ខេត្តកណ្តាល ៖ កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដែលបើកបររថយន្តបុកក្មេងប្រុសម្នាក់បណ្តាលឱ្យស្លាប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «បើកបររថយន្តខាងលើដោយធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់អ្នកដទៃ» ដែលបាន ប្រព្រឹត្តនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង១និង៥នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ តាមមាត្រា៨៥ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ជនជាប់ចោទឈ្មោះរឿន អ៊ុនតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះឆាយ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមប្រភពពីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានអោយដឹងថា កាលពីវេលាម៉ោង១និង៥នាទីរសៀលថ្ងៃទី១ មេសា ឆ្នាំ២០១៩ មានក្មេងប្រុសម្នាក់ឈ្មោះឆាយ ពិសិដ្ឋ អាយុ១៤ឆ្នាំ បានជិះកង់មួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ពីស្អាងទៅភ្នំពេញ) លុះពេលមកដល់កន្លែងកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត ១C-១៦១៥ បើកបរដោយឈ្មោះ ហ៊ឹម រតនា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស បានបើកម៉ូតូមកពីក្រោយរួចទះគ្នាប្រលែងលេង ។
ប្រភពដដែលបានបន្តថា លុះពេលក្មេងប្រុសជិះកង់ និងក្មេងប្រុសជិះម៉ូតូកំពុងតែជិះបណ្តើរ ប្រលែងគ្នាលេងបណ្តើរស្រាប់តែទាក់ដៃចង្កូតគ្នា បណ្តាលឱ្យដួលកង់ខ្ទាតចូលខាងស្តាំ ចំណែកម៉ូតូរេចង្កូតទៅខាងឆ្វេង ស្របពេលនោះក៏មានរថយន្តបែនមួយគ្រឿង ពាក់ផ្លាកលេខ ចង្កូតស្តាំ PP 2451 បើកបរដោយ ឈ្មោះរឿន អ៊ុនតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបើកបរស្របទិសគ្នា ក៏បុកម៉ូតូនោះ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯក្មេងប្រុសដែលជាអ្នកជិះកង់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្តដែលរងការខូចស្រាល ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ចំណែកអ្នកបើករថយន្តត្រូវបានឃាត់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ