អ្នកបើកបរគ្រឿងចក្រឈូសដីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈរូបគាត់បើកបរគ្រឿងចក្រឈូសដីទៅប៉ះបង្គោលភ្លើងដែក១ដើម បណ្ដាលឲ្យទ្រេតបន្ទាប់មកគាត់បានឈប់គ្រឿងចក្រ ហើយយកដៃរុញតម្រង់បង្គោលភ្លើងនោះឲ្យត្រង់ឡើងវិញស្រាប់តែត្រូវចរន្តអគ្គិសនីឆក់រហូតដល់ស្លាប់តែម្ដង ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិកម្រែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើឈ្មោះ សំ ចម្រើន អាយុ២៥ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ (អាប៊ុល) មានទីលំនៅក្នុងភូមិពោធិ៍រលំ សង្កាត់សាកសំពៅ ខណ្ឌដង្កោ ។ អ្នកភូមិបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកបរគ្រឿងចក្រឈូសដីមួយកន្លែង ត្រង់ចំណុចកើហេតុខាងលើ ហើយបានឈូសប៉ះបង្គោលភ្លើងដែក១ដើម បណ្ដាលឲ្យទ្រេតស្ទើរតែរលំ ខណៈនោះគាត់ក៏ឈប់គ្រឿងចក្រ ហើយបានយកដៃទៅរុញតម្រង់បង្គោលភ្លើងនោះឲ្យត្រង់ឡើងវិញ ។ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យដួលស្លាប់ភ្លាមៗមួយរំពេចតែម្ដង បន្ទាប់មកដោយសារតែមិនអស់ចិត្ត និងស្មានថា ជនរងគ្រោះមិនទាន់ស្លាប់ក្រុមគ្រួសារបាននាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្ដែពេលទៅដល់ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយទើបនាំយកសពត្រឡប់មកផ្ទះវិញ ។

នគរបាលបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនោះកម្លាំងនគរបាលប៉ុស្តិ៍សាក់សំពៅរួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងនគរបាលផ្នែកពិនិត្យសពនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការពិនិត្យកោសល្យវិច្ច័យរួចរាល់ទើបប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ