ខេត្តកំពង់ចាម ៖ អំពើឃោរឃៅយ៉ាងព្រៃផ្សៃបំផុតមួយ ដែលឃាតករមានចិត្តសាហាវបំផុត បានចាប់ជីដូននិងចៅស្រី យកទៅសម្លាប់នៅក្រោយផ្ទះចម្ងាយប្រមាណ៣៥០ម៉ែត្រក្នុងចម្ការ រួចកាត់ក្បាលយក
ទៅបាត់រកមិនឃើញ និងមិនដឹងថា ជនកំណាចនោះយកក្បាលសពជីដូននិងចៅទៅបោះចោលនៅទីណានោះទេ ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនិងសែនរន្ធត់ចិត្តនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី៣ មេសា ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ហើយត្រូវបានសមត្ថកិច្ចចម្រុះ
ចុះស្រាវជ្រាវដើម្បីតាមប្រមាញ់រកឃាតករឈាមខ្មៅផងដែរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ស្ត្រីចំណាស់ជាជីដូន១-ឈ្មោះ វង្ស អូន អាយុ៥៦ឆ្នាំ ឯចៅស្រីឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនិងសាច់ញាតិរងគ្រោះ រកឃើញនៅក្នុងព្រៃចម្ការស្វាយចន្ទីក្រោយផ្ទះ ដោយសាកសពនៅឆ្ងាយពីគ្នា ។ ចំណែកក្បាលជីដូននិងចៅរហូតមកដល់វេលាម៉ោង៤រសៀល ទៅហើយ មិនទាន់រកឃើញនៅឡើយ ។
តាមប្រភពបន្តថា ស្រី្តឈ្មោះ ដើង ថន ជាកូន នៅព្រឹកថ្ងៃទី៣ មេសា បានមកដល់ផ្ទះវិញឃើញបិទទ្វារចាក់សោ ក៏បានដើរសួរញាតិជិតខាង មិនមានអ្នកណាបានដឹងទេ ។ ដោយមានការសង្ស័យស្ត្រីជាកូន បានមកប៉ុស្តិ៍រដ្ឋបាលថ្មពូន ដើម្បីប្តឹងសមត្ថកិច្ចឲ្យជួយតាមរកម្តាយនិងក្មួយស្រីតូច អាយុ៦ឆ្នាំនេះឱ្យផង ព្រោះមិនធ្លាប់បាត់ពីផ្ទះទេ ។
បន្ទាប់មកលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកដោយបានឲ្យកម្លាំងសមត្ថកិច្ចតាមស្វែងរកនៅជុំវិញផ្ទះ ។ ពេលដើរតាមរកស្រែកហៅផងនៅតែមិនមានចម្លើយតប ក៏ដើរបន្តទៀតទៅក្រោយផ្ទះចម្ងាយប្រមាណ៣៥០ម៉ែត្រ ក៏បានប្រទះឃើញសពស្ត្រីចំណាស់ជាជីដូននិងបន្ទាប់មកសពចៅស្រី ត្រូវបានឃាតករកាត់ក្បាលយកទៅបាត់ទាំងពីរនាក់ ។
បន្ទាប់មកសមត្ថកិច្ចបានហ៊ុមព័ទ្ធកន្លែងកើតហេតុ និងបានរង់ចាំនគរបាលបច្ចេកទេសចុះមកពិនិត្យសពដែលតាមការសន្និដ្ឋាន គឺឃាតករចាប់អូសយកទៅក្រោយផ្ទះ និងសម្លាប់តាំងពីយប់ថ្ងៃទី២ មេសា ២០១៩ រហូតមកដល់ថ្ងៃទី៣ មេសា ទើបប្រទះឃើញសាកសព ។
លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរបញ្ជាក់ថា ករណីសម្លាប់កាត់ក្បាលដ៏សាហាវខាងលើ ជាអំពើឃាតកម្មអាចជាការសម្លាប់បំបិទមាត់ ព្រោះជាមនុស្សស្គាល់គ្នា តែគេមិនដឹងថាការសម្លាប់នេះដោយមូលហេតុអ្វីឡើយ ។ រហូតមកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី៣ មេសាទៅ ហើយក្បាលរបស់ស្ត្រីចំណាស់ជាជីដូននិងចៅស្រី មិនទាន់រកឃើញនៅឡើយទេ ។
កម្លាំងមានសមត្ថកិច្ចជាច្រើននាក់ក៏កំពុងបន្តរុករកក្បាលសាកសពក្នុងព្រៃជុំវិញកន្លែងកើតហេតុ និងស្រាវជ្រាវរកវត្ថុតាងផងដែរ ក្រែងទទួលបានពន្លឺខ្លះៗនៅកន្លែងកើតហេតុហើយក្រុមឃាតករក៏មិនទាន់ដឹងចេញពីប្រភពណាមកដែរ ។
លោក គួច ចំរើន អភិបាលខេត្តនិងក្រុមការងារមូលដ្ឋានបានអញ្ជើញទៅចូលក្នុងពិធីបុណ្យ និងបានផ្តល់ប្រាក់ឧបត្ថម្ភជិត៤លានរៀល សម្រាប់ពិធីបុណ្យសពនិងសូមឱ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ឃាតករមកផ្តន្ទាទោសឱ្យខាងតែបាន ។ពេលណាមានព័ត៌មានប្លែកយើងនឹងផ្សាយជូនជាបន្តទៀតនៅលេខក្រោយ ៕
ចែករំលែកព័តមាននេះ