាក់ពួកប្រឆាំងហើយនគបាលត្រូវបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ហើយត្រូវបំពេញភារកិច្ចដោយផ្អែកលើច្បាប់ លើនីតិវិធីជំនាញរបស់ខ្លួន។

លោកឧត្ដមសេនីយ៍ទោ បានលើកឡើងអំពីការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្ដិនាពេលនេះ បើទោះបីជាមន្ត្រីមួយចំនួនមានវ័យចំណាស់ហើយទើបទទួលបាននូវឋានន្តរសក្តិតូចទាបនៅឡើយ តែលោកនឹងបន្តជម្រុញដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលទទួលខុសត្រូវក្នុងអង្គភាព ជាពិសេសផែនកាងារធនធានមនុស្សត្រូវខិតខំបន្ថែមទៀតនិងបានលឿនបំផុតក្នុងការពិនិត្យស្នើសុំដំឡើងឋានន្តរក្តិជូនមន្ត្រីទាំងនោះ ជាមួយនេះលោកបានស្នើសុំឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាព័ត៌មានក្នុងសម័យទំនើប ដែលកាល:ទេស: បច្ចុប្បន្ននេះនគរបាលជាតិចាំបាច់ត្រូវតែមានចំណេះដឹងលើការងារនេះ ។

ចុងក្រោយលោកឧត្តមទោស្នងការស្នើសុំឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវគោរពឲ្យបាននូវវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិហើយ នគរបាលជាតិត្រូវចៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន បើមន្ត្រីណាមួយមានការពាក់ព័ន្ឋលើបញ្ហានេះស្នងការដ្ឋាននិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ឡើយ និងត្រូវបន្តខិតខំបំពេញភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់នាថ្ងៃខាងមុខ៕









ចែករំលែកព័តមាននេះ