អស់ពីសប្បាយក្លាយជាទុក្ខ…ក្នុងវិទ្យាល័យវត្តកោះ ផ្អើលទាំងយប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅវិទ្យាល័យវត្តកោះមានរៀបចំប្រារព្ធពិធីសង្ក្រានឆ្នាំថ្មី ដោយមានសិស្សានុសិស្សជាច្រើននាក់ បានចូលរួមញ៉ាំអាហារជុំគ្នា និងរាំលេងយ៉ាងសប្បាយរីករាយ។ ប៉ុន្តែ មានរឿងអកុសលកើតឡើងក្រោយពេលដែលចប់កម្ម ដោយសិស្សចំនួន៥នាក់បានដួលសន្លប់បន្តបន្ទាប់គ្នា ។ ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តសង្គ្រោះមកជួយ កាលពីវេលាម៉ោង០៩ និង៣០យប់ថ្ងៃទី៣ មេសា ស្ថិតតាមបណ្តោយផ្លូវ១៧៤ នៅចំណុចវិទ្យាល័យវត្តកោះ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

បើតាមសិស្សដែលចូលរួមក្នុងកម្មវិធីសង្ក្រានបានឱ្យដឹងថា កម្មវិធីសង្ក្រានឆ្នាំថ្មីនេះ ធ្វើឡើងដោយមានការរៀបចំពីសិស្ស និងលោកគ្រូ-អ្នកគ្រូសហការគ្នា ដោយសិស្សទាំងអស់រួមគ្នាធ្វើឡើង ដោយមានលក់សំបុត្រក្នុងតំលៃម្នាក់៥ពាន់រៀល ដើម្បីយកប្រាក់ទៅជួយកុមារកំព្រា និងទុកទិញសម្ភារផ្សេងៗ ក៏ដូចជាម្ហូបអាហារ សម្រាប់កម្មវិធីនេះ ។

ប្រភពបន្តទៀតថា កម្មវិធីចាប់ផ្តើមតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់ទើបចប់ ស្រាប់តែមានយុវជនមកពីសាលាផ្សេងម្នាក់បានដួលសន្លប់បន្ទាប់ពីគេបានផឹកស៊ីជាមួយគ្នាហើយ ហើយក៏មានការឈ្លោះគ្នាបន្តិចបន្តួច តែអ្នកគ្រប់គ្រងនាំគ្នាហាមឃាត់បាន ។ បន្ទាប់មក ស្រាប់តែមានយុវជនវិទ្យាល័យវត្តកោះបានដួលសន្លប់បន្តបន្ទាប់គ្នា៤នាក់ទៀត ដែលសរុបទាំងអស់៥នាក់ (ក្នុងនោះស្រី៣ ប្រុស២នាក់) ។ ក្រោយសិស្សប្រុស-ស្រី ដួលសន្លប់បន្តបន្ទាប់នោះ ទើបផ្អើលឆោឡោដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ដោយមានហៅរថយន្តសាមុយដឹកយកទៅព្យាបាលផងដែរ ។

ជាមួយគ្នានោះ សិស្សសាលាវិទ្យាល័យវត្តកោះបានលើកឡើងថា កន្លងមក ក្នុងសាលានេះមានបុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារសាលាស្លាប់ ទើបមានវិញ្ញាណចូលក្នុងកូនសិស្ស បណ្តាលឱ្យដួលសន្លប់បែបនេះ ។ ចំណែកសិស្សសាលាខ្លះទៀតបានអះអាងថា ករណីដួលសន្លប់នេះ គឺមកពីពួកគេហត់នឿយក្នុងការរៀបចំចាត់ចែងកម្មវិធី និងរាំលេង ទើបអស់កម្លាំងដួលសន្លប់តែម្តង ។
ទោះបីជាយ៉ាងណា សមត្ថកិច្ច កំពុងស្រាវជ្រាវលើករណីនេះទៀត ។



ចែករំលែកព័តមាននេះ