ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​៖ វិស័យ​ធនាគារ​មិនមែន​ជា ដៃគូ​ប្រកួតប្រជែង​របស់​ផ្សារ​មូលធន មូល​ប​ត្រ​ឡើយ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មុន គេ​តែងតែ​នាំ​គ្នា​គិត​ថា​ទីផ្សារ​មូលធន ឬ​ទីផ្សារ​មូល​ប​ត្រ​ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ធនាគារ ប៉ុន្តែ​ផ្ទុយ​មក​វិញ​គឺជា​ទីផ្សារ​ពីរ​នេះ គឺ​ជួយ​គាំំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។ ទីផ្សារ​មូល​ប​ត្រ​បង្កើន​នូវ​ទំនុកចិត្ត អនុញ្ញាត​ឱ្យ​ទីផ្សារ​ធន​គារ​កាន់តែ​មាន​ភាពរឹងមាំ​។ នេះ​បើ​យោង​តាម​អគ្គនាយក​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​ប្រកាសសេចក្តី​ថ្លែងការណ៍​រួម ស្តី​ពី​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ កាលពី​ថ្ងៃ​ទី​២៩​មីនា លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា បញ្ជាក់​ថា «​ទីផ្សារ​មូល​ប​ត្រ​បង្កើន​នូវ​ទំនុកចិត្ត​អនុញ្ញាត​ឱ្យ​ទីផ្សារ​ធន​គារ​កាន់តែ​មាន​ភាពរឹងមាំ​។ ទីផ្សារ​ធនាគារ​វិញ ប្រ​សិន​កម្ចី​ថយ ការ​ដាក់​ប្រាក់​បញ្ញើ​ថយ​វា​នឹង​ដោយ​ខ្លួនឯង ដូច្នេះ​ការ​បង្កើន​នូវ​កម្ចី​និង​ការ​ដាក់​ប្រាក់​បញ្ញើ​គឺជា​ចំណុច​ធ្វើ​ធនាគារ​កាន់តែ​រឹង​មាំ​។​ដូចនេះ​វា​ចំណុច​មួយ​វា​មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​វិស័យ​មូល​ប​ត្រ​»​។

អគ្គនាយក​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា លើក​ឡើង​ថា « អ្វី​ដែល​ជា​គោលបំណង​របស់​រាជរដ្ឋាភិបាល​បង្កើត​ឡើង​ទីផ្សារ​មូលធន ដើម្បី​ផ្តល់​ជម្រើស​បន្ថែម យើង​មិនមែន​បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​នោះ​ទេ​។ យើង​បង្កើត​នូវ​ជម្រើស​បន្ថែម​ដើម្បី​ឱ្យ​ក្រុមហ៊ុន​នានា​អាច​រក​ហិរញ្ញប្បទាន​ពី​ទីផ្សារ​មូល​ប​ត្រ​និង​ពី​យន្តការ​ដែល​មាន​ស្រាប់​»​។ លោក​បញ្ជាក់​ថា «​នៅ​លើ​សកលលោក​នេះ មិន​ដែល​មាន​ទីផ្សារ​តែ​ម្ខាង​នោះ​ទេ គឺ​មាន​ទីផ្សារ​ពីរ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ឃើញ​ទីផ្សារ​មូល​ប​ត្រ​រីក​ចម្រើន ទីផ្សារ​ធនាគារ​ដួល​រលំ​ដែរ​។​ខ្ញុំ​ធ្លាប់​ឃើញ​តែ​ទីផ្សារ​មូល​ប​ត្រ​កាន់តែ​រឹង​មាំ ធនាគារ​គឺ​កាន់តែ​ខ្លាំង​»​។ បើ​តាម​លោក​អគ្គនាយក ទីផ្សារ​ទាំង​ពីរ​វិស័យ​នេះ ជួយ​ពង្រឹង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក បង្កើន​ទំនុកចិត្ត​ឱ្យ​គ្នា ហើយ​ក្រុមហ៊ុន​ដែល​អាច​បោះផ្សាយ​ភាគហ៊ុន​បាន​គឺជា​ក្រុមហ៊ុន​ដែល​ធនាគារ​ទុកចិត្ត​។ ដូចនេះ​ហិរញ្ញប្បទាន​បាន​ទៅ​ទីផ្សារ​បាន​ទៅ​ធនាគារ​តាម​តម្រូវការ​ជាក់ស្តែង​ក្នុង​រយៈពេល​វែង​និង​ខ្លី​។
លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា នៅ​ពេល​ខាង​មុខ​នេះ​យើង​នឹង​មាន​ធនាគារ​ច្រើន​ទៀត​ដែល​ខ្លះ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​និង​ខ្លះ​ទៀត​មិន​ពាក់ព័ន្ធ​ដែល​និង​ឯកភាព​ផ្តល់​ជា​ការ​លើកទឹកចិត្ត​។​ដូចនេះ​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការ​សម្រេចចិត្ត​ទទួល​សេវាកម្ម​របស់​ធនាគារ​។

បើ​តាម​លោក​អគ្គនាយក សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ភាព​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​វិស័យ​ធនាគារ​និង​វិស័យ​មូល​ប​ត្រ ដែល​កន្លង​មក​តែងតែ​មានការ​យល់​ច្រ​លំ​ថា វិស័យ​ទាំង​ពីរ​នេះ​មានការ​ប្រកួតប្រជែង​គ្នា ។ លោក​បញ្ជាក់​ថា «​វិស័យ​ធនាគារ​ដែល​រីក​ចម្រើន​នឹង​នាំ​ឱ្យ​វិស័យ​មូល​ប​ត្រ​អាច​រីក​ចម្រើន​ពីព្រោះ​គ្រឹះស្ថាន​ធនាគារ មាន​ប្រាក់​ចំណេញ​ច្រើន នឹង​ទទួល​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ភាគហ៊ុន ។ បញ្ច្រាស​មក​វិញ​ពេល​ដែល​វិស័យ​មូល​ប​ត្រ​រីក​ចម្រើន​នោះ​ធនាគារ​អាច​ផ្តល់​កម្ចី​កាន់តែ​ច្រើន​ជាង​មុន គុណភាព​កម្ចី​កាន់តែ​ល្អ​ជាង​មុន ហើយ​ធនាគារ​កាន់តែ​មាន​ជម្រើស​បង្កើត​ចំណូល​បាន​ច្រើន​ជាង​មុន​»​។

លោក​បន្ត​ថា ការ​ផ្តល់​ជូន​នូវ​អត្រា​ការ​ប្រាក់​ពិសេស​នេះ​គឺជា​អត្ថប្រយោជន៍​មួយ ក្នុង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​ដូច​ជា​ការ​អនុគ្រោះ​បំណុល​ពន្ធ ការ​កាត់​បន្ថយ​ពន្ធលើប្រាក់ចំណេញ ៥០% រយៈពេល​៣​ឆ្នាំ ការ​ទទួល​បាន​ហិរញ្ញប្បទាន​រយៈពេល​វែង​មិនមែន​ជា​បំណុល ការ​ទទួល​បានការ​ទទួលស្គាល់​កាន់តែ​ច្រើន​ឡើង សមត្ថភាព​ប្រកួតប្រជែង​ល្អ​ជាង​មុន​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​បង្ហាញ​ថា មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​ចំនួន​៥ ដែល​មាន​មូល​ប​ត្រ​ទីផ្សារ​ប្រមាណ​ជាង​២,១៣​ទ្រី​លាន​រៀល ឬ​ស្មើ​ប្រមាណ​៥៣៤,៣៤​លាន​ដុល្លារ​អា​មេ​រិ​ក ប្រៀបធៀប​និង​ចុងឆ្នាំ​២០១​មូលធន​ទីផ្សារ​មាន​ប្រមាណ​១,២១​ទ្រី​លាន​រៀល ស្មើ​ប្រមាណ​៣០៤,៧៦​លាន​ដុល្លារ ៕