ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​ត្រូវ​ទប់ស្កាត់​​ទំនិញក្លែងក្លាយ​លក់ឱ្យ​ភ្ញៀវ​ទេសចរ…ព្រោះ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ប្រកាស​បញ្ជា​ផង និងជំរុញ​ណែនាំ​ផង ដល់​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត អគ្គាធិការដ្ឋាន​នៃ​ក្រសួងទេសចរណ៍ (​ផ្នែក អធិការកិច្ច​) ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន និងផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ​ដែល​លក់​ជូន​ភ្ញៀវ​ទេសចរ ពីព្រោះ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ខូច​នូវ​ភាព​ជឿជាក់​ពី​សំណាក់​ភ្ញៀវ​ទេសចរ ។

ការ​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​នេះ គឺ​ក្នុង​ឱកាស​បើកសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើកទិស​ដៅ​បន្ត​ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​២ ខែមេសា ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា «​ធ្លាប់​មានករណី​ភ្ញៀវ​ទេសចរ​ទិញ​ទំនិញ​ពី​កម្ពុជាក្រោយមកក៏​​ដឹង​​​ថា ​ជា​ទំនិញ​ក្លែងក្លាយ ហើយ​ពួក​គេ​បាន​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) ហើយ​ACU​បាន​ដាក់​លិខិត​មក​ក្រសួង​ទេសចរណ៍​»​។

នេះ​ជា​បញ្ហា​សំខាន់​មួយ ដែល​លោក​រដ្ឋមន្ត្រី តែងតែ​ដាស់តឿន​ជំរុញ​ជា​រឿយ​ៗ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​​លោក​បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺង ម៉ាត់​សា​ជា​ថ្មី​ឡើង​វិញ ដល់​អគ្គាធិ​ការ​ដ្ឋាន​នៃ​ក្រសួងទេសចរណ៍ ដែល​មាន​លោក ប្រាក់ ច័ន្ទ តារា ជា​អគ្គាធិការ ត្រូវ​រួម​គ្នា​ជាមួយ​មន្ទីរ​ទេស ចរណ៍​​គ្រប់​រាជធានី​-​ខេត្ត ចុះ​ធ្វើ​អធិការកិច្ច​លើ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នានា ដើម្បី​ទប់ស្កាត់ និង​លុប​បំបាត់​បញ្ហា​ដ៏​អាក្រក់​នេះ ។

លោក​រដ្ឋមន្ត្រី ក៏​បាន​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ផង​ដែរ សូម​ចូលរួម​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ពិសេស​លោក​បាន​ស្នើ​ដល់​ក្រសួងពាណិជ្ជកម្ម បើ​រក​ឃើញ​មូលដ្ឋាន​អាជីវកម្ម​ណា​លក់​របស់របរ​ក្លែងក្លាយ​ជូន​ភ្ញៀវ​ទេសចរ សូម​មេត្តា​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ភ្លាម​ៗ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា គ្រប់​ភាគីពាក់​ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើ​យ៉ាងណា​ធានាថា គ្រប់​គោល​ដៅ​ទេសចរណ៍​របស់​កម្ពុជា មានការ​ទទួល​បដិ​សណ្ឋា​រកិច្ច​ល្អ​ប្រសើរ​ជូន​ភ្ញៀវ​ទេសចរ គ្មាន​ការ​ក្លែងបន្លំ​ដូច​ករណី​ដែល​បាន​កើតឡើងស្រប​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​ថា «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយ ផ្ដល់​ភាពកក់ក្ដៅ​»៕ ​