ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញប្រុសស្រី៣នាក់រត់ចេញពីតូបទាំងភ័យស្លន់ស្លោ ម្ចាស់​តូប​ហៅមិនព្រមឈប់ ប្តឹង​សមត្ថកិច្ច​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​លើ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ បន្ទាប់ពីសមត្ថកិច្ច​បានទទួល​​ពាក្យបណ្តឹង​​ពីជន​រង​គ្រោះថា ​ជនសង្ស័យ​ទាំង៣នាក់នេះ​បាន​​ចូលបន្លំ​​លួច​លុយ​​ក្នុង​តូប​លក់​អីវ៉ាន់​ចាប់​ហួយ​នៅ​មុខ​ផ្ទះអស់​ចំនួន​១លាន​៩០ម៉ឺនរៀល​ កាលពី​វេលា​ម៉ោង​១៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​(​រលំ​ទូក​)…

ខេត្តសៀមរាប ​៖ ​កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​លើ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ បន្ទាប់ពីសមត្ថកិច្ច​បានទទួល​​ពាក្យបណ្តឹង​​ពីជន​រង​គ្រោះថា ​ជនសង្ស័យ​ទាំង៣នាក់នេះ​បាន​​ចូលបន្លំ​​លួច​លុយ​​ក្នុង​តូប​លក់​អីវ៉ាន់​ចាប់​ហួយ​នៅ​មុខ​ផ្ទះអស់​ចំនួន​១លាន​៩០ម៉ឺនរៀល​ កាលពី​វេលា​ម៉ោង​១៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​(​រលំ​ទូក​) ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រុន វាសនា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​ មុខរបរ​លក់ដូរ ស្ថិត​នៅ​ភូមិ​ត្រពាំង​ស្វាយ​(​រលំ​ទូក​)​ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ ។

ចំណែក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​ខាងលើរួម​មាន​ ១-ឈ្មោះ ឈិ​ន វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តំ ឃុំ​រកា​ក្រៅ ស្រុក​ដូន​កែវ ខេត្តតាកែវ​ ​២-​ឈ្មោះ នុប អូន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តំ ឃុំ​រកា​ក្រៅ ស្រុក​ដូន​កែវ ខេត្តតាកែវ ​និង​៣-​ឈ្មោះ ង៉ែត ណែ​ត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តំ ឃុំ​រកា​ក្រៅ ស្រុក​ដូន​កែវ ខេត្តតាកែវ ។

លោក​ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌនៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ជន​រង​គ្រោះបាន​​​ត្រឡប់​​មក​ពី​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ស្វាយ​លើ​ចាស់ ស្ថិត​ក្នុងភូមិ​ជប់​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប លុះ​មក​ដល់​តូបលក់ដូរ​អីវ៉ាន់​ចាប់​ហួយ​នៅ​ខាងមុខផ្ទះ​​​របស់​គាត់​​ស្ថិត​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើវិញ​ គាត់​បាន​យក​ប្រាក់​ដែល​លក់​បាន​ចំនួន​១​លាន​៩០​ម៉ឺន​រៀល ទុក​នៅ​ក្នុង​កាបូបយួរដាក់​នៅ​ក្បាល​គ្រែ​លើ​ពូក ​ដោយ​​ដាក់​កន្ទេលពីលើ និង​មាន​ភួយ​ខ្នើយ​គ្រប​ពីលើ​ផង​ដែរ​។

តាម​ប្រភពដដែល​បាន​បន្ត​ថា ​បន្ទាប់មក​​ជន​រង​គ្រោះចេញ​​ទៅ​ហូប​ការ​បាត់ ដោយ​ឪពុក​ម្ដាយ​របស់​គាត់​នៅ​តូប​លក់​អី​វ៉ា​ន់​ជំនួស លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ ស្រាប់តែ​ជនសង្ស័យ​ប្រុស​ស្រី​​ទាំង​​៣​នាក់​ខាងលើ ​បានជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ បិទ​ស្គុ​ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១FR-៣២៣០ ដោយ​មាន​បុរស​ជា​ជនសង្ស័យម្នាក់​ជា​អ្នក​បើក​ម៉ូតូ​ទៅ​មុខ​តូបលក់អីវ៉ាន់​បាន​បន្តិច ក៏​ឈប់​ម៉ូតូ​អែប​កៀន​ ហើយ​អង្គុយ​លើ​ម៉ូតូ​ចាំ​មើលផ្លូវ ​រីឯ​​ស្ត្រីជា​ជនសង្ស័យ​​ទាំង​២​នាក់​ខាងលើជា​អ្នក​បន្លំ​ចូល​មក​ទិញ​​អី​​វ៉ា​ន់ ។

ប្រភពដដែលបាន​បន្ត​ទៀត​ថា ​ពេលស្ត្រីជា​ជនសង្ស័យ​ទាំង​២​នាក់បាន​ចូលក្នុង​តូបលក់​ដូរអីវ៉ាន់​ ដោយស្ត្រីជាជនសង្ស័យ​ម្នាក់​ធ្វើជា​ទិញ​ខ្ទឹម ឯស្ត្រីជាជនសង្ស័យ​​​ម្នាក់​ទៀត​បាន​ដើរ​ចូល​មក​មើល​ទូរ​សំអាង​របស់​ជន​រង​គ្រោះ ដោយ​ម្ដាយ​ជន​រង​គ្រោះ​ខ្លាច​បាត់​លុយ ក៏​បាន​ដេញ​ចេញ​ឱ្យ​លឿន ហើយ​​ម្ដាយ​ជនរង​គ្រោះ​រវល់​តែ​ថ្លឹង​ខ្ទឹម​ឱ្យ​ស្ត្រីជាជនសង្ស័យ​ទី​២ មិន​បាន​មើល​លុយឡើយ ។ មួយសន្ទុះ​ស្រាប់តែ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣នាក់​នោះ​​រត់​ចេញ​ទៅ​ទាំង​ភ័យ​ស្លន់ស្លោរ ទើប​ម្ដាយ​ជន​រង​គ្រោះ​មើលទៅ​លើ​ក្បាល​គ្រែ​ឃើញ​ចំហ ក៏​បាន​ស្រែកហៅ​ឱ្យ​ជនសង្ស័យ​ទាំង​៣នាក់នោះ​ឈប់ដែរ​ ប៉ុន្តែ​ពួក​គេ​មិន​ឈប់ឡើយ​ គិតតែ​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​បើកចេញ​ទៅ​បាត់ ។

តាមប្រភពដដែលបាន​បន្តទៀត​ថា ឃើញ​ហេតុការណ៍មិនស្រួលបែបនេះ ម្ដាយរបស់​ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ ទើប​កម្លាំង​សមត្ថកិច្ច​ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ធ្វើការ​ពួនស្ទាក់រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣នាក់​ភ្លាម​ៗ រួច​នាំ​យក​មក​ធ្វើការ​សាក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​តែ​ម្ដង ទើប​ជនសង្ស័យ​ប្រុសស្រី​ទាំង​បី​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​​ថា ពួក​ខ្លួន​ពិតជា​បានប្រព្រឹត្ត​ដូចការ​ចោទប្រកាន់​របស់​ជនរងគ្រោះប្រាកដ​មែន​។

ក្រោយការ​ចាប់​ឃាត់​ជនសង្ស័យ​ប្រុសស្រីទាំង​​៣នាក់​ខាងលើ ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ រក​ឃើញ​វត្ថុ​តាង​នៅជាប់​ខ្លួន​ជនសង្ស័យ​រួម​មាន​ ទូរស័ព្ទ​ចំនួន៤​គ្រឿង​, ​កាបូប​ដាក​់លុយ​តូចចំនួន​២, ​កាបូប​​ដាក់​លុយ​​ធំ​២, ​ក្រដាស​ទិញ​-លក់​មាស​១​ថង់ត្រូវ​បាន​ហែក​, ​ប្រាក់​ចំនួន​៣​លាន​៩០​ម៉ឺន​រៀល,​​​ ប្រាក់​ឡាវ​ចំនួន៨០០០, ក្រវិលកំប៉ុង​​សា​បៀរ​ចំនួន​២០​ថង់​, គំរប​ដប​ចំរុះចំនួន៤​ថង់​, កាត​ទូរស័ព្ទ​​១​ដុល្លារ​​ចំនួន១៦០​សន្លឹក​, មួក​សុវត្ថិភាព​១ និង​ម៉ូតូ​១​គ្រឿងជា​របស់​ជនសង្ស័យ​ដែល​ជិះ​​ធ្វើ​សកម្មភាព​លួច​លុយ​គេ​។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ